បទសម្ភាសន៍ VOA៖ អ្នក​ស្រាវជ្រាវ​នៃ Global Witnessថា វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​បញ្ហា​សាកល

គេហទំព័រ​នៃ​របាយ​ការណ៍​ «តម្លៃ​នៃ​ភាព​ប្រណិត» ​ ឬ​ជា​ភាសា​អង់គ្លេសថា The Cost of Luxury របស់​អង្គការ​ Global Witness (screenshot from Global Witness)

អ្នក​ស្រាវជ្រាវ​នៅ​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ឈ្មោះ​ Global Witness ​និយាយ​ថា ​វិបត្តិ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ចំណែក​មួយ​នៃ​និន្នាការ​សកល។​ វា​ជា​និន្នាការ​មួយ​ដែល​កើត​ឡើង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ និង​ការ​ខ្វះខាត​ធនធាន។

កំណត់និពន្ធ៖ អ្នក​ស្រាវជ្រាវ​នៅ​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ឈ្មោះ​ Global Witness ​និយាយ​ថា ​វិបត្តិ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ចំណែក​មួយ​នៃ​និន្នាការ​សកល។​ វា​ជា​និន្នាការ​មួយ​ដែល​កើត​ឡើង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ និង​ការ​ខ្វះខាត​ធនធាន។​ នាង ​Josie Cohen ​អ្នក​ធ្វើ​យុទ្ធនាការ​នៃ​អង្គការ Global Witness​ ​ដែល​បាន​ស្រាវជ្រាវ​អំពី​ការ​រឹបអូស​យក​ដី​ធ្លី​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ​បាន​និយាយ​ថា​ ដោយ​សារ​តែ​មាន​អស្ថិរភាព​នៃ​ទីផ្សារ​ និង​ការ​វិនិយោគ​ ​វិនិយោគិន​ចង់​បានដី​កសិកម្ម​នៅ​ក្នុង​ប្រទេស​នានា​ ដូច​ជា​ប្រទេស​កម្ពុជា ​ដែល​ជា​កន្លែង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើកិច្ច​ព្រម​ព្រៀង។​ ​ពេល​ថ្មីៗ​នេះ​ ​នាង​ផន បុប្ផា​នៃ​ VOA ​ខ្មែរ​បាន​ទៅ​ទីក្រុងឡុងដុង​ ប្រទេស​អង់គ្លេស ​ហើយ​បានសម្ភាសនាង ​Josie Cohen ​ដែល​រៀបរាប់​អំពី​បាតុភាពនៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​ក្នុង​តំបន់​ និង​ក្នុងសកលលោក។

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ អ្នក​ស្រាវជ្រាវ​នៃ Global Witnessថា វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​បញ្ហា​សាកល

VOA៖ ​សូម​អរគុណ ​នាង​ Josie​ ដែល​ផ្តល់​កិច្ច​សម្ភាសន៍​នេះ។​ ជាដំបូង​សូម​រៀបរាប់​អំពីប្រវត្តិ​ការងារ​របស់​អ្នក​បន្តិច​សិន​បាន​ទេ?​

Josie៖​ ខ្ញុំ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវអំពី​ការរំលោភ​យក​ដីធ្លី​ ជា​ពិសេសរយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ប៉ុន្តែ​ខ្ញុំ​ធ្វើ​ការ​នៅ ​Global Witness ​បាន​ប្រហែល​បី​ឆ្នាំ​កន្លះ​មក​ហើយ។​ នៅ​ទី​នេះ​ ខ្ញុំ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​តំបន់​ទន្លេ​មេគង្គ។​ ដូច្នេះ​ខ្ញុំ​ពិនិត្យ​មើលការ​រំលោភ​យក​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ឡាវ​ និង​ភូមា។​

VOA៖​ តើ​អ្នក​អាច​ប្រាប់​យើង​ពី​ការ​ផ្លាស់​ប្តូរទាក់ទង​នឹង​ការ​រំលោភ​យក​ដីធ្លី​នៅ​រយៈ​ពេល​ដប់​ឆ្នាំ​ចុង​ក្រោយ​នៅ​ក្នុង​តំបន់​អាស៊ី​បាន​ទេ?​

