តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​អ្នកគាំទ្រ​លោក សម រង្ស៊ី បើ​លោក​មិន​ត្រឡប់​មក​វិញ​តាម​ការសន្យា?

រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​ដាក់​បង្ហាញ នៅ​មុន​ការជួប​ប្រមូលផ្តុំ​នៅ​ថ្ងៃទី១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧។

នៅ​ពេល​ដែល​ ងឹម គាថា ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ ​នៅ​អាកាសយាន​ដ្ឋាន​ប្រទេស​ម៉ាឡេស៊ី​ក្នុង​សប្តាហ៍​នេះ​ គ្រួសារ​របស់​នាង​កំពុង​ស្ថិត​ក្នុ​ងខេត្ត​ព្រះសីហនុ។ បើ​ទោះ​ជា អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ដោះលែង គាថា​ ហើយ​ក៏ដោយ ប្អូន​ស្រី​របស់​នាង​ម្នាក់​បាន​និយាយ​ថា​នាង​បារម្ភ​ និង​មិនចង់​ពិភាក្សា​អ្វី​អំពី​ គាថា នោះ​ទេ​ដោយសារ​តែ​ឪពុកម្តាយ​នាង​បាន​ផ្តែផ្តាំយ៉ាងដូច្នេះ។

យុវនារី​វ័យ​២៦​ឆ្នាំ​ និង​លោក ហេង ស៊ាងលាង អាយុ​៣៤​ឆ្នាំ គឺ​ជា​សកម្មជន​នៃ​បក្ស​ជំទាស់​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ថ្មីៗ ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ការ​គាំទ្រ​ការ​វិល​ត្រឡប់ចូល​ស្រុកវិញ​របស់​លោក​ សម​រង្សី។

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ដែល​បាន​កាន់អំណាច​ អស់​រយៈពេល​ ៣៤ឆ្នាំ​មក​ហើយ​នោះ​ បាន​និយាយថា​ លោកនឹង​ចាប់ខ្លួន អ្នក​គាំ​ទ្រគណបក្ស​ប្រឆាំង​ និង​អ្នក​គាំទ្រ​ការ​វិល​ត្រឡប់​មក​វិញរបស់​លោក​សម​ រង្ស៊ី​។

លោក​ ហ៊ុន សែន​ បាន​និយាយ​យ៉ាងដូច្នេះ​ថា៖

«ប៉ុន្តែ​អ្នកត្រូវដឹងមុខសញ្ញា​គឺ​មាន​អស់​ហើយ​។ បើ​មិន​ចេញ គឺ​អ្នក​ឯង​នឹង​មាន​គ្រោះ​នៅ​ថ្ងៃ​ក្រោយ​ ព្រោះ​រឿងនេះ​វាមិនចប់​នៅថ្ងៃ​ ៩ ​វិច្ឆិកាទេ​ នៅ​មាន​ត​ភាគ​ៗ​ ដរាប​ណា​អា​ឆ្កែ​ម៉ា​ក្បាល​នេះ​ វា​មិន​ព្រម​ប្រកាស​បញ្ចប់​ យើង​ក៏​នៅ​តែបន្ត​ ដូច្នេះ​អ្នក​គាំ​ទ្រ​ត្រូវ​តែ​រង​គ្រោះ»។

លោក​បាន​បន្ថែម​ថា៖ «ព្រុះ​ពី​ក្រៅ​របង​ រួច​ហើយ​អ្នក​នៅ​ក្នុងរបង​នេះ​ អា​អ្នក​នៅ​ក្នុង​របង​ អា​អ្នក​នៅ​ក្រៅ​របង​វា​អត់​អី​ទេ​ព្រោះ​វានៅ​ដេក​ស្រួល​នោះ តែ​អា​អ្នក​នៅ​ក្នុង​របង​បាន​វាងាប់»។

