សេតវិមាន​យល់​ព្រម​ឱ្យ​ពួក​ទាហាន​នៅ​ឯព្រំ​ដែន​ប្រើ​កម្លាំង

រូបឯកសារ៖ ប្រធានាធិតបី​ ត្រាំ និង​​លោក Jim Mattis រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក (កណ្ដាល) កាល​ពី​ខែ​មករា ២០១៨។

រដ្ឋបាល​លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ​ បាន​អនុញ្ញាតឱ្យ​ពួក​ទាហាន​តាំង​ទី​នៅ​ឯព្រំដែន​រវាង​ស.រ.អា.​និងប្រទេស​ម៉ិចស៊ិក​ ​ធ្វើ​សកម្មភាព​ខ្លះ​ខាង​ការ​ពង្រឹង​ច្បាប់​ ហើយ​បើ​ចាំ​បាច់​ពួក​គេ​អាច​ប្រើ​កម្លាំង​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​បាន។​

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ Jim Mattis ​បាន​បញ្ជាក់​ប្រាប់​ពួក​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​បាន​ទទួល​បទ​បញ្ជា​គណៈ​រដ្ឋ​មន្ត្រី​ចុះ​ហត្ថលេខា​ដោយ​លោក ​John Kelly​ នាយ​ខុទ្ទកាល័យ​សេតវិមាន​ ហើយ​មិន​មែន​ដោយ​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ទេ ដែល​បាន​ធ្វើឱ្យ​សេចក្តី​ណែនាំ​ខាង​កិច្ច​ប្រតិ​បត្តិការ​មាន​ការ​រឹតត្បិត​តិច​ជាង​មុន។​

លោក​ Mattis ​បាន​មាន​ប្រសាសន៍​ថា៖ «លោក​ប្រធានាធិបតី​បាន​ឃើញ​សេចក្តី​ត្រូវ​ការ​ជួយ​បង្កើន​កម្លាំង​ក្រុម​អ្នក​យាម​ល្បាត​ព្រំដែន​ហើយ​កាល​ពី​យប់​មិញ​យើង​បាន​ទទួលបញ្ជា​បន្ថែម​ទៀត​អនុញ្ញាត​ឱ្យ​យើង​អនុវត្ត​វិធានការ​បន្ថែម​ទៀត។​ យើង​នឹង​បង្កើន​វិធានការ​ទាំង​នេះ។​ យើង​បាន​និយាយ​អំពី​វិធានការ​ទាំង​នេះ​ជាមួយ​ពួក​បុគ្គលិក​នៃ​ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​រួច​ហើយ»។

លោក​ Mattis ​បាន​និយាយ​បន្ថែម​ថា ​លោក​នឹង​មិន​ធ្វើ​សកម្ម​ភាព​អ្វី​ទេ​ប្រសិន​បើ​លោក​មិន​បាន​ឮ​ពី​ក្រសួង​សន្តិសុខ​មាតុភូមិ​ទេ​នោះ។

លោក​ Mattis ​បាន​មាន​ប្រសាសន៍​ថា៖ «លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុ​ភូមិ​បាន​សុំ​ឱ្យ​ខ្ញុំ​រៀប​ចំ​គម្រោង​ការ។​ នៅ​ពេល​នេះ​ខ្ញុំ​មាន​អំណាច​ធ្វើ​សកម្មភាព​បាន​ច្រើន​ជាង​មុន។​ នៅ​ពេល​នេះ​យើង​នឹង​ឃើញ​អំពី​អ្វី​ដែល​លោក​ស្រី​សុំ​ឱ្យ​ខ្ញុំ​ធ្វើ»។

កាសែត​ The New York Times ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ ឯកសារ​ផ្ទៃ​ក្នុង​មួយ​របស់​ក្រសួង​សន្តិសុខ​មាតុ​ភូមិបាន​ចែង​ថា​ ពួក​ឆ្មាំ​ព្រំដែន​ស.រ.អា.​ប្រឈម​នឹង​អំពើហិង្សា​«តិចតួច»​ក្នុង​ការ​ជួប​ប្រទះ​ពួក​ជន​ចំណាក​ស្រុក​មក​ពី​ផ្នែក​កណ្តាល​នៃ​ទ្វីប​អាមេរិក៕