Josie៖​ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​ ​ទូទាំង​ពិភពលោក​ ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​ មានការ​ចាប់​យក​ដី​ធ្លី​កើន​ឡើង​យ៉ាង​ខ្លាំង​ដោយ​ក្រុមហ៊ុន​ពាណិជ្ជ​កម្ម ​ក្រុមហ៊ុន​ស្វែង​រកដី​ខ្នាត​ធំ។​ ​ហើយ​ជា​ញឹកញាប់ក្រុមហ៊ុនយក​ដី​ពី​សហគមន៍​មូលដ្ឋាន​ដោយ​គ្មាន​ផ្តល់​សំណង​ ដោយ​មិនប្រឹក្សា​ជាមួយ​អ្នក​កាន់​កាប់ដី ​ហើយ​បាន​ប្រែក្លាយ​ដី​សហគមន៍​មូលដ្ឋានទៅ​ជា​តំបន់​ចម្ការដំណាំ​ពាណិជ្ជ​កម្ម​ដើម្បី​ដាំ​ដំណាំ​នានា​ ដូច​ជា​កៅស៊ូ​ ​អំពៅ​ ដំឡូង​មី​ ពោត។ ក្រុមហ៊ុន​ដាំ​ដំណាំ​ទាំងនេះនៅ​លើ​ដី​ទ្រង់​ទ្រាយ​ធំ​ ហើយ​ជា​ញឹក​ញាប់ ក្រុមហ៊ុន​លក់​ផលិតផល​ទៅ​ឲ្យ​ទីផ្សារ​ពិភពលោក។​ យើង​បាន​ឃើញ​ការ​ផ្លាស់​ប្តូរ ​ដែល​ក្នុង​នោះ ក្រុម​ហ៊ុន​កាប់​ឈើ​កំពុងចូល​ទៅ​កាប់​ឈើ​មាន​តម្លៃ​នៅ​ក្នុង​ព្រៃ​ តែក្រុមហ៊ុននិយាយ​ថា​ គេ​កាប់​ព្រៃ​សម្រាប់​ធ្វើ​កសិកម្ម។​ ប៉ុន្តែ​ជា​ការណ៍​ពិត​ វា​គ្រាន់​តែ​ជា​លេស​ដើម្បី​ចូល​ទៅ​កាប់ឈើ​មាន​តម្លៃ និង​នាំ​ចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស ដូច​ជា​នៅ​ប្រទេស​ចិន​ និង​វៀតណាម។

VOA៖​ តើ​សកម្មភាព​នេះ​មាន​ប្រយោជន៍សម្រាប់​រដ្ឋ​ ឬ​ប្រទេស​ជាតិទេ? ​ឬក៏វា​គ្រាន់​តែ​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​តែ​ប៉ុណ្ណោះ?​

Josie៖​ ខ្ញុំ​ចង់និយាយ​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ពិត​ជា​បាន​និយាយ​ថា​ វា​ផ្តល់​ផល​ប្រយោជន៍។​ រដ្ឋាភិបាល​និយាយ​អំពី​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ ​ហើយ​ថា​ ការ​ធ្វើ​ចម្ការ​ដំណាំ​ពាណិជ្ជ​កម្ម​ទាំងនេះ​បាន​នាំ​មក​នូវ​ការ​ងារ​ធ្វើសម្រាប់​ប្រជាជន​ក្នុង​តំបន់។​ ប៉ុន្តែ​ការណ៍​ពិត ​វា​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ស្វែង​រក​ឧទាហរណ៍ដែល​បង្ហាញ​ថា​ ចម្ការ​ដំណាំ​ពាណិជ្ជ​កម្ម​ធំៗ​ទាំងនេះ​កំពុង​ផ្តល់​ប្រយោជន៍​ទៅ​ឲ្យ​ប្រជាជន​នៅ​ក្នុង​តំបន់។​ អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ប្រទេស​នានា​ ដូចជា​ប្រទេស​កម្ពុជា​ ​ប្រទេស​ភូមា​និង​ប្រទេស​ឡាវ​ ការណ៍​ពិត​ក្រុម​ហ៊ុន​បាន​ចូល​មក​ប្លន់​យក​ដី​ និង​ធនធាន​ធម្មជាតិ​ពី​ប្រជាជន​ក្នុង​តំបន់​ដែល​ពួកគេ​ត្រូវ​ពឹងផ្អែក​ដើម្បី​ជីវភាព​រស់​នៅ​របស់​ពួក។ ​ការងារ​ដែល​ក្រុមហ៊ុន​បាន​សន្យា​នោះ​ ជា​ញឹកញយ ​មិន​មាន​ទេ។​ ពួកគេ​បាន​សន្យា​អ្វីៗ​ផ្សេងៗ​ទៀត​ ដូច​ជា​សង់​សាលា​រៀន​ ​ជួយ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​ និង​ធ្វើ​ផ្លូវ​ថ្នល់ ​តែជា​ញឹកញយ​គេ​មិន​បាន​ធ្វើ​តាមការ​សន្យា​ទាំង​នោះ​ទេ។​ ពួក​គេ​មាន​ទំនោរ​មិន​បង់​ពន្ធ​ទៅ​ឲ្យ​រដ្ឋ​ទេ។​ ដូច្នេះ​ជា​ការណ៍​ពិត​ យើងរក​មិន​ឃើញ​ករណី​ដែល​ថា​ ចម្ការដំណាំ​នោះ​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ ដូចដែល​ពួក​គេ​បាន​សន្យា​នោះ​ទេ។​ ហើយអ្វី​ដែល​អង្គការ​ Global Witness ​បាន​មើល​ឃើញ​គឺមន្ត្រី​ពុករលួយ​កម្រិត​ថ្នាក់​ជាតិ​ ឬ​ថ្នាក់​មូលដ្ឋាន​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន​ដើម្បី​ផ្តល់​ដី​ឲ្យក្រុម​ហ៊ុន។​ ហើយ​តាម​ការណ៍​ពិត​ទៅ​គឺ​មាន​តែ​ក្រុម​មិត្ត​ភក្តិ​ ឬ​អ្នក​ជិតដិត​របស់​គេមួយ​ចំនួច​តូច​ប៉ុណ្ណោះ​ដែលបាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​ចាប់​យក​ដី​ធ្លី​នោះ​ តែប្រជា​ពលរដ្ឋ​ទូទៅ​មិន​ទទួល​បានផល​ប្រយោជន៍ទេ។​

VOA៖ តើ​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ​ឧទាហរណ៍​ដូចជា​កសិករ ​ អាច​មានហានិភ័យ​អ្វី​ខ្លះ?​ ​ឧទាហរណ៍​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​ ​ប្រជាជន​ភាគ​ច្រើន​ចិញ្ចឹម​ជីវិត​របស់​ពួក​ដោយ​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម។​

Josie៖​ ដូចអ្នក​និយាយ​អញ្ចឹង។ ​ខ្ញុំ​ចង់​និយាយ​ថា ​៧៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅ​តំបន់​ទន្លេ​មេគង្គ​ពឹង​ផ្អែក​លើ​ដី​សម្រាប់​ផលិត​ផល​កសិកម្ម​ ឬ​ផលិតផល​ពី​ព្រៃ​ឈើ។​ ​ឧទាហរណ៍​ពួក​គេ​អាចចូល​ទៅ​ក្នុង​ព្រៃ​រក​អនុផល​ព្រៃឈើ ​ដូចជាជ័រ​ចុង​ ​ដើម្បីជួយ​រក​ចំណូល​បន្ថែម​សម្រាប់ជីវភាព​រស់​នៅ​របស់​ពួក​គេ។​ ដូច្នេះ​យើង​មិន​ពិបាក​ទេ​ក្នុង​ការ​បង្ហាញ​អំពីផល​ប៉ះពាល់​ពី​ក្រុមហ៊ុន ដែលស្រាប់​តែថ្ងៃ​មួយ​ ​ក្រុម​ហ៊ុន​នោះ​បាន​ចេញ​មុខ​មក ​ហើយ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​អ្វី​ទាំងអស់​ ​ភ្លាម​នោះ​ព្រៃឈើ​ ដែលសហគមន៍ពឹង​ផ្អែក​លើ​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់ពួក​គេ ​និង​សម្រាប់អ្នក​ជំនាន់​ក្រោយ​ ត្រូវ​បាន​ឈូស​ឆាយ។​ ព្រៃ​ឈើ​របស់​ពួក​គេ​ត្រូវ​បាន​គេ​លួច។​ ដូច្នេះ​វា​មាន​ផល​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍។​ ហើយ​ប្រជា​ពលរដ្ឋ​ត្រូវ​ធ្វើ​ការ​តស៊ូ​ដើម្បីរស់។ ​បន្ទាប់​មក​ពួក​គេ​ត្រូវ​ក្លាយ​ទៅ​ជា​កម្លាំង​ពលកម្ម​ផ្នែក​កសិកម្ម។​ ​ឧទាហរណ៍​ថា​ រយៈពេល​ជា​ច្រើន​ជំនាន់​មក​ហើយ ​កសិករ​ម្នាក់​ធ្លាប់តែសម្រេច​ចិត្ត​ដាំ​អ្វី​ដែល​គាត់​ចង់​ដាំ​នៅលើ​ដី​របស់​គាត់ ​ហើយ​គាត់​ធ្លាប់ជា​ម្ចាស់​ដី។ តែ​ឥឡូវ​នេះ​ តែមួយ​យប់​ប៉ុណ្ណោះ​ គាត់​បាន​ក្លាយ​ជា​កម្មករ​កសិកម្ម។ ​ជា​ញឹកញាប់កន្លែង​ធ្វើ​ការ​មាន​លក្ខខណ្ឌ​មិន​ល្អ ​ហើយ​ប្រាក់​ឈ្នួល​ទទួល​បាន​តិចតួច។​ ​

