ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ម៉ាដាហ្គាស្កា​រងគ្រោះ​ដោយសារ​គ្រោះ​រាំងស្ងួត​ជាប់ៗ​គ្នា

  • Joe Capua

បុរស​ម្នាក់​ជិះ​ទូក​មើល​សត្វ​នៅ​តែ​ជាយក្រុង​នៃ​ក្រុង Antananarivo ប្រទេស​ម៉ាដាហ្គាស្កា។

ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា មនុស្ស​ចំនួន​៨៥០.០០០នាក់​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាដាហ្គាស្កា (Madagascar) កំពុង​តែ​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​ដោយសារ​តែ​គ្រោះ​រាំងស្ងួត ការ​វាយប្រហារ​របស់​សត្វ​កណ្តូប​ម្យ៉ាង (locust) និង​អស្ថិរភាព​នយោបាយ។ ​កិច្ចប្រឹងប្រែង​ជាច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​ឲ្យ​កសិករ​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​រដូវ​ដាំដុះ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ខែធ្នូ​នេះ។

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ និង​ អង្គការ​ស្បៀង​អាហារនិង​កសិកម្ម​បាន​ព្រមាន​ថា សន្តិសុខ​ស្បៀង​អាហារ​នឹង​មាន​សភាព​កាន់​តែ​អាក្រក់​ បើ​មិន​មាន​វិធានការ​ភ្លាមៗ​នោះ​ទេ។

លោក David Orr ជា​អ្នក​នាំពាក្យ​ថ្នាក់​តំបន់​របស់​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក។ លោក​បម្រើការ​ក្នុង​ក្រុង Johannesburg។

លោក​បាន​និយាយ​ថា៖ «វា​មាន​សភាព​អាក្រក់​ខ្លាំង​ណាស់។ មាន​មនុស្ស​ជាង​១លាន​នាក់​នៅ​ភាគ​ខាង​ត្បូង​ដែល​ជួប​បញ្ហា​សន្តិសុខ​ស្បៀង​អាហារ និង​មិន​ដឹង​ថា​ពួកគេ​អាច​រក​អាហារ​នៅ​ពេល​បន្ទាប់​នៅ​កន្លែង​ណា​បាន។ ហើយ​ក្នុង​ចំណោម​នោះ មនុស្ស​៨៥០.០០០​ស្ថិត​ក្នុង​សភាព​ខ្វះ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ។ នេះ​មាន​ន័យ​ថា ពួកគេ​មិន​ត្រូវ​បាន​ធានា​ថា​ទទួល​បាន​អាហារទៀងទាត់»។​

លោក​និយាយ​ថា ស្រ្តី​ពិត​ជា​ត្រូវ​ការស្វែងរក​អាហារ​សម្រាប់​ចិញ្ចឹមកូនៗ​របស់​ពួកគេ​ខ្លាំង​ណាស់។

លោក​បាន​បន្តថា៖​ «នៅ​ពេល​ដែល​យើង​នៅ​ទីនោះ យើង​ឃើញ​ម្តាយ​ជាច្រើន​បញ្ចុក​កូនៗ​ជាមួយ​នឹង​ផ្លែ​ដើម​ដំបងយក្ស​ពណ៌​ក្រហម​ម្យ៉ាង​ ដែល​ដុះ​នៅ​តាម​ផ្លូវ។ នេះ​បញ្ជាក់​ថា​ពួកគេ​លំបាក​កម្រិត​ណា​ហើយ។ ពួកគេ​មិន​មាន​អ្វី​ឲ្យ​កូន​ញ៉ាំ​ទាល់​តែ​សោះ»។

ប្រទេស​ម៉ាដាហ្គាស្កា​រងគ្រោះ​ដោយសារ​បាតុភូត​ធាតុ​អាកាស El Nino នា​ពេល​ថ្មីៗ​នេះ​ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​នៅ​ទ្វីប​អាហ្វ្រិក​ខាង​ត្បូង។

ប្រទេស​ម៉ាដាហ្គាហ្កា​តាម​ពិត​ទៅ​រងគ្រោះ​ដោយសារ​គ្រោះ​រាំងស្ងួត​អស់​រយៈពេល​៣ឆ្នាំ​ជាប់ៗ​គ្នា​មក​ហើយ ជាពិសេស​គឺ​នៅ​ខាង​ត្បូង​នៃ​កោះ​មួយ​នេះ ដែល​មិន​ត្រឹម​តែ​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្រោះ​រាំងស្ងួត​ទេ ប៉ុន្តែ​រងគ្រោះ​ដោយសារ​ការ​វាយប្រហារ​របស់​សត្វ​កណ្តូប​ក្នុង​ពេល​ថ្មីៗ​នេះ​ផង​ដែរ។ តំបន់​នេះ​នៅ​ដាច់​ស្រយាល​ខ្លាំង​ណាស់។​ ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ត្រូវ​បាន​ទុក​ឲ្យទ្រុឌទ្រោម​ចោល​អស់​ច្រើន​ឆ្នាំ​មកហើយ​។ ផ្លូវ​ធ្វើ​ដំណើរ​គឺ​មាន​សភាព​អាក្រក់​ខ្លាំង​នៅ​ភាគ​ខាង​ត្បូង។

ដោយ​មិន​មាន​ផ្លូវ​ងាយ​ស្រួល​សម្រាប់​ធ្វើដំណើរ​ កសិករ​មិន​អាច​ដឹក​ជញ្ជូន​កសិផល​របស់​ពួកគេ​ទៅ​លក់​នៅ​ទីផ្សារ​បាន​នោះ​ទេ។ អស្ថិរភាព​នយោបាយ​នា​ពេល​ថ្មីៗ​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​សន្តិសុខ​ស្បៀង​អាហារ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​លោក Orr បាន​ហៅ​ស្ថានភាព​បែប​នេះ​ថា សេដ្ឋកិច្ច​អសកម្ម។

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​កំពុង​តែ​ផ្តល់​ជំនួយ​ស្បៀង​អាហារ​នៅ​ក្នុង​ប្រទេស​ម៉ាដាហ្គាស្កា។ អង្គការ​នេះ​ក៏​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​ដើម្បី​ជួយ​កសិករ​ផង​ដែរ។

អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​កំពុង​ផ្តល់​ឧបករណ៍​នានា​ និង​គ្រាប់​ពូជ​ដំឡូងផ្អែម និង​ដំឡូង​មីដែល​អាច​ដុះ​លូត​លាត់​ក្នុង​ពេល​គ្រោះ​រាំង​ស្ងួត និង​ឆាប់​ធំធាត់​លឿន។

ទោះ​ជា​យ៉ាង​ណា ទីភ្នាក់ងារ​ អ.ស.ប. ​និយាយសារ​ជា​ថ្មី​ម្តង​ទៀតថា​ថវិកា​គឺ​ជា​បញ្ហា។​ អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​និយាយ​ថា ខ្លួន​ត្រូវ​ការ​ថវិកា​ចំនួន​ ២២លាន​ដុល្លារ ប៉ុន្តែ​ទទួល​បាន​តែ​៤លាន​កន្លះ​តែ​ប៉ុណ្ណោះ​សម្រាប់​គម្រោង​នេះ។ ចំណែក​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​និយាយ​ថា ខ្លួន​ទទួល​បាន​ថវិកា​ចំនួន​៣០លាន​ដុល្លារ​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្រ្គោះ​ជន​រងគ្រោះ​ដោយសារ​គ្រោះ​រាំង​ស្ងួត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាដាហ្គាស្កា​ដែលនឹង​មាន​ដំណើរការ​ដល់​ខែ​មីនា។ ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​និយាយ​ថា ខ្លួន​ត្រូវការ​ថវិកា​ចំនួន​៥០លាន​ដុល្លារ​បន្ថែម​ទៀត៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG