ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាកចេញ​ពី​តំណែង​របស់​លោក Rosenstein បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ស៊ើបអង្កេត​លើ​​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី


រូបឯកសារ៖ អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក លោក Rod Rosenstein
រូបឯកសារ៖ អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក លោក Rod Rosenstein

លោក ត្រាំ បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​ការ​ស៊ើបអង្កេត ដែល​កន្លង​មក​នេះ បាន​ចាប់​ជំនួយការ​ជិត​ស្និទ្ធ​របស់​លោក​ពីរបី​នាក់​ដាក់​ពន្ធនាគារ​រួច​ទៅ​ហើយ។

ការ​ចាកចេញ​ពី​តំណែង​របស់​អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក លោក Rod Rosenstein ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ កំពុង​តែ​បង្ក​ឲ្យ​មាន​ការ​ចោទ​ជា​សំណួរ​អំពី​អនាគត​នៃ​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦។ លោក Rosenstein ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​អ្នក​ការពារ​ការ​ស៊ើបអង្កេត​នេះ ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​រិះគន់។ អ្នក​ដែល​លោក ត្រាំ តែងតាំង​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី ​គឺ​លោក William Barr ក៏​បាន​និយាយ​រិះគន់​ការ​ស៊ើបអង្កេត​នេះ​ដែរ ប៉ុន្តែ​លោក​ថា លោក​យល់​ថា​លោក Mueller គឺ​ជា​មនុស្ស​ដ៏​ល្អ​ម្នាក់។

លោក ត្រាំ បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​ការ​ស៊ើបអង្កេត ដែល​កន្លង​មក​នេះ បាន​ចាប់​ជំនួយការ​ជិត​ស្និទ្ធ​របស់​លោក​ពីរបី​នាក់​ដាក់​ពន្ធនាគារ​រួច​ទៅ​ហើយ។ អ្នក​នាំ​ពាក្យ​របស់​លោក ត្រាំ ​បាន​និយាយ​អះអាង​ជា​ថ្មី​ទៀត​ចំពោះ​ជំហរ​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ សប្តាហ៍​មុន​។ ​

អ្នកស្រី Sarah Sanders អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​ថ្លែង​ថា៖

«ការ​ស៊ើបអង្កេត​លើ​រុស្ស៊ី​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ហើយ​យើង​មិន​បាន​ជ្រៀតជ្រែក​ដំណើរការ​ស៊ើបអង្កេត​នេះ​ទេ។ ឥឡូវ​នេះ ការ​ស៊ើបអង្កេត​នេះ​គួរ​តែ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។ យើង​បាន​ឃើញ​រឿង​ដដែលៗ​ ដូច​ដែល​យើង​បាន​ឃើញ​នៅ​ពេល​ដែល​ការ​ស៊ើបអង្កេត​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ពីរ​ឆ្នាំ​មុន គឺ​គ្មាន​អ្វី​ទាល់​តែ​សោះ ហើយ​លោក​ប្រធានាធិបតី​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ‍»។

កាល​ពី​ឆ្នាំ​មុន លោក​ប្រធានាធិបតី ត្រាំ បាន​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក Jeff Sessions ចេញ​ពី​តំណែង និង​បាន​តែងតាំង​លោក Matthew Whitaker ដែល​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​ឡើង​កាន់​តំណែង​ជំនួស​ជា​បណ្តោះ​អាសន្ន។ លោក Whitaker គឺ​ជា​អ្នក​រិះគន់​ដោយ​បើក​ចំហ​ទៅ​លើ​ការ​ស៊ើបអង្កេត​លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី។ អ្នក​ដែល​លោក ត្រាំ បាន​តែងតាំង​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​សរសេរ​កំណត់ហេតុ​មួយ​ច្បាប់​ទៅ​កាន់​ក្រសួង​យុត្តិធម៌ ដោយ​អះអាង​ថា ទ្រឹស្តី​របស់​លោក Mueller ដែល​ថា​មាន​ការ​រារាំង​ដល់​ដំណើរការ​យុត្តិធម៌​គឺ​ជា​រឿង​ដែល​យល់​ខុស​ទាំង​ស្រុង ហើយ​អាច​មាន​ការ​បកស្រាយ​ដែល​ផ្តល់​ផល​អវិជ្ជមាន​ខ្ពស់។