ពេល​ខ្លះ​ការងារ​មាន​តាម​រដូវ​កាល​តែ​ប៉ុណ្ណោះ​ គឺ​ពេល​ខ្លះ​មាន​ការងារ​ធ្វើ​ ពេល​ខ្លះ​អត់។​ ដូច​ជា​មាន​ការងារតែ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ជាដើម។​ ​ដូច្នេះ​វាមាន​ផល​ប៉ះ​ពាល់​ទៅ​ជីវភាព​រស់​នៅ។​

ក្រៅពីនេះ ​នៅ​មាន​បញ្ហា​អត្ដ​សញ្ញាណ​ទៀត។​ ​អ្នក​មើល​ឃើញ​បញ្ហាដូច្នេះ​នៅ​ក្នុង​ប​ណ្តា​ប្រទេស​ទាំងអស់។ ប៉ុន្តែ​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សហគមន៍​ជនជាតិ​ដើម​ភាគ​តិចជា​ច្រើន ​ជា​ពិសេស​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ អត្តសញ្ញាណ សាសនា​ ​វិញ្ញាណ​របស់​ពួក​មាន​ការ​ផ្សារ​ភ្ជាប់​ខ្លាំង​ជាមួយ​ដី។​ ដូច្នេះ​ផលប៉ះពាល់មាន​ច្រើន​ជាង​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច ​ហើយ​ខ្ញុំ​គិត​ថា​ នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុនបដិសេធ​មិន​ព្រម​យល់​អំពី​បញ្ហា​នេះ។ ​ខ្ញុំ​ចង់និយាយ​ថា​ មនុស្ស​ទាំង​នេះ​កំពុង​តែ​បាត់​បង់​របៀប​រស់​នៅ​តាមដូនតារបស់​គេ​អស់​រយៈពេល​រាប់​រយ​ឆ្នាំ​មក​ហើយ។ របៀប​រស់នៅ​របស់​ពួកគេ​ ភាសា​របស់​ពួកគេ​ សម្លៀក​បំពាក់​របស់​ពួក​គេ​ ​ ទាំងអស់​នេះ​ត្រូវរង​ការ​គំរាម​កំហែង​ដោយ​សារ​តែ​ការ​ចាប់​យក​ដី​ធ្លី​ទាំង​នេះ។

VOA៖​ ហេតុ​អ្វី​បាន​ជា​រដ្ឋា​ភិ​បាល​ និង​អ្នក​មាន​អំណាច​ទាំង​នេះបដិសេធ​ ហើយ​មិន​យល់​ដឹង​អំពី​រឿង​នេះ?​

Josie៖​ ខ្ញុំ​ចង់​និយាយ​ថា ​មាន​ផល​ប្រយោជន៍​ និង​មាន​លុយ​ជាច្រើន​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ។​ ខ្ញុំ​គិត​ថា ផល​ប្រយោជន៍ទាំង​អស់​នោះ​ត្រូវ​បានរដ្ឋាភិបាល​ និងក្រុម​សាច់ញាតិ​ និង​អ្នក​ជិតស្និទ្ធ​មួយ​ចំនួន​តូច​ផ្តល់​អាទិភាព​ សំខាន់​ជាង​ផល​ប្រយោជន៍​ប្រជាជន​ទាំង​អស់។​ យើង​កំពុង​និយាយ​អំពី​ប្រទេស​ដែល​មាន​កម្រិត​នៃ​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​ហើយ​នឹង​អភិបាល​កិច្ច​ទន់​ខ្សោយ។​ ដូច្នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្បាប់​ល្អ។ ​ឧទាហរណ៍​ មាន​ច្បាប់​ដី​ធ្លី​ដែល​ល្អ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០០១​ ​មាន​អនុក្រឹត្យ​ស្តីពី​ដី​សម្បទាន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ឆ្នាំ​២០០៥​ ហើយ​ច្បាប់​ទាំង​នេះ​បាន​និយាយ​ថា​ សហគមន៍​ទាំង​នេះ​ត្រូវ​តែ​ទទួល​បានសំណង​ ហើយ​សម្បទាន​ត្រូវនាំ​យក​មក​ឲ្យ​នូវ​ផល​ប្រយោជន៍​អភិវឌ្ឍន៍។​ ប៉ុន្តែ​ច្បាប់​ទាំង​នេះមិន​ត្រូវ​បាន​គេ​អើពើ​ទាំង​ស្រុង​ទេ។​ ហើយ​បន្ទាប់​មក​ អ្នក​មានប្រព័ន្ធ​តុលាការ ​ឬ​តុលាការ​ដែល​នៅ​ខាង​ក្រុម​មនុស្ស​ដែល​មាន​ឥទ្ធិពល។​ ដូច្នេះសហគមន៍​ ដែល​រង​ផល​ប៉ះពាល់​ និង​ជនជាតិ​ដើម​ភាគតិច​មិន​អាច​ទទួល​បាន​យុត្តិធម៌​ទេ។ ផ្ទុយ​ទៅវិញ​ តុលាការ​ត្រូវ​គេ​ប្រើ​ប្រាស់​ប្រឆាំង​នឹង​សហគមន៍។ ​ដូច្នេះ​ខ្ញុំ​គិត​ថា​ មានលុយ​ច្រើន​ និងមាន​កម្លាំងដែល​មាន​ឥទ្ធិពល​ច្រើន​ពេក​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។

VOA៖ ​និយាយពី​បញ្ហា​របស់​ប្រទេស​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន​តើ​វា​មាន​ហានិភ័យ​ដោយ​សារ​តែ​ការ​រឹបអូស​ដីធ្លី​ទេ?​ តើ​អ្នក​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​អ្វីខ្លះ​ចាប់​តាំង​ពី​អ្នក​បាន​ចាប់​ផ្តើម​ស្រាវជ្រាវ​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​ប្រទេស​កម្ពុជា?​ តើ​មាន​ការ​ផ្លាស់​ប្តូរ​អ្វីខ្លះ?​

Josie៖​ ខ្ញុំ​គិត​ថា​ ខ្ញុំ​ចាប់ស្រាវជ្រាវ​អំពី​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ​២០១១។ ដូច្នេះ​វា​ជិត​បួន​ឆ្នាំ​ហើយ។ ​ការ​រឹបអូស​ដី​បាន​ក្លាយ​ជា​បញ្ហា​ធំ​រួច​ទៅ​ហើយ។​ ហើយ​ដី​ភាគ​ច្រើននៅ​ប្រទេស​កម្ពុជាត្រូវ​បាន​បែង​ចែកសម្រាប់សាច់ញាតិ​ ឬ​អ្នក​ជិត​ស្និទ្ធ​និង​បក្ខពួក​មាន​អំណាច ហើយ​បញ្ហា​នោះ​បាននាំ​ទៅ​កាន់​ស្ថានភាព​ដូច​អ្វី​ដែល​បាន​កើត​មាន​ឡើង​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​ ២០១២​ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ ដែលធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គិត​ថា​ គាត់​ត្រូវ​តែ​ចាត់​វិធាន​ការអ្វី​មួយ​ ពី​ព្រោះ​មនុស្ស​កាន់​តែ​ច្រើន​ត្រូវបាន​បណ្តេញ​ចេញ​ពីលំនៅដ្ឋាន​ ពី​ដី​ធ្លី​របស់​ពួក​គេ។​ ពួក​គេ​និយាយ​ថា ​មាន​ប្រជាជន​កម្ពុជា​ជាង៧០០.០០០​នាក់​ដែលបាន​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​ការ​ចាប់​យក​ដី​ធ្លី​ទាំង​នោះ។ ​ដូច្នេះ​អ្វី​ដែល​យើង​បាន​ឃើញ​ពេល​នោះ​គឺដំណោះ​ស្រាយ​ជា​ច្រើន​ពី​នាយក​រដ្ឋមន្រ្តី​ និង​ពី​រដ្ឋាភិបាល។​ ជា​ដំបូង​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្អាក​ មិន​ឲ្យ​មាន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ជា​បណ្តោះ​អាសន្ន​ ហើយ​លោក​បាន​និយាយ​ថា​ ​លោក​មិន​អនុញ្ញាត​ឲ្យ​មាន​ការផ្តល់​ដី​សម្បទាន​ តែ​ធាតុ​ពិតចំនួន​ដី​សម្បទាន​ត្រូវ​បាន​ផ្តល់​ចាប់​តាំង​ពី​ពេល​លោកអំនាវនាវឲ្យ​មាន​ការ​ហាម​ឃាត់។​

