​ការព្រួយ​បារម្ភ​ពី​ការ​ខ្វះ​ទឹក​ក្នុង​ទីក្រុង​នៃ​តំបន់​ភ្នំ​ហេមពាន​គឺ​ជា​ការ​ក្រើន​រំលឹក​មួយ​ដល់​ប្រទេស​ឥណ្ឌា

  • Anjana Pasricha

ពលរដ្ឋ​ឥណ្ឌា​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​មក​យក​ទឹក​ពី​ឡាន​ទឹក​ទាហាន​ នៅ​ពេល​ពួក​គេ​ជួប​ប្រទះ​នឹង​បញ្ហា​ខ្វះ​ខាត​ទឹក​នៅ​ទីក្រុង​ស៊ីមឡា (Shimla) រដ្ឋ Himachal Pradesh ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ កាល​ពី​ថ្ងៃ​ទី២ មិថុនា ២០១៨។

កម្ដៅ​កើន​ឡើង​ក្នុង​តំបន់​វាល​ទំនាប​ធំៗ​នា​រដូវ​ក្តៅ ធ្វើ​ឲ្យ​រមណីយដ្ឋាននៅក្នុង​តំបន់​ស៊ីមឡា​បាន​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ដ៏​ស្រស់​ត្រកាល និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ។ ប៉ុន្តែ​ក្រោយ​ពី​ការ​ជួប​ប្រទះ​នូវ​បញ្ហា​ខ្វះ​ទឹក ​ការ​ផ្គត់​ផ្គង់​ទឹក​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​ក្រុង​នៃ​តំបន់​ជួរ​ភ្នំ​ហេមពាន​នេះ​រួច​មក ​ប្រជាជន​ដែល​មាន​ការព្រួយ​បារម្ភ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែល​មាន​ខ្លឹមសារ​ថា «ឈប់​មក​ទស្សនា​ស៊ីម​ឡា​ទៀត​ហើយ»។

សាលា​រៀន​ត្រូវ​បាន​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន ហើយ​អាជ្ញាធរ​បាន​ប្រឈម​ជា​មួយ​ក្រុម​អ្នក​តវ៉ា​ដែល​មាន​ការ​ខឹង​សម្បានៅ​ពេល​ដែល​ពួក​គេ​បាន​តម្រង់​ជួរ​ដើម្បី​ទទួល​យក​ការ​ផ្គត់​ផ្គង់​ទឹក​បន្តិច​បន្តួច​ពី​ឡាន​ដឹក​ទឹក។

លោក​ស្រី ​Nilu Parmar អ្នក​ស្រុក​ម្នាក់ក្នុង​ចំណោម​អ្នកស្រុក​ផ្សេងៗ​ទៀត​ដែល​បាន​ប្រឈមទៅ​នឹង​វិបត្ត​នេះ​ចាប់​តាំង​ពី​វា​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​ឧសភា បើ​ទោះ​បី​ជា​លោក​ស្រី​រស់​ក្នុង​តំបន់​ផ្សារ​ដែល​ជា​ធម្មតា​មាន​ការ​បម្រុង​ទឹក​ទុក​ក៏ដោយ។

លោកស្រី​បាន​លើក​ឡើង​ថា៖ «សូម្បី​តែ​ឡាន​ដឹក​ទឹក​ក៏​ពុំ​មាន​ទឹក​គ្រប់​គ្រាន់​ដែរ ដូចេ្នះ​ហើយ​ពួក​គេ​បាន​ចែក​ចាយ​ទឹក​តែ​បី​ប៉ោត​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ទៅ​ដល់​គ្រួសារ​នីមួយៗ»។

