ក្រុមអាជ្ញាធរនៅរដ្ឋធានីវ៉ាស៊ីនតោនស្នើឲ្យ​ពលរដ្ឋគិតឡើងវិញអំពីការទៅ​មើលផ្កាសាគូរ៉ា

រូបឯកសារ៖ ស្រ្តីម្នាក់រត់ក្រោមដើមសាគូរ៉ានៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

ក្រុមអាជ្ញាធរក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានចេញការព្រមានដល់អ្នកទេសចរដែលចូលចិត្តទៅមើលផ្កាសាគូរ៉ារីក។ រដូវផ្កាសាគូរ៉ារីកកំពុងបង្កើនការ​លំបាក​កាន់​តែខ្លាំងក្នុងការដាក់ឲ្យមនុស្សនៅឆ្ងាយពីគ្នា ខណៈវីរុសកូរ៉ូណាកំពុង​រាត​ត្បាត​កាន់តែខ្លាំង។ ការព្រមាន​នេះកើតឡើងស្របពេល​ដែលមនុស្សជាង​១ពាន់៥សែនលាននាក់នៅទូទាំងពិភពលោកត្រូវបានស្នើឬបញ្ជាឲ្យស្នាក់នៅតែក្នុងផ្ទះ។

ខណៈមនុស្សកាន់តែច្រើនទៅមើលផ្កាសាគូរ៉ានៅជុំវិញអាងទឹក Tidal ក្នុងរដ្ឋធានី​វ៉ា​ស៊ីនតោន ទីភ្នាក់ងារសេវាឧទ្យានជាតិស្នើឲ្យមនុស្សរាល់គ្នាគិតពិចារណា​ឡើង​វិ​ញអំពីការចូលទៅទស្សនាផ្កាសាគូរ៉ា។ ទីភ្នាក់ងារសេវាឧទ្យាន​ជាតិបានបង្ហោះ​សារនៅលើ Twitterថា៖ «ក្រុមអាជ្ញាធរនឹងអនុវត្តវិធានការត្រួតពិនិត្យចរាចរណ៍ ដើម្បីទប់ស្កាត់មិនឲ្យមាន​មនុស្សច្រើ​នចូលមកមើលផ្ការីកនៅទីតាំងនេះ»។

កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Trump បាននិយាយយោងដល់វីរុស​កូរ៉ូណា​ថា អាមេរិកាំងកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាម។ លោកប្រធានាធិបតី​ Donald Trump បានថ្លែងថា៖​

«​មិនដែលធ្លាប់មានរឿងដូចនេះកើតឡើងពីមុនមកទេ។ នេះគឺជាស្ថានភាព​អាក្រក់​បំផុត»។

ក៏ប៉ុន្តែភ្ញៀវទេសចរណ៍មួយចំនួនមិនយល់ឃើញ​ដូ​ច្នោះទេ។​ ​នាង Christina Verna ជាភ្ញៀវទេសចរណ៍ម្នាក់និយាយបែបលេងសើចថា៖

«អ្នកមិនឆ្លងវីរុសកូរ៉ូណាពីផ្កាសាគូរ៉ាទេ។ អ្នកត្រូវតែនៅកន្លែងមានសុវត្ថិភាព ធ្វើតាមបទបញ្ជា។ កុំធ្វើអ្វីដែលមើលទៅគ្រោះថ្នាក់»។

«ខ្ញុំមើលឃើញថាយើងរក្សាគម្លាតពីគ្នា។ ខ្ញុំមិននៅយូរទេ។ កន្លែងនេះមានខ្យល់​អាកាស​ល្អណាស់ ហើយខ្ញុំមិនប៉ះពាល់អ្វីទាំងអស់»។

ស្របពេលដែល រដ្ឋាភិបាលនានានៅជុំវិញពិភពលោកកំពុងលើកទឹកចិត្ត និងពេលខ្លះចេញបទបញ្ជាដល់ពលរដ្ឋរបស់ខ្លួនឲ្យស្នាក់នៅក្នុងផ្ទះ នាង Pamm Fontana ដែលជាអ្នក​ទស្សនាម្នាក់យល់ឃើញផ្សេងពីនេះ។ នាងនិយាយថា៖ ​

«យើងចង់ចេញទៅក្រៅដើម្បីធ្វើឲ្យសុខភាពរាងកាយ​និងផ្លូវចិត្តរបស់យើង​មាំមួន»។

នាងនិយាយបន្តថានាងដឹងថាវាបង្កើនគ្រោះថ្នាក់ ប៉ុន្តែទាំងនាងនិងកូន​ប្រុស​បីនាក់របស់នាងមានការប្រុងប្រយ័ត្ន។ នាងនិយាយបន្ថែមថា៖ «ត្រូវបន្ថែម ការយល់ដឹងបន្តិចទៀត ជាពិសេសសម្រាប់មនុស្សចាស់ៗ។ ខ្ញុំចង់ឲ្យ​កូនៗ​របស់ខ្ញុំកុំ​រត់​ឆ្វេងឆ្វាច កុំទៅ​ជិត​មនុស្ស​ចាស់ ដើម្បីឲ្យ​ពួកគាត់អាច​ដើរ​មើល​ផ្កា​បាន​ស្រួល។ »។

កម្មវិធីនានាដែលពាក់ព័ន្ធនឹងរដូវផ្កាសាគូរ៉ាត្រូវបានលុបចោល ហើយខ្សែរថភ្លើង​មួយ​ចំនួនត្រូវបានបិទដើម្បីកុំឲ្យមានអ្នកទៅចូលរួមកម្មវិធីច្រើនពេក៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា