ដោយសារតែក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែននៅតែបន្តវាយប្រហារលើផ្លូវដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម សម្ព័ន្ធភាពមួយដែលមានប្រទេសជាង ២០ ជាសមាជិក ដែលរួមមានទាំងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសផងដែរ កំពុងធ្វើការដើម្បីរក្សាសន្តិសុខនៅតាមផ្លូវទឹកដ៏សំខាន់នេះ។
កប៉ាល់ពាណិជ្ជកម្មប្រមាណ ១៥ គ្រឿងបានរងការខូចខាតដោយសារការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់ក្រុមហ៊ូធីតាំងពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុនមក។ សហរដ្ឋអាមេរិកបានបញ្ជាក់ថា បច្ចុប្បន្ននេះមាននាវារបស់សម្ព័ន្ធភាពនេះពី ៤ ទៅ ៨ គ្រឿងចល័តនៅសមុទ្រក្រហមដើម្បីការពារកប៉ាល់អន្តរជាតិនានា។
កាលពីចុងខែកុម្ភៈ យោធាសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានបើកប្រតិបត្តិការរួមគ្នាលើកទី ៤ ប្រឆាំងនឹងក្រុមហ៊ូធី ដែលប្រតិបត្តិការនេះបានធ្វើឡើងតាំងពីពាក់កណ្ដាលខែមករាមក។ សហរដ្ឋអាមេរិកក៏បានធ្វើការវាយប្រហារស្ទើររាល់ថ្ងៃដើម្បីកម្ទេចមីស៊ីលនិងដ្រូនរបស់ក្រុមហ៊ូធីដែលបាញ់មក និងសព្វាវុធនានាដែលក្រុមនេះត្រៀមបាញ់ផងដែរ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺអវត្តមានរបស់ចិននៅក្នុងសម្ព័ន្ធភាពនេះ បើទោះបីជាពាណិជ្ជកម្មរវាងអឺរ៉ុបនិងអាស៊ីប្រមាណ ៤០% ត្រូវឆ្លងកាត់សមុទ្រក្រហមនិងព្រែកជីកស៊ុយអេ (Suez) ក៏ដោយ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ទោ Pat Ryder បានឆ្លើយតបទៅនឹងសំណួររបស់ VOA កាលពីថ្ងៃទី ២៩ ខែកុម្ភៈថា៖ «យើងនឹងស្វាគមន៍ចិនឱ្យដើរតួនាទីប្រកបដោយផ្លែផ្កា ប៉ុន្តែបើតាមអ្វីដែលខ្ញុំដឹង នៅដំណាក់កាលនេះពួកគេមិនបានស្នើឬមិនបានធ្វើប្រតិបត្តិការណាមួយដើម្បីជួយការពារក្រុមនាវិកឬការដឹកជញ្ជូនអន្តរជាតិតាមផ្លូវសមុទ្រទេ»។
ទស្សនៈបែបនេះស្របទៅនឹងការយល់ឃើញរបស់យោធាអាមេរិក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden និងគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក។
ក្នុងអំឡុងសវនាការមួយរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះអំពីបញ្ហាសន្តិសុខនៅសមុទ្រក្រហម សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Utah ខាងគណបក្សសាធារណរដ្ឋលោក Mitt Romney បានបង្ហាញអារម្មណ៍ខកចិត្តនៅពេលលោកសួរមន្ត្រីរដ្ឋបាលលោក Biden ថាហេតុអ្វីបានជាចិនមិនបានដាក់សម្ពាធលើក្រុមហ៊ូធីឬលើប្រទេសអ៊ីរ៉ង់។
លោក Romney ថ្លែងដូច្នេះថា៖ «យើងនៅទីនោះដោយមានដោតទង់ជាតិរបស់យើង ហើយកងកម្លាំងរបស់យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់។ ចិនគឺជាប្រទេសដែលខ្ញុំអាចសន្មតថារងផលប៉ះពាល់ខ្លាំងជាងគេបំផុតប្រសិនបើមានការបិទច្រកពាណិជ្ជកម្មនៅសមុទ្រក្រហម ប៉ុន្តែចិនបែរជាអង្គុយនៅស្ងៀមធ្វើហាក់បីដូចជាពួកគេគឺជាមិត្តភក្តិរបស់ភាគីទាំងអស់អ៊ីចឹង»។
សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Indiana ខាងគណបក្សសាធារណរដ្ឋលោក Todd Young បានថ្លែងនៅក្នុងសវនាការនោះថា៖ «បច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងវិបត្តិសន្តិសុខដ៏ពិតប្រាកដមួយ ដែលនោះគឺវិបត្តិសេដ្ឋកិច្ចនិងការទូតនៅក្នុងតំបន់ ហើយយើងមិនដែលឃើញចិនលេចមុខចេញមក [ដើម្បីរកដំណោះស្រាយចំពោះវិបត្តិនេះឡើយ]»។
លោក Yuan Ma អ្នកនាំពាក្យស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់ VOA តាមអ៊ីមែលកាលពីខែកុម្ភៈថា៖ «ជារួម ចិនត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើការជាមួយភាគីទាំងអស់នៅក្នុងការការពារសុវត្ថិភាពផ្លូវដឹកជញ្ជូនអន្តរជាតិតាមសមុទ្រ»។
ប៉ុន្តែ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហ៊ូធីបានកើនឡើងកាន់តែខ្លាំងកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុនមក បេសកជនពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រទេសយេម៉ែនលោក Tim Lenderking បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានមើលឃើញថា ចិននិងភាគីដទៃទៀត «កំពុងកេងចំណេញក្នុងកម្រិតមួយចំនួន» ពីវិបត្តិនេះ។
លោក Lenderking បានផ្ដល់សក្ខីកម្មក្នុងអំឡុងសវនាការនៅព្រឹទ្ធសភានោះថា៖ «ការធ្វើដូច្នេះគឺពិតជាមិនអាចទទួលយកបានទេ។ នៅពេលយើងនិយាយអំពីបញ្ហាអន្តរជាតិដែលត្រូវការដំណោះស្រាយអន្តរជាតិ យើងត្រូវការចិនឱ្យចូលរួមកាន់តែខ្លាំង»។
ជាជាងចូលរួមនៅក្នុងបេសកកម្មរបស់សម្ព័ន្ធភាពអន្តរជាតិនេះដើម្បីការពារកប៉ាល់អន្តរជាតិនានា ចិនបានចោទប្រកាន់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសថាបានវាយប្រហារដោយខុសច្បាប់លើទីតាំងយោធាដែលក្រុមឧទ្ទាមហ៊ូធីបានប្រើនៅក្នុងការបាញ់មីស៊ីលដាក់កប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម។
បេសកជនចិនប្រចាំអង្គការសហប្រជាជាតិបានអះអាងថា សកម្មភាពរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនេះគឺខុសច្បាប់ដោយសារតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានអនុញ្ញាតឱ្យធ្វើសកម្មភាពយោធាណាមួយលើប្រទេសយេម៉ែននោះទេ។
ចិនបញ្ជូនកងនាវាកងទ័ពជើងទឹកទៅឈូងសមុទ្រអាដេន
ទោះបីជាចិនថ្កោលទោសសម្ព័ន្ធភាពដែនសមុទ្រដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះក៏ដោយ ក៏ខ្លួនមានក្ដីបារម្ភកាន់តែខ្លាំងចំពោះវិបត្តិនេះ ដែលជំរុញឱ្យកងទ័ពជើងទឹករបស់ខ្លួនអមដំណើរកប៉ាល់ចិនមួយចំនួនកាត់តាមផ្លូវទឹកនោះ។ ឥឡូវនេះ គេឃើញមានសេចក្ដីរាយការណ៍ថាចិនបានបញ្ជូនកងនាវាកងទ័ពជើងទឹករបស់ខ្លួនទៅកាន់ឈូងសមុទ្រអាដេន (Gulf of Aden)។
ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានរាយការណ៍ថា កងនាវាទី ៤៦ របស់កងទ័ពជើងទឹកចិនបានចាកចេញពីទីក្រុង Zhanjiang នៃខេត្ត Guangdong ឆ្ពោះទៅកាន់ឈូងសមុទ្រអាដេនកាលពីខែកុម្ភៈ។
ទីភ្នាក់ងារសារព័ត៌មាននេះបានបន្ថែមថា កងនាវានេះមានវត្តមានចូលរួមពីនាវាពិឃាដ Jiaozuo ដែលបំពាក់ដោយមីស៊ីលបញ្ជា នាវាចម្បាំង Xuchang ដែលបំពាក់ដោយមីស៊ីលធម្មតា និងនាវា Honghu ដែលជានាវាផ្ដល់ការផ្គត់ផ្គង់ដល់នាវាដទៃ។
លោក Michael O’Hanlon អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកគោលនយោបាយការបរទេសនៃអង្គការ Brookings Institution បានព្រមានថា ទោះបីជាចិនព្យាយាមជួយរកដំណោះស្រាយសម្រាប់បញ្ហាអន្តរជាតិមួយចំនួនកាលពីមួយទសវត្សរ៍កន្លងមកនេះក៏ដោយ ក៏ការចូលរួមរបស់ចិននេះគឺមិនមែនសម្រាប់ «ហេតុផលដែលមានប្រយោជន៍ដល់អ្នកដទៃ» គ្រប់ពេលនោះទេ។
លោកបានប្រាប់ VOA ដូច្នេះថា៖ «មានការពន្យល់ដែលទំនងជាសមហេតុផលដែលថា ចិនអាចបញ្ជូននាវាទាំងនោះដើម្បីស៊ើបយកការណ៍អំពីសមត្ថភាពបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនៅក្នុងការស្ទាក់កម្ទេចមីស៊ីលនិងដ្រូន»។
លោកបានបន្ថែមថា ខណៈដែលលោករំពឹងតិចតួចថាចិននឹង «ព្យាយាមជួយតិចតួចក្នុងបុព្វហេតុ ទូទៅ» កងទ័ពជើងទឹកចិនទំនងជានឹងផ្ដោតសំខាន់ទៅលើការការពារកប៉ាល់របស់ខ្លួនពីការវាយប្រហារដោយក្រុមហ៊ូធី ហើយស្របពេលនោះដែរពួកគេនឹងឈ្លបយកការណ៍លើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិក។
នាវាកងទ័ពជើងទឹកចិនបានចាប់ផ្ដើមអមដំណើរនាវាដឹកទំនិញរបស់ពួកគេឆ្លងកាត់សមុទ្រក្រហមតាំងពីខែមករាមក។ នេះបើយោងតាមកាបញ្ជាក់របស់ក្រុមហ៊ុន Sea Legend Shipping ដែលមានមូលដ្ឋាននៅទីក្រុង Qingdao នៃខេត្ត Shandong ប្រទេសចិន។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ចាប់តាំងពីពេលនោះមក កងទ័ពជើងទឹកចិនបានអមដំណើរកប៉ាល់ដឹកទំនិញយ៉ាងតិច ៥ គ្រឿងនៅសមុទ្រក្រហមដើម្បីរក្សាសុវត្ថិភាពដល់កប៉ាល់ទាំងនោះ។
មន្ត្រីចិនមួយចំនួនបានស្នើសមភាគីអ៊ីរ៉ង់ឱ្យជួយបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ូធី បើមិនដូច្នេះទេ អ៊ីរ៉ង់នឹងប្រឈមនឹងការបាត់បង់ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើសម្ដីរបស់មន្ត្រីអ៊ីរ៉ង់។
លោក O'Hanlon បានបញ្ជាក់ថា ប្រទេសចិនពិតជាមានឥទ្ធិពលខ្លះនៅក្នុងតំបន់នោះ ដោយសារចិនគឺជាប្រទេសទិញប្រេងឆៅពីប្រទេសអ៊ីរ៉ង់ច្រើនជាងគេបំផុត ប៉ុន្តែចិនមិនមានឥទ្ធិពលគ្រប់គ្រាន់លើប្រទេសអ៊ីរ៉ង់ដើម្បីឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូធីនេះបានទេ៕
លោក John Xie នៃ VOA ផ្នែកភាសាចិនកុកងឺរួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
ប្រែសម្រួលដោយលោក នៀម ឆេង