​រហូត​មក​ដល់ពេល​នេះ​ មាន​មនុស្សយ៉ាង​ហោច​ណាស់​៤៨​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ចាប់​តាំង​ពី​ការ​ប្រកាស​របស់​លោក​ដោយសារ​ពួកគេ​បង្ហាញ​ការ​គាំទ្រ​គណបក្ស​ប្រឆាំង។​

អ្នក​គាំទ្រ​និង​សកម្មជន​នៃគណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តែង​តែ​រង​ការ​វាយ​ប្រហារ​កាន់តែ​ខ្លាំងបន្ទាប់​ពី​លោក​សម រង្ស៊ី​បាន​ប្រកាស​អំពី​ការ​វិល​ត្រឡប់​របស់​លោក​ជា​សាធារណៈ​កាលពី​ខែ​សីហា​ កន្លង​ទៅ។

នៅ​ថ្ងៃ​ទី​០៦ វិច្ឆិកា នេះ មនុស្ស​យ៉ាង​តិច​ពីរនាក់​ទៀត​នៅ​ខេត្ត​តាកែវ​និង​កោះកុង​ត្រូវ​បាន​ចាប់​ខ្លួនពី​បទ​«រួម​គំនិត​ក្បត់»។

លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅក្នុង​បទសម្ភាសន៍​នៅ​មុខ​សភា​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុចសែល នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។

លោក​ សម រង្ស៊ី បាន​ហៅផែនការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​លើក​នេះថា «ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ»​ នៅ​កម្ពុជា​និង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន​ សែន។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​ មេដឹក​នាំ​បក្ស​ប្រឆាំង​កំពុង​និរទេស​ខ្លួន​រូប​នេះ​ បាន​សន្យា​ថា​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា។ កាលពី​ខែ​មិថុនា​ឆ្នាំ២០១៩ កន្លង​ទៅ លោក​ធ្លាប់​បាន​ប្រកាស​ម្តងរួច​មកហើយ​ថា​នឹង​វិល​ត្រឡប់​មក​កម្ពុជា​នៅ​ខែកញ្ញា។ ​

អ្នក​សិក្សា​ស្រាវជ្រាវ​និង​តាមដាន​អំពី​នយោបាយ នៅ​កម្ពុជា​យល់ថា​ ការ​បង្ហាញ​ភាព​ក្លាហាន​របស់​ លោក​ សម រង្ស៊ី ដែល​ប្រកាស​ថា​នឹង​ចូល​មក​ទឹកដី​កម្ពុជា​វិញ​ដោយ​បង្ហាញ​នូវ​ឆន្ទៈ​ ធ្វើឡើងនៅ​ក្នុងខណៈ​នេះ​ ដើម្បីនយោបាយ​កម្ពុជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​រូប​លោក។​

ពួកគេ​យល់ថា​ លោកពុំមានគម្រោង​ច្បាស់​លាស់​ក្នុងការ​រកផ្លូវ​ចូលមក​កម្ពុជាវិញ​ ដែល​ទង្វើនេះ​នាំ​ឲ្យ​មាន​ផល​លំបាក​និង​នាំឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ទឹកចិត្ត​ដល់​អ្នក​គាំទ្រ​មួយ​ចំនួន។​

​បើសិន​ជា​ លោក សម រង្ស៊ី មិន​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​០៩ វិច្ឆិកា​ នេះ​ទេ​ នោះវា​នឹងមាន​ការប៉ះទង្គិច​យ៉ាងធ្ងន់​ធ្ងរ​ដល់​ទឹកចិត្តរបស់​អ្នកគាំ​ទ្រ​គណបក្ស​សង្គ្រោះជាតិ។ នេះ​បើ​តាមាការ​លើកឡើងរបស់​ ​អ្នកស្រី​ Astrid Norén-Nilsson អ្នក​និពន្ធ​សៀវភៅ ដែល​សិក្សាអំពី​ នយោបាយ​របស់​អ្នកដឹក​នាំ​របស់​កម្ពុជា «Cambodia's Second Kingdom: Nation, Imagination, and Democracy»។​

