សេត​វិមាន​ការពារ​បទ​បញ្ជា​ដែល​ដាក់​កំហិត​លើ​អន្តោប្រវេសន៍ ​ទោះ​ជាមាន​សេចក្តី​បង្គាប់​ពី​តុលាការ​និង​បាតុកម្ម​

ក្រុម​បាតុករ​កាន់​បដា​នៅ​ខាង​ក្រៅ​សេតវិមាន​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​អនុវត្ត​បទ​បញ្ជា​របស់​លោក​ ដូណាល់ ត្រាំ ដែល​រារាំង​ការ​មក​ដល់​នៃ​ជន​ភៀស​ខ្លួន​ដែល​ចូល​មក​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​២៩ ខែ​មករា។

សេតវិមាន​កំពុង​ការពារ​បទ​បញ្ជា​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​ដែល​ដាក់​កំហិត​ទៅ​លើ​ការ​ធ្វើ​អន្តោប្រវេសន៍​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​ពី​បណ្តា​ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​ទាំង​៧ ​បើ​ទោះ​បី​ជា​មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា​យ៉ាង​ច្រើន​និង​មាន​សេចក្តី​បង្គាប់​របស់​តុលាការ​សហព័ន្ធ​មួយ​ឲ្យ​បញ្ឈប់​ចំណាត់​ការ​នោះ​ក៏​ដោយ។

តុលាការ​សហព័ន្ធ​មួយ​បាន​ធ្វើ​អន្តរាគមន៍ ​បន្ទាប់​ពី​បទ​បញ្ជា​របស់​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ ដាក់​កំហិត​ទៅ​លើ​ការ​ធ្វើអន្តោប្រវេសន៍​មក​កាន់​សហ​រដ្ឋ​អាមេរិកពី​សំណាក់​ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​ភាគច្រើន​ចំនួន​៧ ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រលំ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ជនភៀស​ខ្លួន អ្នក​មាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍ និស្សិត និង​កម្មករ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​តាម​អាកាស​យាន​ដ្ឋាន​អាមេរិក ឬ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ជិះ​យន្តហោះមក​កាន់​សហរដ្ឋ​អាមេរិក។

កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ​លោកស្រី Ann Donnelly ចៅ​ក្រម​ក្នុង​បូរី​ញូយ៉ក បាន​ចេញ​សេចក្តី​បង្គាប់​ជា​បន្ទាន់​មួយ​ ដែល​ហាម​ឃាត់​ជា​បណ្តោះ​អាសន្ន​ទៅ​លើ​ការ​បញ្ជូន​មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​អាកាស​យានដ្ឋាន​ទៅប្រទេស​គេ​វិញ ដែល​ពួក​គេ​ទាំង​នោះ​មាន​ទិដ្ឋាការ​មាន​សុពលភាព​ក្នុង​ការ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក។ ​

សេចក្តី​បង្គាប់នោះ​ក៏​បាន​ហាម​ឃាត់​មិន​ឲ្យ​ឃុំ​ខ្លួន​នរណា​ម្នាក់​ដែល​មាន​ពាក្យ​សុំ​ជា​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បាន​គេ​អនុម័ត​នោះ​ដែរ។ លោក​ស្រី Donnelly បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​បង្គាប់​របស់​លោក​ស្រី​ថា៖ «បើ​គ្មាន​ការដក​បទបញ្ជា​ឲ្យ​បញ្ជូន​ខ្លួន​ទេ​នោះ ច្បាស់​ណាស់​នឹង​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​និង​មិន​អាច​កែប្រែ​បាន​ដល់​ជន​ភៀស​ខ្លួន ​អ្នក​មាន​ទិដ្ឋាការ​ចូល​មក​កាន់​សហ​រដ្ឋ​អាមេរិក និង​បុគ្គល​នានា​ដែល​មក​ពី​បណ្តា​ប្រទេស​ដែល​មាន​ចែងនៅ​ក្នុង​បទ​បញ្ជា​របស់​លោក​ប្រធានា​ធិបតី»។

កាល​ពី​ថ្ងៃ​អាទិត្យ ​លោក ​Boris Epshteyn អ្នក​នាំពាក្យ​របស់​លោក​ប្រធានាធិបតី ត្រាំ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី​ទូរទស្សន៍​ Fox and Friends ​ថា សេចក្តី​បង្គាប់​របស់​តុលាការ​មិន​អាច​ហាម​ឃាត់​ដល់​បទ​បញ្ជា​របស់​ប្រធានាធិបតី​បាន​នោះ​ទេ ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ។ ​

លោក​ Epshteyn បាន​និយាយ​ថា បទបញ្ជា​នោះ​គឺ​ដើម្បី​ធានា​ថា​ច្បាប់​នា​ពេល​បច្ចុប្បន្ននេះ​គឺ​ត្រូវ​បាន​គេ​អនុវត្ត​តាម៕