ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​កំពូល​ក្នុង​ប្រទេស​តួកគី​ថ្កោលទោស​ការ​សម្រេច​ចិត្ត​របស់លោក Trump លើ​ទីក្រុង​ហ្ស៊េរុយសាឡិម


លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan (រូប​ស្តាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ចាមួយ​នឹង​លោក ​İsmail Omar Guelleh ប្រធានាធិបតី​ជីប៊ូទី (Djibouti) នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan (រូប​ស្តាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ចាមួយ​នឹង​លោក ​İsmail Omar Guelleh ប្រធានាធិបតី​ជីប៊ូទី (Djibouti) នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

ប្រទេស​តួកគី​កាល​ពី​ថ្ងៃ១៤ ខែធ្នូ បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​បន្ទាន់​មួយ​ នៃ​អង្គការ​សហប្រតិបត្តិការ​ឥស្លាម​ហៅ​កាត់​ថា OIC ដែល​មាន​ប្រទេស​ចំនួន៥៧ ជា​សមាជិក​ ដើម្បី​ធ្វើ​ការ​រិះគន់​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋ​លោក Donald Trump ដែល​បាន​ប្រកាស​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម ថា​ជា​រដ្ឋធានី របស់​ប្រទេស​អ៊ីស្រាអែល។ កិច្ចប្រជុំ​កំពូល​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ប្រទេស​ប៉ាឡេស្ទីន​ផងដែរ។

មេដឹក​នាំ​ចំនួន២២នាក់ រួម​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ចំនួន​២៣រូប បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រយៈពេល​មួយ​ថ្ងៃ​នៅក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ។

ការ​ជួបជុំ​គ្នា​នេះ​ធ្វើឡើង​ដើម្បី​បន្ត​ការ​វាយប្រហារ​ទៅលើ​សេចក្តី​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ ដែល​បាន​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម ថា​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។

លោកប្រធានាធិបតី​តួកគី Recep Tayyip Erdogan ដែល​ជា​ប្រធាន​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ បាន​ថ្លែង​សុន្ទរកថា​នៅពេល​បើក​កិច្ចប្រជុំ​កំពូល​នេះ​ ដោយ​លោក​បាន​រិះគន់​ទាំង​សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល។

ដោយ​ថ្លែង​ចង្អុល​ទៅ​កាន់​ផែនទី​ លោក Erdoganបា ន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ថា​បាន​ព្យាយាម​ទន្ទ្រាន​យក​ដែនដី​ទាំងអស់​របស់​ជនជាតិ​ប៉ាឡេស្ទីន​ និង​បាន​ប្រើប្រាស់​កងកម្លាំង​សន្តិសុខ​របស់​ខ្លួន​ធ្វើ​ប្រតិបត្តិការ​ដូច​នឹង​រដ្ឋ​ភេរវកម្មដែរ។

លោក Erdogan ក៏​បាន​ទាមទារ​យ៉ាង​ខ្លាំងក្លា​ទៅ​សហគមន៍​អន្តរជាតិ​ផងដែរ។ លោក Erdogan បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​ស្នើ​ទៅ​កាន់​ប្រទេស​ទាំងអស់​ដែល​ជា​អ្នក​ការពារ​យុត្តិធម៌​ និង​ច្បាប់​អន្តរជាតិ​ ឲ្យ​ទទួល​ស្គាល់​ថា​ទីក្រុង​ហ្ស៊េរុយសាឡិម គឺ​ជា​រដ្ឋធានី​របស់​ប៉ាឡេស្ទីន។ យើង​មិន​អាច​បង្អង់​ពេល​តទៅ​ទៀត​ទេ។ ក្នុង​នាម​ជា​ប្រទេស​ឥស្លាម​ យើង​នឹង​មិន​បោះបង់​ចោល​ការ​ទាមទារ​របស់​យើង​ចំពោះ​អធិបតេយ្យភាព​ និង​ឯករាជ្យភាព​របស់​ទីក្រុង​ហ្ស៊េរុយសាឡិម ឲ្យ​ទៅ​ជា​រដ្ឋធានី​របស់​ប្រទេស​ប៉ាឡេស្ទីន»។

ក៏​ប៉ុន្តែ​កិច្ច​ប្រជុំ​កំពូល​នេះ​បាន​បង្ហាញ​ពី​កា​របែកបាក់​នៅក្នុង​តំបន់​ជា​យូរ​មក​ហើយ​ ដោយសារ​តែ​អវត្តមាន​របស់​ពួក​មេ​ដឹកនាំ​ប្រទេស​សំខាន់ៗ​នៅក្នុង​កិច្ចប្រជុំ​នេះ​ ដូចជា​អារ៉ាប៊ីសាអូឌីត​ និង​ប្រទេស​អេហ្ស៊ីប​ជាដើម។ លោក MESUT HAKKI CASIN មក​ពី​សាកលវិទ្យាល័យ ISTINYE បាន​ថ្លែង​ថា៖ «ទស្សនវិស័យ​របស់​សហរដ្ឋ​អាមេរិក​មាន​សារៈសំខាន់​ណាស់​ សម្រាប់​អារ៉ាប៊ីសាអូឌីត ​និង​ពលរដ្ឋ​អេហ្ស៊ីប។ ពួកគេ​មិន​ចង់​ប្រឈម​នឹង​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ទេ។ យើង​អាច​និយាយ​បាន​ថា​ ពួកគេ​នៅ​ស្ងៀម​នៅ​ពេល​ដែល​ពួកគេ​ប្រៀបធៀប​ពី​ការ​ប្រឈម​ជាមួយ​នឹង​តួកគី ហ្ស៊កដានី​ និង​ប្រទេស​អ៊ីរ៉ង់​នោះ»។

មេ​ដឹកនាំ​ប៉ាឡេស្ទីន​ លោក Mahmoud Abbas បាន​ថ្លែងសារ​ប្រឆាំង​នឹង​ការ​សម្រេច​នេះ និង​បាន​ដាក់​លោក Trump នៅ​ឲ្យ​ឆ្ងាយ​ពី​ប្រទេស​ដ៏ទៃ​ ដោយ​សារ​តែ​ជំហរ​របស់​លោក​ទៅ​លើ​ទីក្រុង​ហ្ស៊េរុយសាឡិម​នេះ។ លោក MAHMOUD ABBAS បាន​ថ្លែង​ថា៖ «ដោយ​សារ​តែ​ជំហរ​នេះ​ សហរដ្ឋ​អាមេរិក​បាន​បាត់បង់​លទ្ធភាព​របស់​ខ្លួន​ ក្នុង​តំណែង​ជា​អ្នក​សម្រប​សម្រួល​ និង​បាត់បង់​តួនាទី​នៅក្នុង​ដំណើរ​ការ​នយោបាយ។ យើង​នឹង​មិន​យល់ព្រម​ឲ្យ​ប្រទេស​នេះ​ដើរ​តួនាទី​នៅក្នុង​ដំណើរ​នយោបាយ​ត​ទៅ​ទៀត​ទេ។ ប្រទេស​នេះ​លម្អៀង​ទៅ​ខាង​អ៊ីស្រាអែល។ នេះ​ជា​ជំហរ​របស់​យើង​ ហើយ​យើង​សូម​ស្នើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​គាំទ្រ​យើង។

សេចក្តី​ថ្លែងការណ៍​បញ្ចប់​កិច្ចប្រជុំ​កំពូល​នេះ​ បាន​ប្រកាស​ពី​ការ​ប្តេជ្ញាចិត្ត​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម​ខាង​កើត​ជា​រដ្ឋធានី​របស់​ប្រទេស​ប៉ាឡេស្ទីន៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG