ទី​ក្រុង​វ៉ាស៊ីនតោន​កំពុង​ផ្តោត​សំខាន់​លើ​របាយការណ៍​ស៊ើប​អង្កេត​របស់​លោក Mueller

រូបឯកសារ៖ លោក Robert Mueller (ស្ដាំ) និងលោកប្រធានាធិបតី ដូណាល់ ត្រាំ។

ពាក្យ​ដែល​ស្មាក្តី​ពិសេស​លោក ​Robert Mueller​ នឹង​សរសេរ​ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ពី​ការ​ចូល​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ទៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ​និង​ការផ្សព្វផ្សាយ​របាយការណ៍​ចុង​ក្រោយ​របស់​លោក​នៅ​សបា្តហ៍​ក្រោយ​នេះ​ គឺ​ជា​បញ្ហា​ដែល​គេ​កំពុង​ផ្តោត​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

មាន​ការ​ប៉ាន់​ស្មាន​នានា​ពាក់​ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​លោក ​Mueller​ នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​នៅ​ក្នុង​របាយការណ៍​របស់​លោក​គឺ​ថា តើ​លោក​នឹង​ដាក់​លោកប្រធានាធិបតី ដូណាល់ ត្រាំ​ ទៅ​ក្នុង​បទ​ឧក្រិដ្ឋ ​ឬ​ក៏​លោក​នឹង​ដោះ​លែង​លោក​ប្រធានាធិបតី​ចេញ​ពី​ការ​ស៊ើប​អង្កេត​មួយ​ដែល​លោក​ប្រធានាធិបតី​តែង​តែ​និយាយ​ថា​ ជា​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​លើ​រដ្ឋបាល​របស់​លោក។

សំណួរ​ដ៏​ចម្រូង​ចម្រាស់​មួយ​ទៀតគឺ​ថា​ តើ​របាយការណ៍​ស៊ើប​អង្កេត​នេះ​នឹងត្រូវ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ដែរ​ឬទេ​ ឬ​មួយ​ក៏​ប្រជាពលរដ្ឋ​អាមេរិកាំង​ និង​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​នឹង​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​អំពី​សេចក្តី​លម្អិត​នៃ​ការស៊ើប​អង្កេត​នេះ​ជា​រៀង​រហូត។

លោក​ Mueller​ អាច​បញ្ជូន​របាយការណ៍​ស៊ើប​អង្កេត​ទៅ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក ​William Barr​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ​នេះ​បើ​យោង​តាម​របាយការណ៍​មិន​ផ្លូវការ​ជា​ច្រើន​ដែល​ឈាន​ជិត​ដល់​ទី​បញ្ចប់​នៃ​ការ​ស៊ើប​អង្កេត​មួយ​ដែល​បាន​ចាប់​ផ្តើម​កាល​ពីរ​ឆ្នាំ​កន្លង​ទៅ​ពាក់ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​ថា ​រដ្ឋាភិបាល​រុស្ស៊ី​បាន​ឃុបឃិត​ជាមួយ​នឹង​មន្រ្តី​រៀបចំ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ត្រាំ៕