ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​អាមេរិកាំង​ត្រូវ​បាន​សម្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែកនៅស៊ីរី​​ដោយ​រដ្ឋឥស្លាម


ទីតាំង​ដែល​ត្រូវ​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​ Manbij ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៩។

ចំនួនមនុស្ស​ស្លាប់​នៅក្នុង​ហេតុការណ៍​បំផ្ទុះគ្រាប់បែក​ទៅលើ​ទាហាន​សហរដ្ឋអាមេរិក និង​កងកម្លាំង​ចម្រុះ​នៅក្រុង Manbij​ ភាគខាងជើង​ប្រទេសស៊ីរី​បាន​កើនឡើ​ង និង​មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​អំពី​ថាតើ​នឹង​មាន​រឿង​អ្វី​កើតឡើង​នៅពេល​ដែល​សហរដ្ឋអាមេរិក​ដក​កងកម្លាំង​ចេញ​ពី​ប្រទេសស៊ីរី។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdoganបាន​និយាយ​ថា​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ដែល​ក្រុមភេរវកម្ម​រដ្ឋឥស្លាម​អះអាង​ទទួល​ខុសត្រូវ​នេះ​បាន​សម្លាប់​មនុស្ស២០នាក់​ រួមទាំង​ទាហាន​អាមេរិក​៥នាក់​ផងដែរ។

មន្រ្តីអាមេរិក​មិន​ស្គាល់​ឈ្មោះ​ម្នាក់​បាន​និយាយ​មុននេះ​ថា​ទាហាន​អាមេរិក៤នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ហេតុការណ៍​វាយប្រហារនេះ​ និង​៣នាក់​ទៀត​រងរបួស។

ក្រុមវេជ្ជបណ្ឌិត​ក្នុងក្រុង Manbijបាន​ប្រាប់VOA ថា​ទាហាន​អាមេរិកាំង​២នាក់​បាន​ស្លាប់​ភ្លាមៗ។ មន្រ្តី​មក​ពី​កម្លាំង​ប្រជាធិបតេយ្យស៊ីរី​បាន​និយាយ​ថា​ អ្នករបួស​ត្រូវ​បាន​បញ្ជូន​ជា​បន្ទាន់​ទៅ​មន្ទីសុខាភិបាល​នានា​នៅ​ប្រទេសអ៊ីរ៉ាក់​ដែល​ជា​ប្រទេសជិតខាង។

អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​ប្រចាំ​ប្រទេសស៊ីរី​មាន​មូលដ្ឋាន​នៅ​ចក្រភពអង់គ្លេស​បាននិយាយ​ថា​ហេតុការណ៍​បំផ្ទុះ​នេះ​បាន​សម្លាប់​ជនស៊ីវិល​យ៉ាងហោច​ណាស់៩នាក់។
ក្រុមភេរវកម្មរ​ដ្ឋឥស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងជើង​ប្រទេសស៊ីរី។

កងកម្លាំងចម្រុះ​ដឹកនាំ​ដោយ​ទាហានអាមេរិក​បាន​និយាយ​ថា​ ខ្លួន​នៅ​កំពុង​ប្រមូល​ព័ត៌មាន​មក​ពី​ប្រភពនានា​អំពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ។ អ្នកនាំពាក្យកងកម្លាំង​ចម្រុះ​បាន​បង្ហោះសារ​នៅលើ Twitter​ថា«ទាហាន​អាមេរិក​បាន​ត្រូវសម្លាប់​នៅ​អំឡុង​ហេតុការណ៍​ផ្ទុះ​នេះ​ ខណៈ​ពួកគេ​កំពុង​យាមល្បាត​នៅ​ប្រទេស​ស៊ីរី។ យើង​នៅ​ប្រមូលព័ត៌មាន​នៅឡើយ​ ហើយ​យើង​នឹង​ចែកចាយ​ព័ត៌មាន​លម្អិត​នៅ​ពេល​ក្រោយ»។

សេតវិមានក៏​បាន​ទទួល​ដំណឹង​អំពី​ការវាយ​ប្រហារ​នេះ​ដែរ។ លោកស្រី Sarah Sanders​អ្នក​នាំពាក្យ​សេតវិមាន​បាន​និយាយ​ថា«លោកប្រធានាធិបតី​បាន​ដឹង​អំពី​ហេតុការណ៍​ផ្ទុះ​នេះ​ ហើយ​យើង​នឹង​បន្ត​តាមដាន​ពិនិត្យ​មើល​ស្ថានភាព​បន្តបន្ទាប់​ទៀត​នៅក្នុង​ប្រទេសស៊ីរី»។

លោកប្រធានាធិបតី Donald Trump បាន​អំពាវនាវ​ឲ្យ​ដក​កងកម្លាំង​អាមេរិក​ចេញ​ពី​ប្រទេសស៊ីរី​កាល​ពី​ខែមុន​ដោយ​លោក​បាន​អះអាង​ថា​រដ្ឋឥស្លាមបានត្រូវ​ផ្តួលរំលំ​ហើយ។ ទីបញ្ជាការ​ប៉ង់តាហ្គូន​កាល​ពី​ថ្ងៃសុក្រ​បាន​បញ្ជាក់​ថា​ខ្លួន​បាន​ចាប់ផ្តើម​ដក​សម្ភារៈ​មួយចំនួន​ចេញ​ពី​ប្រទេសស៊ីរី ​ដែល​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ដក​កងទ័ព ប៉ុន្តែ​កងទ័ព​អាមេរិក​ប្រមាណ​២០០០នាក់​នឹងបន្ត​ស្នាក់នៅ​ក្នុង​ប្រទេសស៊ីរី​រហូត​ដល់​មាន​ការ​អនុញ្ញាត​ឲ្យ​ពួកគេ​ចាកចេញ៕

XS
SM
MD
LG