វិបត្តិ​ខ្វះទឹក​នៅ​ក្នុង​ទីក្រុង​នៃ​តំបន់​ភ្នំ​មួយ​នេះ ដែល​មាន​លំនៅដ្ឋាន​របស់​ប្រជាជន១៨​ម៉ឺន​នាក់ បាន​ធូរ​បន្តិច​ហើយ បើ​ទោះ​បី​ជាបរិមាណ​នៃ​ការ​ផ្គត់​ផ្គង់​ទឹក​នៅ​មាន​ការ​រឹតត្បិតក៏​ដោយ។ ប៉ុន្តែ​នេះ​គឺ​ជា​ការ​ក្រើន​រំលឹក​មួយ​ដល់​ប្រទេស​ឥណ្ឌា ដែល​ទីក្រុង​ធំៗ​របស់​ខ្លួន​ ដូច​ជារដ្ឋធានី​ញូវដេលី​ ទីក្រុង​Bengaluru ​និង​ទី​ក្រុង​ Mumbai ​ប្រឈម​ទៅ​នឹងការ​ខ្វះ​ទឹក​យ៉ាង​ខ្លាំង​ជា​ប្រចាំ គ្រា​ដែល​បរិមាណ​ទឹក​ក្រោម​ដី​មាន​ការ​ថយ​ចុះ ស្រប​ពេល​ដែល​បឹង​បួរ និង​ទន្លេ​រីង​ស្ងួត។

បើ​ទោះ​បី​ជា​តំបន់​ស៊ីមឡា​មាន​ទំហំ​តូច​ក្តី មាន​ការ​ប្រៀប​ធៀប​ទៅ​នឹង​រដ្ឋធានី​ Cape Town នៃ​ប្រទេស​អាហ្រិ្វក​ខាង​ត្បូង ដែល​ប្រឈម​ទៅ​នឹង​ការ​រំពឹង​ទុក​ដល់ «ថ្ងៃ​សូន្យ» ("Day Zero”) ​នៅ​ពេល​ដែល​លែង​មាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់​ទៀត។

ក្មេងៗ​យួរ​ទឹក​សម្រាប់​បរិភោគ​ក្រោយ​ពេល​ពួក​គេ​បាន​ត្រង​យក​ពី​ទុយោទឹក​របស់​សាលា​ក្រុង​ នៅ​ក្នុង​តំបន់​សំណាង​អនាធិបតេយ្យ​មួយ​នៅ​ទីក្រុង Kolkata។

លោក​ Jai Ram Thakur ​ដែល​ជា​ប្រមុខ​នៃ​រដ្ឋាភិបាល​ប្រចាំរដ្ឋ ​Himachal Pradesh ​បាន​លើក​ឡើង​ពី​បញ្ហា​ខ្វះ​ទឹក​នេះ​ថា បណ្តាល​មក​ពី​មាន​ព្រិល​ធ្លាក់​តិច​តួច និង​មាន​ភ្លៀង​ធ្លាក់​មិន​គ្រប់​គ្រាន់។ អ្នក​ផ្សេងៗ​ទៀត​បាន​លើក​ឡើងពី​ហេតុ​ផល​ផ្សេងៗជា​ច្រើន​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ខ្វះ​ទឹក​ដ៏រ៉ាំ​រ៉ៃ​នេះ​ ដែល​មាន​លក្ខណៈ​កាន់​តែអា​ក្រក់​ទៅៗ​ ដូច​ជា​ការ​ស្ថាបនា​សំ​ណ​ង់​ធំៗ​នៅលើ​តំបន់​ជំរាល​បៃតង ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ដែល​មាន​ចំនួន​កើន​ឡើង​ខ្លាំង ប្រព័ន្ធ​បំពង់​ទឹក​ចាស់ៗ​ដែល​មាន​ការ​លេច​ធ្លាយ ​និង​ការ​មិន​ត្រួត​ពិនិត្យ​មើល​ទៅ​លើ​ការ​ទាញ​យក​ទឹក​ពីក្រោម​ដី​មក​ប្រើ​ប្រាស់​ដែល​នាំឲ្យ​កម្រិត​ទឹក​ក្រោម​ដីមាន​ការ​ថយ​ចុះ​យ៉ាង​ឆាប់​រហ័ស។

អ្នក​ជំនាញ​ថែម​ទាំង​បាន​ព្រមាន​ថា បើ​ទោះ​បីជា​ស្ថាន​ភាព​នៃ​ទីក្រុង​ផ្សេងៗ​ទៀត​មិន​ទាន់​ឈាន​ដល់​កម្រិត​ដូច​ដែល​ទីក្រុង​ស៊ីមឡា​បាន​ជួប​ប្រទះ​ក៏​ដោយ ក៏​ទីក្រុង​ទាំង​នោះ​ប្រឈម​ទៅ​នឹង​បញ្ហា​ដូចៗ​គ្នា​ដែរ ​ដែល​ការ​នេះ​នាំ​ឲ្យ​មាន​ហានិភ័យ​ប្រហែលៗ​គ្នា។ ​រីឯ​ស្ថាន​ភាពនៅ​ជន​បទ​ក្នុង​តំបន់​ជា​ច្រើន ​ក៏​មិន​មាន​ភាព​ប្រសើរ​ដែរ ​ដូច​ជា​ស្រី្ត​ជា​ញឹក​ញាប់ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដង​ទឹក​នៅ​ចម្ងាយ​ផ្លូវជាច្រើន​គីឡូ​ម៉ែត្រ។​