​បន្ទាប់​មក​លោក​បាន​បញ្ជូន​និស្សិត​ស្ម័គ្រចិត្តទៅ​ជនបទ​និង​បាន​ចាប់​ផ្តើម​គម្រោង​ការ​ផ្ដល់​កម្ម​សិទ្ធិ​ដីធ្លី ​ដែលពួក​គេ​បាន​និយាយ​ថា​ នឹង​ផ្តល់បណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​រហូត​ដល់​មួយ​លាន​បណ្ណ​ដល់​ប្រជា​ពលរដ្ឋ។ ​ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត​ ការ​វាស់​ផ្តល់​ប្លង់ដី​នេះ​មិន​ត្រូវ​បាន​ធ្វើ​ដោយ​មាន​តម្លាភាព​នោះ​ទេ​ ​ ហើយអង្គការ​សង្គម​ស៊ីវិលក៏មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដែរ។​ ​ហើយ​ខ្ញុំ​ដឹង​ថា​ អង្គការ​ និង​សហគមន៍​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដឹង​ថា​ ស្ថានភាព​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ។​ អ្នក​បាន​ដឹង​ហើយ​ថា​ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ យើង​បាន​មើល​ឃើញ​ថា​ លោក​ហ៊ុន សែន​បាន​កាត់​បន្ថយ​រយៈពេល​នៃ​ការ​ជួល​ដី​ពី​៩៩​ឆ្នាំ​មក​ដល់​៥០​ឆ្នាំ។​ ហើយ​យើង​បាន​ឃើញ​ដី​សម្បទាន​មួយ​ចំនួន​ត្រូវ​បាន​លុប​ចោល​ផង​ដែរ។​ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​កំពុងធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍ដើម្បី​បង្ហាញ​ថា​ ពួក​គេ​កំពុង​តែ​ព្យាយាម​ដោះ​ស្រាយ​ស្ថានភាព​នេះ។​ តាម​ពិត​ទៅ​ ខ្ញុំ​យល់​ថាដំណោះ​ស្រាយ​ទាំង​នេះ​មិន​បាន​ទៅ​ដល់​ឫសគល់​នៃ​បញ្ហា​នោះ​ទេ។ ​ហើយ​ខ្ញុំ​ដឹង​ថា​ អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ និង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ជាច្រើន​ក៏យល់​ឃើញ​ដូច​គ្នា​ដែរ។​ ការណ៍​ពិត​ស្ថានភាព​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​ ពេល​ដែល​មនុស្ស​កាន់​តែ​ច្រើន​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​រំលោភ​បំពាន​យក​ដី​ធ្លី​ទាំង​នេះ។​

VOA៖​ តើ​អ្នក​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​ទេ?​ ​ដូច​ជា​ថា ​តើ​រដ្ឋាភិបាលមាន​ភាព​ធូរលុង​ ឬ​កាន់​តែ​តឹង​រ៉ឹង​សម្រាប់លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ?​

Josie៖​ ​ការ​បែង​ចែក​ដី​សម្បទានមាន​តិច​ជាង​មុន​ ដោយ​សារ​ដីភាគ​ច្រើន​ត្រូវ​បាន​បែងចែក​រួច​ទៅ​ហើយ។ ​ប៉ុន្តែ​ ជា​ឧទាហរណ៍​ ​មានក្រុមហ៊ុន​ខ្លះមិន​បាន​ធ្វើ​តាម​កិច្ច​សន្យា​របស់​ពួក​គេ​ទេ​ ​តែ​យើង​មិនឃើញ​រដ្ឋាភិបាល​បង្ក្រាបក្រុម​ហ៊ុន​ទាំង​នោះ​ទេ។ ​អ្នក​ដឹង​ទេ ​ឧទាហរណ៍​ក្រុមហ៊ុន ​ដែល​អង្គការ​ Global Witness ​បាន​ធ្វើការ​លាតត្រដាង​នៅ​ក្នុង​ឆ្នាំ​២០១៣​ គឺក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​វៀតណាម​ឈ្មោះ​ ​Vietnamese Rubber Group ​ដែល​បាន​កាន់​កាប់​ដី​១៦០.០០០​ហិកតា​នៅ​កម្ពុជា។ ​សម្បទាន​ដី​នេះ​មាន​ទំហំ​១៦​ដង​ធំជាង​កម្រិត​ទំហំដី​សម្បទានស្រប​ច្បាប់ ​ព្រោះថា​ ​ក្រុម​ហ៊ុន​មួយ​អាច​កាន់​កាប់​ដី​សម្បទាន​បាន​១០.០០០​ហិកតា។​ យើង​បាន​លាត​ត្រដាង​រឿង​នេះ ​ហើយវា​ត្រូវ​បាន​សារព័ត៌មាន ​និង​សហគមន៍​ដែលរង​ការប៉ះពាល់​សរសេរ។ ​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កាន់​កាប់​ដី​ទំហំនោះ ហើយក្រុមហ៊ុន​នៅ​តែមាន​ការប៉ះទង្គិច​ជាមួយ​សហគមន៍។​ ជម្លោះ​ទាំង​នោះ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ។​ មាន​ករណី​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​បាន​និយាយ​ថា​ ពួក​គេ​ចង់​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រជា​ពលរដ្ឋ។ ​តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​និយាយ​ដោយ​ផ្ទាល់​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ទេ។​ ដូច្នេះ​ពិត​ជា​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​សហគមន៍។​ ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ស្ថានភាព​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង។​

