ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ WHO ជំរុញ​អ្នក​ធ្វើ​ដំណើរ​ឱ្យ​ពាក់​ម៉ាស់ ស្រប​ពេល​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី​កំពុង​ឆ្លង​រាលដាល


ប្រជាជន​ពាក់ម៉ាស់​ឈរ​តម្រង់ជួរ​រង់ចាំ​ឡើង​រថភ្លើង​នៅ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ក្រុង Suzhou ខេត្ត Jiangsu ប្រទេស​ចិន ថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣។

ប្រទេស​នានា​គួរតែ​ពិចារណា​ស្នើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ពាក់​ម៉ាស់​នៅ​លើ​យន្តហោះ​ដែល​ធ្វើ​ដំណើរ​រយៈពេល​យូរ ដោយសារតែ​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ចុងក្រោយ​ដែល​បំប្លែង​ចេញ​ពី​វីរុស​កូវីដ១៩ ប្រភេទ​អូមីក្រុង (Omicron) បាន​ឆ្លង​រាលដាល​យ៉ាង​លឿន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​អង្គារ។

នៅ​ក្នុង​ទ្វីប​អឺរ៉ុប វីរុស​កូវីដ១៩ ប្រភេទ XBB.1.5 ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំនួន​តិចតួច​ប៉ុន្តែ​ជា​ចំនួន​មួយ​ដែល​កំពុង​កើនឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​និង​មន្ត្រី​អឺរ៉ុប​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ។

វីរុស XBB.1.5 នេះ គឺ​ជា​វីរុស​ឆ្លង​លឿន​ជាង​គេ​បំផុត​បំប្លែង​ចេញ​ពី​វីរុស​អូមីក្រុង ដែល​គេ​បាន​រក​ឃើញ​ក្នុង​ពេល​កន្លង​មក ដែល​វីរុស​នេះ​មាន​ចំនួន ២៧,៦% នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ទាំង​អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​សប្ដាហ៍​ដែល​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៧ ខែ​មករា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ផ្នែក​សុខាភិបាល។

គេ​មិន​ច្បាស់​ទេ​ថា​តើ​វីរុស XBB.1.5 នេះ​នឹង​បណ្ដាល​ឱ្យ​មាន​រលក​នៃ​ការ​ឆ្លង​វីរុស​នេះ​នៅ​លើ​ពិភពលោក​ឬ​ក៏​យ៉ាង​ណា​នោះ។ អ្នក​ជំនាញ​នានា​បាន​បញ្ជាក់​ថា វ៉ាក់សាំង​នា​ពេល​បច្ចុប្បន្ន​នៅ​អាច​ការពារ​ប្រឆាំង​មិន​ឱ្យ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ ការ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ និង​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នេះ​បាន។

ឥឡូវ​នេះ វីរុស XBB.1.5 នេះ​គឺ​ជា​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ដែល​ឆ្លង​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ វា​គឺ​ជា​ផ្នែក​មួយ​នៃ​វីរុស​កូវីដ១៩ XBB។ វីរុស XBB នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​កាលពី​ខែ​តុលា​ឆ្នាំ​មុន និង​ជា​វីរុស​ដែល​កើត​ចេញ​ពី​វីរុស​ពីរ​ប្រភេទ​នៃ​វីរុស​កូវីដ១៩ ប្រភេទ​អូមីក្រុង។

គេ​ឃើញ​មាន​ក្ដី​បារម្ភ​កើនឡើង​អំពី​វីរុស XBB.1.5 នេះ ដែល​វីរុស​នេះ​បាន​បង្កើន​បន្ថែម​ដល់​សន្ទុះ​កើនឡើង​ថ្មី​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀត ស្រប​ពេល​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើនឡើង​នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​ប្រទេស​នេះ​បាន​លុបចោល​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ១៩ (Zero-COVID) របស់​ខ្លួន​កាលពី​ខែ​មុន​មក៕

XS
SM
MD
LG