ពួកមន្ត្រីសេតវិមាននិយាយថា កងកម្លាំងមួយរបស់រដ្ឋសហព័ន្ធមានមនុស្ស១ម៉ឺននាក់ដោយមានរួមបញ្ចូលទាំងទាហាន៧ពាន់នាក់ផងកំពុងជួយកោះ Puerto Rico ឱ្យងើបចេញពីការខ្ទេចខ្ទាំបណ្តាលមកពីខ្យល់ព្យុះ Hurricane Maria។
នាវាឈ្មោះ Comfort នៃកងទ័ពជើងទឹកស.រ.អា.ដែលជានាវាពេទ្យមាន១ពាន់គ្រែមានមូលដ្ឋាននៅក្នុងរដ្ឋ Virginia នឹងចេញដំណើរពីប្រទេសអាមេរិកដីគោកទៅកាន់កោះនេះនៅថ្ងៃសុក្រនេះ។ លោក Tom Bossert ទីប្រឹក្សាសន្តិសុខមាតុភូមិបាននិយាយថា នៅពេលនេះកោះ Puerto Rico មានមន្ទីរពេទ្យ៤៤មានដំណើរការក្នុងបណ្តាមន្ទីរពេទ្យទាំងអស់៦៩។
ក្រសួងការពារប្រទេសស.រ.អា.បានតែងតាំងលោកឧត្តមសេនីយឯក Jeffrey Buchanan ឱ្យដឹកនាំកិច្ចខិតខំប្រឹងប្រែងឆ្លើយតបខាងយោធាទាំងអស់នៅក្នុងកោះ Puerto Rico ដែលជាដែនដីមួយរបស់ស.រ.អា.។
ពួកអ្នករិះគន់បានចោទប្រកាន់រដ្ឋបាល លោកត្រាំ ថាមិនបានឆ្លើយតបឱ្យបានឆាប់រហ័សដល់មហន្តរាយនេះនៅក្រោយខ្យល់ព្យុះសង្ឃរានេះ ដែលបានបោកបក់លើកោះ Puerto Rico កាលពីថ្ងៃទី១៧ខែកញ្ញាដោយបានធ្វើឱ្យអាគាររលំ ផ្តាច់គមនាគមន៍និងស្ទើរតែបំផ្លាញប្រព័ន្ធអគ្គិសនីចាស់នៃកោះនេះផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Bossert បានការពាររយៈពេល៨ថ្ងៃរវាងការប្រកាសគ្រាមានអាសន្ននៅក្នុងកោះ Puerto Rico និងការតែងតាំងមេដឹកនាំម្នាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យស្ថានភាពនៅក្នុងកោះនោះងើបឡើងវិញ៕