ក្រុមមន្រ្តីបរិស្ថាន អ.ស.ប. កោតសរសើរដល់កិច្ចព្រមព្រៀងនេះ ប៉ុន្តែពួកគេនិយាយថា ទ្វីបអាហ្រ្វិកនៅមានផ្លូវដ៏វែងឆ្ងាយដែលត្រូវដើរតទៅទៀតដើម្បីសម្រេចបាននូវស្តង់ដារការបំពុលខ្យល់សម័យទំនើប។
មានតែប្រទេសចំនួន៧ប៉ុណ្ណោះក្នុងចំណោមប្រទេសទាំង៥៤ក្នុងទ្វីបអាហ្វ្រិក ដែលបានឈប់នាំចូលប្រេងម៉ាស៊ូតកខ្វក់។ ប្រទេសទាំង៧នោះគឺនៅក្នុងទ្វីបអាហ្រ្វិកភាគខាងកើត លើកលែងតែប្រទេសម៉ារ៉ុក និងប្រទេសម៉ូរីស។ បណ្តាប្រទេសនៅអាហ្វ្រិកភាគខាងលិចដែលបានយល់ព្រមចូលរួមឈប់នាំចូលប្រេងម៉ាស៊ូតនេះមានប្រទេសនីហ្សេរីយ៉ា បេណាំង តូហ្គោ ហ្គាណា និងប្រទេសកូតឌីវ័រ។ ការសម្រេចចិត្តរបស់ពួកគេមិនមានប្រសិទ្ធភាពភ្លាមៗនោះទេ។ ប្រទេសហ្គាណានឹងបញ្ឈប់ការនាំចូលប្រេងនេះនៅខែមីនា ហើយប្រទេសដ៏ទៃទៀតនឹងអនុវត្តតាមនៅខែកក្កដាខាងមុខនេះ។ ប្រទេសបីនៅក្នុងទ្វីបអាហ្វ្រិកភាគខាងត្បូងអាចយល់ព្រមហាមប្រាមការនាំចូលប្រេងម៉ាស៊ូតកខ្វក់នៅឆ្នាំក្រោយ។
នាង Jane Akumu មន្ត្រីកម្មវិធីផ្នែកបរិស្ថាននៃ អ.ស.ប.ពិភាក្សាអំពីបញ្ហាដឹកជញ្ជូននៅក្នុងទ្វីបអាហ្វ្រិក។
«មកទល់នឹងពេលនេះ យើងបានធ្វើការលើកម្មវិធីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០២ ដោយផ្តោតលើការលុបបំបាត់សារធាតុសំណនៅក្នុងប្រេងសាំង។ មកដល់ឆ្នាំ២០០៥ ទ្វីបអាហ្រ្វិកក្នុងអនុតំបន់សាហារ៉ាទាំងមូល បានលុបបំបាត់សារធាតុសំណនៅក្នុងប្រេងសាំង។ ដូច្នេះចាប់ពីពេលនោះមក ប្រហែលជានៅឆ្នាំ២០០៦ ជាពេលដែលយើងចាប់ផ្តើមលុបបំបាត់សារធាតុស្ពាន់ធ័រ ជាពិសេសនៅក្នុងប្រេងម៉ាស៊ូត ដោយសារតែវាមានផលប្រយោជន៍សម្រាប់សុខភាព និងបរិស្ថាន»។
ជារៀងរាល់ឆ្នាំ ចំនួនមនុស្សស្លាប់រាប់លាននាក់ត្រូវបានគេបន្ទោសទៅលើការបំពុលខ្យល់អាកាស។
ការបំភាយឧស្ម័នប្រេងម៉ាស៊ូតកខ្វក់មានទំនាក់ទំនងទៅនឹងជំងឺហឺត ជំងឺរលាកទងសួត ជំងឺមហារីកសួត និងជំងឺដាច់សរសៃឈាមខួរក្បាល ព្រមទាំងបញ្ហាផ្សេងៗដែលទាក់ទងនឹងបេះដូង។ ក្រុមមន្ត្រីសុខាភិបាលជាច្រើនបាននិយាយថា កុមារងាយរងគ្រោះជាពិសេសជាងគេពីការបំភាយឧស្ម័ននេះ។
«ការបំភាយឧស្ម័នពីប្រេងម៉ាស៊ូត ជាពិសេសចេញពីរថយន្តធុនធ្ងន់ដូចជារថយន្តក្រុង រថយន្តដឹកទំនិញធំៗ គឺជាកត្តារួមចំណែកឲ្យមានកាបូនខ្មៅដែលជាសារធាតុបំពុលអាកាសធាតុសំខាន់បំផុតទីពីរ»។
កាបូនខ្មៅកើតមកពីចំហេះមិនពេញលេញនៃប្រេងឥន្ធនៈហ្វូស៊ីល។
នាង Akumu និយាយថា ខណៈពេលដែលអឺរ៉ុបប្រើប្រេងម៉ាស៊ូតបរិសុទ្ធជាងមុននាពេលបច្ចុប្បន្ននេះ ពាណិជ្ជករខ្លះនៅទ្វីបនោះអាចលក់ប្រេងម៉ាស៊ូតកខ្វក់ទៅកាន់ប្រទេសអាហ្វ្រិកដោយ «លាយ» វាជាមួយនឹងប្រេងឥន្ធនៈផ្សេងទៀតដែលមានសារធាតុស្ពាន់ធ័រទាប។ ពួកពាណិជ្ជករកំពុងទាញយកផលប្រយោជន៍ពីភាពធូររលុងនៃស្តង់ដារប្រេងឥន្ធនៈនៅក្នុងប្រទេសអាហ្រ្វិកជាច្រើន។ ភាគច្រើននៃប្រេងឥន្ធនៈកខ្វក់ដែលនាំចេញទៅកាន់ទ្វីបអាហ្រ្វិកមានប្រភពមកពីប្រទេសហូឡង់។
នាង Akumu និយាយថា ប្រេងម៉ាស៊ូតដែលមានសារធាតុស្ពាន់ធ័រទាបមិនគួរមានតម្លៃថ្លៃសម្រាប់អ្នកប្រើប្រាស់នោះទេ។
«ខ្ញុំគិតថា ជំហានបន្ទាប់គឺត្រូវមើលទៅលើប្រភេទរថយន្តដែលនាំចូលមកក្នុងប្រទេសទាំងនេះ។ ដូច្នេះ យើងបានធ្វើជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗដើម្បីណែនាំអំពីប្រេងឥន្ធនៈស្អាត។ ប៉ុន្ដែគោលបំណងចុងក្រោយនោះតាមពិត គឺយើងចង់ឲ្យមានប្រេងឥន្ធនៈស្អាត និងរថយន្តប្រើប្រេងឥន្ធនៈស្អាតដើម្បីឲ្យការបំភាយឧស្ម័នពីរថយន្តមានស្តង់ដារ ដែលបញ្ហានេះកំពុងខ្វះខាតនៅក្នុងទ្វីបអាហ្រ្វិក»។
ទ្វីបអាហ្រ្វិកនាំចូលរថយន្តជជុះចាស់ៗជាច្រើន។ នាង Amuku បានផ្តល់ឧទាហរណ៍ថា នៅក្នុងប្រទេសហ្គាណា រថយន្តជាមធ្យមមានអាយុ១៤ឆ្នាំ។ កម្មវិធីបរិស្ថាននៃ អ.ស.ប. និយាយថា៖ «ការរួមបញ្ចូលគ្នារវាងប្រេងឥន្ធនៈដែលមានកំរិតស្ពាន់ធ័រទាបជាមួយនឹងរថយន្តដែលមានស្តង់ដារខ្ពស់អាចកាត់បន្ថយការបំភាយឧស្ម័នមានគ្រោះថ្នាក់ដែលបញ្ចេញដោយរថយន្ត រហូតដល់ទៅ៩០ភាគរយ»៕
ប្រែសម្រួលដោយ ផន បុប្ផា