ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​អនុម័ត​ការតែងតាំង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​ជ្រើសរើស​ដោយ​លោក Trump


លោក William Barr មកធ្វើការបំភ្លឺគណកម្មការតុលាការសភា ក្នុងការតែងតាំងជារដ្ឋមន្រ្តីយុត្តិធម៌កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
លោក William Barr មកធ្វើការបំភ្លឺគណកម្មការតុលាការសភា ក្នុងការតែងតាំងជារដ្ឋមន្រ្តីយុត្តិធម៌កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​បោះឆ្នោត​សម្រេច​តែងតាំង​លោក William Barr ដែល​ជា​បេក្ខជន​របស់​លោកប្រធានាធិបតី Donald Trump ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក។ លោក Barr ដែល​ធ្លាប់​បម្រើ​ការងារ​ជា​រដ្ឋមន្រ្តីយុត្តិធម៌​នៅ​ក្រោម​រដ្ឋបាល​អតីត​ប្រធានាធិបតី​លោក George H. W. Bush ត្រូវ​បាន​តែងតាំង​ដោយ​លោកប្រធានាធិបតី Trump បាន​ឡើង​កាន់​តំណែង​ជារ​ដ្ឋមន្រ្តី​យុត្តិធម៌​ជំនួស​លោក Jeff Sessions អ្នក​ដែល​ប្រធានាធិបតី​បាន​ដក​ចេញ​ពី​តំណែង​ដោយសារ​ការដកខ្លួន​របស់​លោក​ចេញ​ពី​ការស៊ើបអង្កេត​លើ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅក្នុង​ការបោះឆ្នោត​សហរដ្ឋអាមេរិក។

នៅ​អំឡុង​សវនាការ​តែងតាំង​លោក​កាល​ពី​ខែមុន​ លោក Barr បាន​ស្ថិតក្រោម​ការ​ពិនិត្យពិច័យ​របស់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្សប្រជាធិបតេយ្យ​ទៅលើ​កំណត់​ត្រា​មួយ​ដែល​លោក​បាន​សរសេរ​កាល​ពី​ឆ្នាំមុន​រិះគន់​ស្មាក្តី​ពិសេស​លោក Robert Mueller ដោយសារ​តែ​លោក​ស៊ើបអង្កេត​លើ​ករណី​មួយ​ថា​តើ​លោកប្រធានាធិបតី Donald Trump​ បាន​ព្យាយាម​រារាំង​ដល់​ដំណើរការ​ស៊ើបអង្កេត​លើ​ប្រទេសរុស្ស៊ី​ដែរ​ឬទេ។ លោក Barr បាន​ធ្វើ​សក្ខីកម្ម​ថា​កំណត់ត្រា​នោះ​គឺ​ជា​រឿង​តិចតួច​ប៉ុណ្ណោះ​ ប៉ុន្តែ​លោក​នឹង​អនុញ្ញាត​ឲ្យ​លោក​ស្មាក្តី​ពិសេស​បញ្ចប់​ដំណើរការ​ស៊ើបអង្កេត​ដោយ​គ្មាន​ការ​រំខាន​អ្វី​ឡើយ។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​រូប​ត្រូវ​បាន​រំពឹង​ថា នឹង​ប្រឆាំង​នឹង​លោក Barr ដោយសារ​តែ​លោក​ប្រហែល​ជា​នឹង​មិន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ការ​រកឃើញ​ដោយ​លោក Mueller នោះ​ទេ។ មាន​ការរំពឹង​ជាទូទៅ​ថា​លោក Barr នឹង​ត្រឡប់​ទៅ​សើរើ​គោលនយោបាយ​អន្តោ​ប្រវេសន៍​តឹងរឹង​របស់​លោក Trump ឡើងវិញ៕

XS
SM
MD
LG