VOA៖​ តើ​អ្នក​មាន​បាន​ឃើញ ​ឬ​បានឮ​ការឆ្លើយ​តប​ពី​រដ្ឋាភិបាល​ទាក់ទង​នឹង​របាយ​ការណ៍​របស់​អ្នក​ទេ?​

Josie៖ ​អង្គការ​ Global Witness ​បាន​នឹង​កំពុង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៥ ​ដូច្នេះរយៈ​ពេល​២០​ឆ្នាំ​មកហើយ​រហូត​ដល់​ឥឡូវ​នេះ។​ ​តាម​ពិតទៅ​ នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ការ​ធ្វើ​ការងារ​នៅ​ទីនោះ​ ការ​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​នេះពេល​ខ្លះ​មាន​លក្ខណៈ​វិជ្ជមាន។​ ​ ឧទាហរណ៍​នៅ​ចំណុច​មួយ​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​អ្នក​ឃ្លាំមើល​ព្រៃ​ឈើ​ឯករាជ្យ​របស់​រដ្ឋាភិបាល​ ហើយ​វា​ជា​ការ​ងារ​របស់​អង្គការ​ Global Witness ​ដើម្បី​ត្រួត​ពិនិត្យ​មើល​ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ ប្រជាជនមិនកាប់​ឈើ​ខុស​ច្បាប់។​ ប៉ុន្តែ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​រដ្ឋាភិបាល​ត្រូវ​ចប់នៅ​ពេល​ដែល​យើង​ចេញ​របាយ​ការណ៍ហៅ​ថា ​Family Tree ​(ចង្កោម​គ្រួសារ)។​ យើង​បាន​លាត​ត្រដាង​ពី​របៀប​ដែល​នាយក​រដ្ឋ​មន្រ្តី ​និង​សមាជិក​មួយ​ចំនួន​នៃ​ក្រុម​គ្រួសារ​របស់​គាត់​ ​បាន​ធ្វើ​ចំពោះព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ទំនាក់​ទំនង​របស់​យើងជា​មួយ​រដ្ឋាភិបាល​មិន​ល្អ​នោះ​ទេ។ ហើយការ​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​របស់​យើងមិន​មាន​លក្ខណៈ​វិជ្ជមាន​ទេ។​ នោះ​ជា​ការណ៍​ពិត​រហូត​មក​ដល់​ខែ​មីនា​ឆ្នាំ​នេះ ​នៅ​ពេល​ដែល​យើង​បាន​ចេញ​របាយ​ការណ៍​ The Cost of Luxury «តម្លៃ​នៃ​ភាព​ប្រណិត»។ ជា​ថ្មី​ម្តង​ទៀត​ ​របាយ​ការណ៍​របស់​យើង​ពិនិត្យ​មើល​ទៅ​លើ​ការ​កាប់​ឈើ​ខុសច្បាប់។ ​រដ្ឋ​សភា​ជាតិ​បាន​បង្កើត​គណៈ​កម្មការ​សភា​មួយ​ឡើង។​ នេះ​ជា​លើក​ដំបូង​ដែល​មាន​ការ​ឆ្លើយ​តប​សមរម្យ។​

VOA៖​ តើ​អ្នក​ឃើញ​អនាគត​នៃ​បញ្ហា​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ជា​យ៉ាងណា​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ក្រោយ? ​តើ​មាន​ដំណោះ​ស្រាយ​ឬ​ទេ?​

