ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​សងសឹក​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​រឿង​ការដាក់​កំហិត​ជំងឺ​កូវីដ១៩


រូបឯកសារ៖ អ្នកធ្វើដំណើរ​ពាក់ម៉ាស់​ពិនិត្យ​មើល​លិខិតឆ្លងដែន​របស់​ពួកគេ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ Beijing Capital International Airport ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ចិន​បាន​ចាប់ផ្ដើម​សងសឹក​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន ដែល​ប្រទេស​ទាំងពីរ​នេះ​បាន​ដាក់​កំហិត​រឿង​ជំងឺ​កូវីដ១៩ លើ​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ខ្លួន​បាន​ផ្អាក​ការ​ចេញ​ទិដ្ឋាការ​រយៈពេល​ខ្លី​ដល់​អ្នក​ដំណើរ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ចំណែក​ឯ​ទីភ្នាក់ងារ​សារព័ត៌មាន Kyodo របស់​ជប៉ុន​វិញ​បាន​រាយការណ៍​ថា រដ្ឋាភិបាល​ចិន​បាន​ដាក់​វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ​ប្រឆាំង​នឹង​ប្រទេស​ជប៉ុន។

ប្រទេស​ចិន​បាន​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ​កាលពី​ថ្ងៃ​អាទិត្យ ដោយ​ដក​ចេញ​នូវ​លក្ខខណ្ឌ​កំហិត​តឹងតែង​ចុងក្រោយ​ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​របស់​ខ្លួន ឬ zero-COVID ដែល​ខ្លួន​បាន​ចាប់ផ្ដើម​លុបចោល​ភ្លាមៗ​កាលពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ បន្ទាប់ពី​មាន​ការ​តវ៉ា​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស​ប្រឆាំង​នឹង​គោល​នយោបាយ​នេះ។

ដោយ​លែង​មានការ​ដាក់​កំហិត​លើ​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ រដ្ឋាភិបាល​ចិន​បាន​ឈប់​ចេញ​ផ្សាយ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ប្រចាំ​ថ្ងៃ។

សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង បារាំង និង​ប្រទេស​ផ្សេងៗ​ទៀត​បាន​ដាក់​លក្ខខណ្ឌ​តម្រូវ​ឱ្យ​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន​បង្ហាញ​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ១៩ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ចិន។

រដ្ឋាភិបាល​ខ្លះ​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​តម្លាភាព​របស់​រដ្ឋាភិបាល​ចិន​ទាក់ទិន​នឹង​ទំហំ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ចិន​នេះ ខណៈ​ដែល​អ្នក​ជំនាញ​អន្តរជាតិ​នានា​បាន​ព្យាករណ៍​ថា​យ៉ាង​ហោច​ណាស់​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​មួយ​លាន​នាក់​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ​អំពី​ការ​បំប្លែង​ថ្មី​នៃ​វិរុស​កូវីដ១៩ នេះ​ដែល​អាច​កើតឡើង​នៅ​ពេល​អនាគត៕

XS
SM
MD
LG