សេតវិមាន​និយាយ​ថា​ទាហាន​ស.រ.អា.​២០០​នាក់​នឹង​ឋិត​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ក្រោយ​ការ​ដក​ថយ

រូបឯកសារ៖ ទាហាន​សហរដ្ឋ​អាមេរិក​នៅ​លើ​រថ​ពាស​ដែក​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ជំរំ​ជួរ​មុខ​ ក្នុង​ក្រុង Manbij ប្រទេស​ស៊ីរី។

សេតវិមាន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ទាហានស.រ.អា.​ប្រមាណ ២០០​នាក់​នឹង​ឋិត​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ក្រោយ​ស.រ.អា.​ដក​ថយ​ចេញ​ពី​ប្រទេស​នេះ។

អ្នកស្រី​ Sarah Sanders​ អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខ្លី​មួយ​ថា៖ «ក្រុម​ថែរក្សា​សន្តិភាព​តូច​មួយ​នឹង​ឋិត​នៅ​ក្នុង​ប្រទេស​ស៊ីរី​សម្រាប់​មួយ​រយៈ​ពេល»។ ​អ្នកស្រី​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ទៀត​ទេ។​

នៅ​ពេល​ត្រូវ​ទាក់​ទង​អំពី​ព្រឹត្តិការណ៍​នេះ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​បង្វែរ​សំណួរ​ទៅ​កាន់​សេតវិមាន​វិញ។​

នៅ​ពេល​បច្ចុប្បន្ន​នេះ​ មាន​ទាហាន​អាមេរិកាំង​ប្រមាណ​២,០០០​នាក់​ឋិត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​គាំទ្រ​កងកម្លាំង ​Kurde ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ចុង​ក្រោយ​បង្អស់។​

ដោយ​យល់​ឃើញ​អំពី​បរាជ័យ​ទាំង​ស្រុង​របស់​ពួក​រដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរីលោកប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ធ្វើ​សេចក្តី​ប្រកាស​មួយ​នាំ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ខែ​ធ្នូ​ដែល​ថា​ កង​កម្លាំង​ស.រ.អា.​ទាំង​អស់​នឹង​ដក​ចេញ​ពី​ប្រទេស​ស៊ីរី​ មិន​ហួស​ពី​ដំណាច់​ខែ​មេសា​ទេ។ ដោយ​ធ្វើ​ដូច្នេះ​លោក​បាន​ធ្វើ​ឱ្យ​ពួក​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ជា​ច្រើន​ក្នុង​ទ្វីប​អឺរ៉ុប​មាន​ការ​ស្រឡាំង​កាំង​ហើយ​បាន​ធ្វើ​ឱ្យ​ពួកសម្ព័ន្ធ​មិត្ត​ផ្ទាល់​របស់​លោក​ខ្លះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ មាន​ការ​ខឹង​សម្បា​ផង​ដែរ។​

លោក​ Lindsey Graham ​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ខាង​គណបក្ស​សាធារណ​រដ្ឋ​ហើយ​ដែល​ជាមិត្តភ័ក្តិ​ជិត​ស្និទ្ធ​ម្នាក់​របស់​លោក ត្រាំ នៅ​ក្នុង​សភា​ស.រ.អា.​បាន​ហៅ​ការ​ដក​ទាហាន​អាមេរិកាំង​ទាំង​នេះ​ថា​ជា «គំនិត​ល្ងីល្ងើ​បំផុត​ដែល​ខ្ញុំ​មិន​ដែល​ឮ»។

បើ​តាម​លោក​ Graham លោក​ Patrick Shanahan ​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា.​ស្តី​ទី​យល់​ស្រប​ថា​ ការ​ដក​ទាហាន​អាមេរិកាំង​ទាំង​ស្រុង​ចេញ​ពី​ប្រទេស​ស៊ីរី​អាច​នាំ​ឱ្យ​មាន​ការ​មាន​ឡើង​វិញ​នៃ​ក្រុម​រដ្ឋ​ឥស្លាម​, ការ​វាយ​លុក​របស់​តួកគី​លើ​កង​កម្លាំង​ Kurde ​និង​ផ្តល់​ឱ្យ​អ៊ីរ៉ង់​នូវ​ការ​មាន​ប្រៀប​នៅ​ខាង​ក្នុង​ប្រទេស​ស៊ីរី​ផង​ដែរ៕