ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ចូល​រួម​បោះ​ឆោ្នត​នៅ​អ.ស.ប.​ថ្កោល​ទោស​ការ​សម្រេច​របស់​អាមេរិក​អំពី​​ទីក្រុង​​ហ្ស៊េរុយសាឡិម


Trump Niki Haley with AP credit

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​១២៨​ដែល​បាន​ចូល​រួម​បោះ​ឆ្នោត​យល់​ព្រមឱ្យ​មាន​សេចក្ដី​សម្រេច​មួយ​របស់​អង្គ​ការ​សហ​ប្រជាជាតិ ​(អ.ស.ប.) ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ប្រឆាំង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋ​បាល​លោក​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីស្រាអែល ​ទៅ​តាំង​ទី​នៅ​ក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម។​

ការ​សម្រេច​ចិត្ត​ដ៏​ចម្រូង​ចម្រាស​របស់​រដ្ឋបាល​លោក ​ត្រាំ ​បាន​បង្ក​ឲ្យមាន​ការ​ខឹង​សម្បារ​នៅ​ក្នុង​ចំណោម​ពិភព​អារ៉ាប់ ​និង​បណ្ដា​ជន​ម៉ូស្លីម​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក ​ដ្បិត​អី​ទី​ក្រុង​ហ្ស៊េរុយសាឡិម ​នៅ​តែ​ជា​តំបន់​ប្រទាញ​ប្រទង់​ទាម​ទារ​ការ​គ្រប់​គ្រង​រៀងៗ​ខ្លួន ​រវាង​អ៊ីស្រាអែល ​និង​ប៉ាលេស្ទីន​ និង​ជា​ចំណុច​ស្នូល​នៃ​ជម្លោះ​រ៉ាំរ៉ៃ​រវាង​ភាគី​ទាំង​ពីរ។​

គម្រោង​រំកិល​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ទីក្រុង​ហ្ស៊េរុយ​សាឡិម ​និងការ​ទទួល​ស្គាល់​ទី​ក្រុង​នេះ​ជា​រដ្ឋ​ធានី​ផ្លូវ​ការ​របស់​ប្រទេស​អ៊ីស្រាអែល​បាន​នាំ​ឱ្យ​មាន​ការ​កោះ​ប្រជុំ​ជា​បន្ទាន់​នៃ​អង្គ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ​ដោយ​សារ​ការ​បោះ​ឆ្នោត​វេតូ​ដោយ​សហ​រដ្ឋ​អាមេរិក។​

​នៅ​មុន​ការ​បោះ​ឆ្នោត​ក្នុង​អង្គ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ដែល​រៀប​ចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​អ្នក​ស្រី ​Nikki​ Haley ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ ​អ.ស.ប. ​បាន​ព្រមាន​ដល់​រដ្ឋ​ជា​សមាជិក​អ.ស.ប.​នានា​ថា​ សហរដ្ឋ​អាមេរិក​នឹង​កត់​ចំណាំ​ឈ្មោះ​គ្រប់​ប្រទេស ​និង​គ្រប់​សន្លឹក​ឆ្នោត ​ដែល​នឹង​គាំទ្រ​ឱ្យ​មាន​សេចក្ដី​សម្រេច​ប្រឆាំង​នឹង​ទីក្រុង​វ៉ាស៊ីងតោន​អំពី​ទីក្រុង​ហ្ស៊េរុយសាឡិម​នេះ។​

​អ្នកស្រី ​Nikki​ Haley ​បាន​និយាយ​ប្រាប់​អង្គ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ថា ​អាមេរិក​នឹង​ចង​ចាំ​ការ​បោះ​ឆ្នោត​កាល​ពី​យប់​មិញ ​ហើយ​ទុក​ជា​ករណី​មួយ​សម្រាប់​ពិចារណា នៅ​ពេល​ប្រា​ស្រ័យ​ទាក់​ទង​ជាមួយ​ប្រទេស​ដែល​បោះ​ឆ្នោត​ប្រឆាំង​ស.រ.អា.​អំពី​បញ្ហា​នេះ។​

​តែ​លទ្ធផល​បោះ​ឆ្នោត​ចេញ​មក​មាន​១២៨​ប្រទេស​បាន​បោះ​ឆ្នោត​ថ្កោល​ទោស​សហ​រដ្ឋ​អាមេរិក ​៩ប្រទេស​បាន​បោះ​ឆ្នោត​ប្រឆាំង​សេចក្ដី​សម្រេច​របស់​អ.ស.ប.​ និង​មាន​៣៥​ប្រទេស​បាន​បោះ​ឆ្នោត​អនុប្ប​វាទ។ ​ប្រទេស​កម្ពុជា ​ដែល​កំពុង​តែ​ជួប​ភាព​រកាំ​រកូស​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​នឹង​អាមេរិក​ ក៏​បាន​បោះ​ឆ្នោត​ថ្កោល​ទោស​សេចក្ដី​សម្រេច​របស់​អាមេរិក​រឿង​ហ្ស៊េរុយសាឡិមផង​ដែរ។​

​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​និង​មន្ត្រី​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ​កាល​ពី​ថ្ងៃ​សុក្រ​ ថា​តើ​ការ​បោះ​ឆ្នោត​របស់​កម្ពុជា​កាល​ពី​យប់​មិញ ​នឹង​ផ្ដល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​បន្ថែម​ទៀត​ដល់​ទំនាក់​ទំនង​ខ្មែរ​អាមេរិក​ ដែល​កំពុង​តែ​យ៉ាប់​យ៉ឺន​រួច​ជា​ស្រេច​ហើយ​នោះ។​

គួរ​កត់​សម្គាល់​ថា ​នៅ​ក្នុង​សប្ដាហ៍​នេះ​ផង​ដែរ ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​សហ​រដ្ឋ​អាមេរិក​ប្រចាំ​អ.ស.ប.​បាន​ទទួល​រៀប​ចំ​កិច្ច​ពិភាក្សា​មួយ​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​បក្ស​ជំទាស់​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​រំលាយ ​និង​តំណាង​សង្គម​ស៊ីវិល ​និង​មាន​ការ​អំពាវ​នាវ​ឱ្យមាន​ការ​ព្យួរ​អាសនៈ​របស់​កម្ពុជា​នៅ ​អ.ស.ប. ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​ផ្នែក​នយោបាយ​នៅ​កម្ពុជា ​ដោយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន៕

XS
SM
MD
LG