លោក Chuck Schumer ដែល​ជា​មេដឹកនាំ​សំឡេង​ភាគតិច​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​លោក ត្រាំ ដក​បេក្ខភាព​របស់​លោក Barr ចេញ។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​បាន​សម្តែង​ការ​សោកស្តាយ​កាល​ពី​ថ្ងៃ ពុធ សប្តាហ៍​មុន អំពី​ជោគវាសនា​នៃ​ការ​ស៊ើបអង្កេត​របស់​លោក Mueller បន្ទាប់​ពី​លោក Rosenstein ចេញ​ពី​តំណែង។ ​

លោក Adam Schiff សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ California បាន​មាន​ប្រសាសន៍​ថា៖ ​

«មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ជាពិសេស​នៅ​ពេល​ដែល​យើង​មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ស្តីទី​ម្នាក់​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ស៊ើបអង្កេត​របស់​លោក Mueller ហើយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី​ដែល​នឹង​ចូល​មក​កាន់​តំណែង​បន្ទាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​មិន​ជឿ​ថា​ លោក​ប្រធានាធិបតី​អាច​រារាំង​ដល់​ដំណើរការ​យុត្តិធម៌​បាន​ទេ ទោះ​បី​ជា​លោក​ប្រធានាធិបតី​បាន​បណ្តេញ​នាយក​ទីភ្នាក់ងារ​ប៉ូលិស​ FBI ម្នាក់​ចេញ​ពី​តំណែង​រួច​ទៅ​ហើយ ដើម្បី​ដក​បញ្ហា​រុស្ស៊ី​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ចេញ​ក៏​ដោយ។ ដូច្នេះ​ការ​ផ្លាស់ប្ដូរ​ទាំងអស់​នេះ គួរ​តែ​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​អ្នកដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​នីតិរដ្ឋ‍»។

លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​នឹង​ក្លាយ​ជា​ប្រធាន​គណៈកម្មាធិការ​អង្គចៅក្រម​ព្រឹទ្ធសភា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ពិភាក្សា​អំពី​ការ​ព្រួយបារម្ភ​ទាំង​នោះ​ជាមួយ​នឹង​លោក Barr រួច​ហើយ។ ​

លោក Lindsey Graham បាន​ថ្លែង​ថា៖

«ផ្អែក​លើ​អ្វី​ដែល​ខ្ញុំ​បាន​ឮ ខ្ញុំ​អាច​ធានា​ដល់​អ្នកទាំងអស់​គ្នា​ថា លោក​ Barr មាន​ការ​យល់​ឃើញ​ល្អ​ចំពោះ​លោក Mueller។ លោក​ជឿ​ថា លោក Mueller កំពុង​តែ​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ ហើយ​លោក ​Mueller នឹង​នៅ​តែ​ធ្វើ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​បែប​នេះ មិន​លំអៀង​ចំពោះ​ប្រធានាធិបតី​អាមេរិក​ ហើយ​គ្មាន​ហេតុផល​ណា​មួយ​ដែល​ធ្វើ​ឲ្យ​លោក Mueller ឈប់​បំពេញ​ការងារ​វិជ្ជាជីវៈ​របស់​លោក​នោះ​ទេ។ លោក Barr ​នឹង​ប្តេជ្ញា​អនុញ្ញាត​ឲ្យ​លោក Mueller បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​ដល់​ទីបញ្ចប់‍»។ ​

ដោយសារ​តែ​សមាជិក​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា លោក Barr នឹង​ទំនង​ជា​បាន​ទទួល​ការ​អនុម័ត​ឲ្យ​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​នឹង​ពិនិត្យ​មើល​ទៅ​លើ​ការ​ស៊ើបអង្កេត ដែល​កំពុង​តែ​ព្យាយាម​កំណត់​ថា តើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ បាន​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង មូស្គូ ដើម្បី​ជួយ​ឲ្យ​លោក​ឈ្នះ​ការ​បោះឆ្នោត​ដែរ​ឬ​យ៉ាង​ណា៕

ប្រែសម្រួល​ដោយ​ ហុង ចិន្តា

XS
SM
MD
LG