លោក ​Arunabha Ghosh ​ដែល​ជា​ស្ថាប​និក​នៃក្រុម​ប្រឹក្សា​ថាមពល បរិ​ស្ថាន និង​ទឹក នៅ​ក្នុង​ទីក្រុង​ ញូដេលី បាន​មាន​ប្រសាសន៍​ថា៖ «ពួក​យើង​កំពុង​ស្ថិត​នៅលើ​ផ្លូវ​មួយ​ដែល​គួ​ឲ្យ​ព្រួយ​បារម្ភ»។

លោក​បាន​លើក​ឡើង​ដោយ​យោង​ទៅ​លើ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រជាជន និង​សេដ្ឋ​កិច្ច​យ៉ាង​ដូច្នេះ​ថា៖ «តាម​ទំលាប់ ​ការ​ផ្លាស់​ប្តូរ​ធ្វើ​ឡើង​ពីវិស័យ​មួយ​ទៅ​វិស័យ​មួយ​ដូចជា ​ពី​វិស័យ​កសិកម្ម ទៅ​ឧស្សាហកម្ម និង​ពី​ឧស្សាហកម្ម ទៅ​សេវាកម្ម ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​វិស័យ​ទាំង​បី​នេះ​មាន​ការ​លូត​លាស់​ក្នុង​ពេល​តំណាល​គ្នា»។

ខណៈ​ពេល​ដែល​តម្រូវ​ការ​មានការ​កើន​ឡើង​ខ្លាំងនៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន ១​ពាន់​៣​រយ​លាន​នាក់មួយ​នេះ​ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ការ​ខ្វះ​ទឹក​ក្នុង​ប្រទេស​ឥណ្ឌា​មិន​មែន​បណ្តាល​មក​ពីបរិមាណ​ទឹក​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​ក៏​បណ្តាល​មក​ពី​ភាព​ទន់​ខ្សោយ​នៃ​ការ​គ្រប់​គ្រង​ធនធាន​ទឹក និង​ការ​ផ្គត់​ផ្គង់​ផង​ដែរ។

ប្រជាជន​ឥណ្ឌា​ស្ទើរ​តែ​៧០% ​ពឹង​ផ្អែក​ទៅ​លើ​ប្រភព​ទឹក​នៅ​ក្រោម​ដី​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ប្រព័ន្ធ​ធារាសាស្រ្ត និង​បរិភាគ ប៉ុន្តែ​សាស្រ្តាចារ្យ ​Abhijit Kukherjee​ ដែល​ជា​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ធារាសាស្រ្ត​នៃ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា ក្នុង​ទីក្រុង ​Kharagpur ​ដែល​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​រួចមក បាន​ក្រើន​រំលឹក​ថា ការ​បូប​ទឹក​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​អស់​ពេល​ជាង ៤ទសវត្ស​មក​នោះ ធ្វើ​ឲ្យ​ទឹក​ថយ​មក​ដល់​កម្រិត​ទាប​ដ៏​មាន​គ្រោះ​ថ្នាក់។

លោក​សាស្រ្តា​ចារ្យ បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​ថា វា​គឺ​ជា​ការ​ទាញ​យក​ទឹក​ពី​ក្រោម​ដី​ដ៏ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិ​មនុស្ស​ជាតិ។ ប្រសិន​បើ​អ្នក​ក្រឡេក​ទៅ​មើល​បរិមាណ​ទឹក​ដែល​បាន​ទាញ​យក​ពីក្រោម​ដី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា វា​មាន​ចំនួន​ច្រើន គឺ​ច្រើន​ជាង​ចំនួន​ទឹក​ដែល​បាន​ទាញ​យក​ពី​ក្នុង​ដី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​ទៅ​ទៀត»។

រូបឯកសារ៖ បុរស​ម្នាក់​កំពុង​ដង​ទឹក​ពី​អាង​ស៊ីម៉ង់ត៍​នៅ​ក្នុង​ទីក្រុង​ Bangalore ប្រទេស​ឥណ្ឌា។

ការ​ជីក​អណ្តូង​នៅ​ក្រោយ​ផ្ទះ​ដើម្បី​យក​ទឹក​មក​ប្រើ​ប្រាស់​របស់​ប្រជាជន​នៅ​ទីក្រុង មាន​ការ​កើន​ឡើង​ដោយសារ​តែ​ការ​ផ្គត់​ផ្គង់ទឹក​របស់​សាលា​ក្រុង​មិន​អាច​ទុក​ចិត្ត​បាន។ កសិករ​បូម​ទឹក​ពី​ក្រោម​ដីមក​ស្រោច​ដំណាំ​របស់​ពួក​គេ​ បើ​ទោះ​បីជា​ពួក​គេ​នៅជិត​ស្ទឹង និង ទន្លេ​ក៏ដោយ។ នេះ​ដោយ​សារ​តែ​មាន​ការ​បង្ហូរ​កាក​សំណល់​ចេញ​ពី​រោងចក្រ​ឧស្សាហកម្ម​ពី​ទីក្រុង ​ចូល​ទៅ​ក្នុង​ស្ទឹង និង​ទន្លេ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​យកទឹក​នោះទៅ​ស្រោច​ដំណាំ​បាន។

ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​ភាព​ចំាំ​បាច់​ទៅ​លើ​ដំណើរ​ការ​ស្តុក​ទឹក​ឡើង​វិញ​ក្នុង​ស្រទាប់​ក្រោម​ដី អ្នក​ជំនាញ​បាន​លើក​ឡើង​ជា​បន្ត​បន្ទាប់​ថា ប្រទេស​ឥណ្ឌា​មាន​ប្រជាជន​រហូត​ដល់​១៨% ​នៃ​ប្រជាជន​ពិភព​លោក និង​មាន​ប្រភព​ធន​ធាន​ទឹក​ចំនួន ​៤% ប៉ុណ្ណោះ។ លោក ​Abhijit Mukherjee​ បាន​មាន​ប្រសាសន៍​ថា ​រដ្ឋ​មួយ​ចំនួន​ ដូចជា​រដ្ឋ Gujarat ​និង​រដ្ឋ Andhra Pradesh ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ទទួល​បាន​ជោគជ័យ​ បន្ទាប់​ពីសាង​សង់​ប្រព័ន្ធ​ស្តុក​ទឹក​រួច​មក។

លោក​បាន​ថ្លែង​បន្ថែមថា៖ «ពួក​គេ​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​កម្រិត​សហគន៍​តូចៗ​ ​ការ​សាង​សង់​ទំនប់​បង្ហូរ​ទឹក​តូចៗ ការ​ជីក​ស្រះ​ និង​ប្រឡាយ​ទឹក​ជាដើម»។

ក៏​ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ប្រទេស​ឥណ្ឌា​មាន​លទ្ធភាព​តិច​តួច​តែ​ប៉ុណ្ណោះ ក្នុងការ​ធានា​ឲ្យ​បាន​ថា តំបន់​ផ្សេងៗ​ទៀត​នៅ​ក្នុងប្រទេស​នេះ​នឹង​មិន​ប្រឈម​ទៅ​នឹង​ស្ថាន​ភាព​ដូច ដែល​ប្រជាជន​ក្នុងទីក្រុង​ស៊ីមឡា​កំពុង​ប្រឈម​នោះ​ឡើយ។

លោកស្រី Nilu Parmarបាន​លើក​ឡើង​ថា៖ «អ្នក​ធ្លាប់​បាន​ធ្វើ​រឿង​គ្រប់​យ៉ាង​ដូចជា សុំ ខ្ចី និង​លួច​ជាដើម។ ដូច្នេះ អ្នក​ត្រូវ​រៀន​សន្សំ​ទឹក ដោយ​ក្រោយ​ពី​មុជ​ទឹក​នៅ​ក្នុង​អាង​ទឹក​ហើយ អ្នក​ត្រូវ​ទុក​ទឹក​នោះ ដើម្បី​ប្រើប្រាស់​ក្នុង​បង្គន់​អនាម័យ»៕

ប្រែ​សម្រួល​ដោយ ឆេង ចន្នី