ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នឹងជួបជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅក្នុងទីក្រុងម៉ូស្គូនៅថ្ងៃពុធនេះ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីកងកម្លាំងតួកគីកំពុងត្រៀមខ្លួនបើកប្រតិបត្តិការយោធាធំមួយប្រឆាំងនឹងកងជីវពល YPG ស៊ីរីឃឺត។
លោក Erdogan បានសរសេរនៅក្នុងសារព័ត៌មានប្រចាំថ្ងៃ Kommersan tរបស់រុស្ស៊ីកាលពីសប្តាហ៍មុនថា«យើងនឹងមិនស្នើសុំការពិគ្រោះយោបល់អំពីវិធានការដោះស្រាយជាមួយនឹងក្រុមភេរវកម្មពីអ្នកដែលធ្លាប់ធ្វើសកម្មភាពប្រឆាំងនឹងពលរដ្ឋរបស់យើងដោយផ្ទាល់អស់រយៈពេលជាង៣០ឆ្នាំ ឬត្រូវស្នើសុំការអនុញ្ញាតដើម្បីបង្រ្កាបពួកភេរវកម្មនោះទេ»។ រដ្ឋាភិបាលក្រុងអង់ការ៉ាបានចាត់ទុកក្រុម YPGនិងដៃគូនយោបាយរបស់ក្រុមនេះគឺអង្គការភេរវកម្ម PYD ថា មានជាប់ពាក់ព័ន្ធទៅនឹងក្រុមបះបោរនៅក្នុងប្រទេសតួកគី។
ទាំងរដ្ឋាភិបាលក្រុងអង់ការ៉ា និងរដ្ឋាភិបាលក្រុងម៉ូស្គូបានគាំទ្រភាគីជម្លោះនៅក្នុងសង្គ្រាមស៊ីវិលរបស់ស៊ីរី ដែលជាលទ្ធផលបានធ្វើឲ្យយន្តហោះចម្បាំងរបស់តួកគីបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីកាលពីឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមកប្រធានាធិបតីប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបញ្ចប់ជម្លោះនេះ។
លោក Erdogan និងលោក Putinធ្លាប់បានជួបប្រជុំទល់មុខគ្នាចំនួន៧លើកកាលពីឆ្នាំ២០១៨ និងតាមទូរស័ព្ទចំនួន១៧ដងដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេរភាគី ជាពិសេសអំពីបញ្ហាស៊ីរី។ លោក Putin បានផ្តល់ភ្លើងបៃតងដល់ប្រតិបត្តិការរបស់ទាហានតួកគីចំនួនពីរកាលពីពេលមុនដើម្បីប្រឆាំងនឹងក្រុម YPGដែលជាលទ្ធផលបានធ្វើឲ្យតំបន់ដ៏ធំមួយរបស់ ស៊ីរីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងអង់ការ៉ា៕