ទោះ​ជា​យ៉ាងណា​ អ្នកស្រី​បញ្ជាក់​បន្ថែម​ថា​ ការ​ជឿទៅលើ​លោក​ សម រង្ស៊ីពី​សំណាក់​អ្នកគាំទ្រ​ មិន​រលាយ​សាបសូន្យអស់​រលីង​ទាំង​ស្រុង​នោះ​ដែរ ដោយ​សារ លោក​ សម រង្ស៊ី​ ពន្យល់​ហេតុផល​ របស់​លោកដែល​ថា ​មិនអាច​ចូល​មក​កម្ពុជា ព្រោះ​មានការ​រារាំង​ពី​អាជ្ញា​ធរ​ថៃ​ បាន​ធ្វើឲ្យ​អ្នកគាំទ្រ​របស់​លោក​ សម រង្ស៊ី​ មិនរំឮក​ឡើង​ពី​ការ​សន្យា​របស់​លោកពី​មុនៗ​នោះ​ទេ។​

អ្នកស្រី​បាន​សរសេរតាម​រយៈ​សារអេឡិច​ត្រូនិក​បន្ថែម​ថា៖

«រឿង​ដែល​និយាយ​អំពី​ការវិល​ត្រឡប់​ចូលស្រុក​វិញ​លើកនេះ​ គឺ​មិនមែន​ជា​រឿង​តូច​ទេ​ សម្រាប់​លោក​ សម រង្ស៊ី ដែល​រៀបចំ​បង្ហាញ​រូបភាព​ក្លាហាន​ផ្លូវកាយ ហើយនៅ​ឱកាស​ណា​ដែល​លោក​អាច​ធ្វើ​វា​បានគឺ​វា​នឹង​ផ្តល់​អំណាច​ដល់​លោក»។

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (VOA)

លោក អ៊ូ វីរៈ នាយក​នៃ​វេទិកា​អនាគត​និង​ជា​អ្នកវិភាគ​នយោបាយ​លេចធ្លោ​មួយ​រូប​យល់​ឃើញ​ថា​លោក សម រង្ស៊ី​ នឹង​មិន​វិល​ត្រឡប់​មក​កម្ពុជា​នោះទេ​ បើ​ទោះ​ជា​លោក​អាច​មក​បាន​ក៏​ដោយ។

លោក​ថា​ លោក សម រង្ស៊ី​ ប្រកាស​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញនៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង បង្កើន​កំដៅ​នយោបាយ​នៅ​កម្ពុជា ​ឲ្យរដ្ឋាភិបាល​កម្ពុជា​មាន​ប្រតិកម្ម​ ស្រប​ពេល​ដែល​ក្រុម​ការងារ​របស់​សហភាព​អឺរ៉ុប​ត្រៀមនឹង​បញ្ចេញ​របាយ​ការណ៍​ស៊ើបអង្កេត​អំពីការ​រំលោភសិទ្ធិ​មនុស្សនៅ​កម្ពុជា។​

លោក​និយាយ​ថា​៖

«ខ្ញុំ​គិត​ថា​គាត់​មើល​ឃើញ​តាំង​ពី​ដើម​មកថា​គេ​មិន​អនុញាត ប៉ុន្តែ​គាត់​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ ហើយ​ប្រតិកម្ម​ទាំង​ឡាយ​ជារឿង​មួយ រួម​ទាំង​ប្រតិកម្មរបស់​រដ្ឋាភិបាល ជារឿង​មួយ​ដែល​ធ្វើ​ឲ្យ​អន្តរជាតិ ជា​ពិសេស​លោក​ខាង​លិច​ហើយ​នឹង​សហគមន៍​អឺរ៉ុប យកចិត្តទុកដាក់»។

ទោះ​យ៉ាង​ណា​ អ្នក​វិភាគ​នយោបាយ​រូប​នេះ​បន្ថែម​ថា បើសិន​ជា​ លោក​សម រង្ស៊ី ពិត​ជា​មាន​គម្រោង​ត្រឡប់​មក​កម្ពុជា​មែន លោក​អាច​ធ្វើ​ការ​ហោះហើរ​តាម​រយៈ​ ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ មក​កាន់​ប្រទេស​កម្ពុជា​តែ​ម្តង។

លោក សម រង្ស៊ី និង​គណបក្ស​របស់​លោក​បាន​ដឹង​រួច​ជាស្រេច​មក​ហើយ​អំពី​បញ្ហា​ប្រឈម​ដែល​ពួកគេ​នឹង​ជួប​ប្រទះ​ ក្នុង​ការ​ចរចា​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ដើម្បី​អាច​មកដល់​កម្ពុជា​បាន។

ទោះ​យ៉ាង​ណា មេដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ និយាយ​ប្រាប់​វីអូអេ​ថា​ លោក​នឹង​នៅតែ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​ទោះ​បី ជា​មាន​បញ្ហា​អ្វី​ក៏ដោយ។

លោក​សម រង្ស៊ី​បាន​ឆ្លើយ​តប​ជាមួយ​នឹង​វីអូអេ​ខ្មែរ​តាម​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃ​ពុធ​ថា៖

«រឿង​អី​ដែល​ថា​ខ្ញុំ​មិន​អាច​ទៅដល់​ប្រទេស​កម្ពុជា ព្រោះ​ពេលវេលា​នៅ​វែង​ឆ្ងាយ​ណាស់។ បើយើង​រក​មធ្យោបាយ​មួយ​មិនទាន់បាន​សម្រេច​ យើង​រក​មធ្យោបាយ​ផ្សេងទៀត​ទៅ​ជា​បន្ត​បន្ទាប់។ អត់​មាន​លះ​បង់​ អត់មាន​រារែក​ទេ នៅ​តែ​បន្ត​ការ​តស៊ូ​របស់​យើង​ជានិច្ច»។

រូបឯកសារ៖ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​រំឭក​ពី​ប្រវត្តិ​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក ឡៅ ​ម៉ុងហៃ​ អ្នកវិភាគលើ​ស្ថាន​ភាព​នយោបាយ​កម្ពុជា​ យល់ថា បើ​ទោះ​ជា​លោក​ សម រង្ស៊ី​ ចូល​ក្នុង​ទឹក​ដី​កម្ពុជា​បាន​ឬ​មិន​បាន​ក៏ដោយ​ លោក សម រង្ស៊ី​ ហាក់​ដូចជា​បាន​បង្ហាញ​ឆន្ទៈ ​ជា​លើក​ដំបូង​ បង្ហាញ​ការ​គោរព​តាម​សន្យា​ ដូចនេះ​សកម្មភាព​នេះ គួរ​តែ​ត្រូវ​បាន​ឲ្យ​តម្លៃ។

លោក​មាន​ប្រសាសន៍​ថា​ ទោះ​អ្នកគាំទ្រ​ខ្លះ​បានទទួល​រង​ការធ្វើទុក្ខ​បុកម្នេញ​កន្លង​មក​ក៏​ពិត​មែន​ ប្រជាពលរដ្ឋ​ទាំង​នោះ​នឹង​យល់​ថា​ ទង្វើ​របស់​ពួកគេ​គឺ​ជា​ «ពលិកម្ម»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ បាន​ថ្លែងក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«អ្នក​ដែល​ចូលរួមត​ស៊ូ​នឹងដឹងថាវាឈ្នះ​ ឬមិនឈ្នះ​។ តាមធម្មតា​ទេ​ ដូចចំបាំង​អញ្ចឹង​ជួន​កាលវា​ ឈ្នះជួនកាលវាអត់​ឈ្នះ»៕