អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​​ ក្រោយ​លោក Putin ទទួល​ស្គាល់​តំបន់​ផ្តាច់​ខ្លួន​នៅ​អ៊ុយក្រែន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​ហាមឃាត់​ការ​ធ្វើ​​ពាណិជ្ជកម្ម និងវិនិយោគ​រវាង​បុគ្គល​អាមេរិក និង​តំបន់​ចំនួន​ពីរ​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ដែល​រុស្ស៊ី​​ទើប​តែទទួល​ស្គាល់​ថា​ឯករាជ្យ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (Reuters)

សេតវិមាន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​តំបន់ Donetsk និង Luhansk ដែល​ត្រួតត្រា​ដោយ​ប្រទេស​រុស្ស៊ី​ នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះបន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ទទួល​ស្គាល់​តំបន់​ទាំង​នោះថា​ជា​រដ្ឋ​ឯករាជ្យ។

អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី Jen Psaki បាន​និយាយ​ថា៖ «យើង​បាន​រំពឹងថា នឹង​អាច​មាន​ចំណាត់ការ​ដូច​នេះ​ពី​រុស្ស៊ី ហើយ​យើង​បាន​ប្រុងប្រៀប​ខ្លួន​ដើម្បី​ឆ្លើយ​តប​ភ្លាមៗ»។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​ប្រធានាធិបតី Joe Biden នឹង​ចេញ​បទបញ្ជា​ប្រធានាធិបតី​ដើម្បី​ហាមឃាត់​ការ​វិនិយោគ​ទុន​ ការ​ធ្វើពាណិជ្ជកម្ម​និង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ថ្មី​ដោយ​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​តំបន់​ទាំង​នោះ។

ការ​ប្រកាស​របស់​លោក Putin បាន​បន្ថែម​ការ​ភ័យ​ខ្លាច​របស់​លោក​ខាង​លិច​ថា លោក Putin មាន​គម្រោង​នឹង​ឈ្លានពានអ៊ុយក្រែន ជា​គម្រោង​ដែល​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋបាល​អាមេរិក បាន​ប្រាប់អ្នក​យកព័ត៌មាន​ថា វា​ជា​ការគំរាម​កំហែង​ពិត​ប្រាកដ។

មន្ត្រី​រូប​នោះ បាន​និយាយ​ទៀត​ថា៖ «នៅក្នុង​មួយ​ម៉ោង​ចុងក្រោយ​នេះ យើង​បាន​ឃើញ​រុស្ស៊ី​បញ្ជា​កងទ័ព​ឲ្យ​ដាក់​ពង្រាយ​នៅ​ក្នុង​តំបន់ Donetsk និង Luhansk សម្រាប់​អ្វី​ដែល​គេហៅ​ថា កិច្ចការថែ​រក្សា​សន្តិភាព»។

លោក​បាន​និយាយ​ទៀត​ថា សេតវិមាន​នឹង​ប្រកាស​វិធានការ​បន្ថែម​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​សម្រាប់​អ្វី​ដែល​សហរដ្ឋ​អាមេរិក មើល​ឃើញ​ថា​ជា «ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​ដល់​ច្បាប់​អន្តរជាតិ​និង​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន និង​ការប្តេជ្ញា​ចិត្ត​ជា​អន្តរជាតិ​ផ្ទាល់​របស់​រុស្ស៊ី»។

លោក​ប្រធានាធិបតី Biden បាន​និយាយ​ជាមួយ​មេដឹកនាំ​អាល្លឺម៉ង់​និង​បារាំង​កាលពី​ថ្ងៃ​ចន្ទ​ម្សិល មិញ ហើយ​និង​និយាយ​ដាច់​ដោយឡែក ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy។ នៅ​ក្នុង​ការហៅ​ទូស័ព្ទ​នោះ សេតវិមាន បាន​បញ្ជាក់​ថា៖ «មេដឹកនាំ​ទាំង​នោះ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ដល់​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី Putin ដើម្បី​ទទួលស្គាល់​តំបន់ Donetsk និង Luhansk នៃ​ប្រទេស​អ៊ុយក្រែន​ជា​រដ្ឋ​ឯករាជ្យ»។

សហភាព​អឺរ៉ុប​ក៏​បាន​ចូល​រួម​ភ្លាមៗ​ជាមួយ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ក្នុង​ការប្រកាស​ដាក់​ទណ្ឌកម្ម ដោយ​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោក​ស្រី Ursula von der Leyen និង​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​ហៅ​ការទទួល​ស្គាល់​តំបន់​ផ្តាច់​ខ្លួន​ទាំង​នោះ​របស់​លោក Putin ថា ជា​«ការរំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​ខ្លាំង»៕


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង​ Reuters។