កំណត់ត្រាសុខាភិបាលរបស់ប្រទេសប៉ាឡេស្ទីនបង្ហាញថា បាតុករល្បីល្បាញម្នាក់ដែលពិការនិងជិះរទេះត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងបាញ់ចំក្បាល អំឡុងពេលមានបាតុកម្មប្រឆាំងអ៊ីស្រាអែលនៅទីក្រុង Gaza កាលពីពីរសប្តាហ៍មុន។
ប៉ុន្តែរបាយការណ៍ផ្លូវការរបស់មន្ទីរពេទ្យនិងឡានពេទ្យ ដែលទីភ្នាក់ងារព័ត៌មាន Associated Press ទទួលបាន មិនមាននិយាយថា អ្នកណាជាអ្នកបាញ់សម្លាប់លោក Ibrahim Abu Thraya នោះទេ។
សាក្សីនិយាយថា លោកត្រូវបាញ់សម្លាប់ដោយទាហានបាញ់ស៊ីប sniper អ៊ីស្រាអែល។ ប៉ុន្តែរបាយការណ៍របស់កងទ័ពអ៊ីស្រាអែលនិយាយថា គ្រាប់កាំភ្លើងពិតត្រូវគេប្រើប្រឆាំងនឹងអ្នករៀបចំបាតុកម្ម តែលោក Abu Thraya មិនមែនជាគោលដៅបាញ់តម្រង់ទេ។ របាយការណ៍នេះនិយាយថា គេមិនអាចសន្និដ្ឋានបានថា អ្វីឬអ្នកណាសម្លាប់គាត់នោះទេ។
ជនជាតិប៉ាឡស្ទីនជាច្រើនចាត់ទុក Abu Thraya ជានិមិត្តរូបនៃការគាបសង្កត់របស់អ៊ីស្រាអែល។ លោកត្រូវពិការជិះរទេះ ក្រោយពីលោកពិការជើងកាលពីឆ្នាំ២០០៨។ គ្រួសាររបស់លោកនិយាយថា លោករងរបួសដោយសារការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល ពេលលោកកំពុងសង្គ្រោះអ្នកដទៃដែលរងរបួស៕