Josie៖​ យើងលំបាក​សន្និដ្ឋានណាស់ ព្រោះ​ថា​ ប្រទេស​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​ប្រែប្រួល​ខ្លាំងណាស់​ ដែលយើង​មិន​អាច​ទស្សន៍ទាយ​បាន​ ដោយសារ​មានព្រឹត្តិ​ការណ៍​ផ្សេង។​ ហើយ​ដី​គឺ​ជា​បញ្ហា​សំខាន់​របស់​ប្រទេស​នេះ។​ នៅ​ពេល​ដែល​រដ្ឋាភិបាលចាប់​ផ្តើមរៀបចំ​ជា​ថ្មី​ម្តង​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ ហើយ​បន្ទាប់​មក​ការ​បោះ​ឆ្នោត​ជាតិ​ យើង​ពិបាក​ទស្សន៍​ទាយ​ណាស់​ថា​ តើ​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​ធ្វើ​អ្វី។​ ប៉ុន្តែ​បច្ចុប្បន្ន​មើល​ទៅ​ដូច​ជាមិន​មាន​ដំណោះ​ស្រាយ​អ្វី​ទេ។​ អ្វី​ដែល​ត្រូវ​កើត​ឡើង​គឺ​រដ្ឋាភិបាល​ត្រូវ​យក​ដី​ពី​ក្រុម​ហ៊ុន​ត្រឡប់​មក​វិញ ហើយ​បែង​ចែក​ដី​ទាំង​នោះ​ទៅ​ឲ្យ​សហគមន៍​មូលដ្ឋាន ​និង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ប្លង់​ដី​រឹង។​ ទោះជា​បណ្ណកម្ម​សិទ្ធិ​ឯកជន ​ឬបណ្ណ​កម្មសិទ្ធិ​សហគមន៍​ក៏​ដោយ។ ​ដូច្នេះ​បញ្ហា​ដីធ្លី​នឹង​មិន​អាច​កើត​ឡើង​ចំពោះ​ពួក​គេ​ទៀតទេ​ នៅពេល​អនាគត។ ​ខ្ញុំ​មើលមិន​ឃើញ​សញ្ញា​ដែល​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ដូច្នេះ​ទេ។ ​ប៉ុន្តែ​ជាក់​ស្តែង​ វា​អាស្រ័យទៅ​លើ​កម្លាំងនយោបាយ។​

VOA៖​ តើ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​បញ្ហា​ធ្ងន់​ធ្ងរ​បំផុត​ឬ? ​តើ​ប្រទេស​ផ្សេងៗ​ទៀត​មាន​បញ្ហា​ដូចគ្នា​នេះ​ដែរ​ទេ? ​តើ​ប្រទេស​ណា​ដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ទាក់ទង​នឹង​ការ​រឹបអូស​ដីធ្លី?​

Josie៖​ នេះ​ជា​បញ្ហា​ធំ​ ដែលកើត​មាន​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក។​ ​វា​បាន​កើត​មាន​នៅ​អាហ្វ្រិក ​នៅ​អាមេរិក​ឡាទីន​ និង​នៅ​អាស៊ី​អាគ្នេយ៍​ផង​ដែរ។​

ជា​ការណ៍​ពិត​ណាស់​ នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រទេសដែលគេ​និយាយ​ថា​ មាន​ការ​រំលោភ​ដីធ្លី​ច្រើន​ជាង​គេ​បំផុតនោះ​គឺ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ នៅ​ទ្វីប​អាហ្វ្រិក។​ ហើយ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិកមាន​ទំហំ​ធំ​សម្បើម​ណាស់​ បើ​ធៀប​ទៅ​នឹង​ប្រទេស​កម្ពុជា​ ហើយទំហំដី​ដែលត្រូវ​បាន​គេ​រឹបអូស​យក​ទំនង​ជា​មាន​ទំហំ​ធំ​ជាង។ ​បើ​និយាយ​អំពីតំបន់​អាស៊ី​អាគ្នេយ៍ ​ប្រទេស​កម្ពុជា ​ឡាវ​ និង​ភូមា​បញ្ហា​រឹបអូស​ដីធ្លី​មានច្រើន។​ ហើយបញ្ហា​នេះ​កាន់​តែ​ធំ​ទៅទៀត​នៅ​ក្នុង​ប្រទេស​ចិន​ និង​នៅ​ក្នុង​ប្រទេសប៉ាពួញូហ្គីណេ។​ ខ្ញុំដឹង​ថា​ ប្រទេស​ឥណ្ឌូនេស៊ី​ក៏​មាន​បញ្ហា​រឹបអូសដីធ្លី​ច្រើន​សម្បើម​ណាស់​ដែរ។​ ដូច្នេះ​វា​បង្ហាញ​ពី​រូបភាព​ដែលកើត​មាន​នៅ​តាមបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ភាគ​ច្រើន​បំផុត​នៅ​ពេល​បច្ចុប្បន្ននេះ​ គឺ​តាំងពី​មានវិបត្តិ​ហិរញ្ញ​វត្ថុ​ក្នុង​ឆ្នាំ២០០៨​ និង​វិបត្តិ​ស្បៀងពិភពលោក។​ វិបត្តិ​ទាំង​ពីរ​នេះបាន​កើត​ឡើងនៅ​ពេល​ជា​មួយ​គ្នា។​ ​ហើយ​ពិភពលោក​បាន​ចាប់​ផ្តើម​ដឹង​ថា​ ប្រហែល​មក​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ ដូចជាស្តុក ​និង​ភាគហ៊ុន​ ដែលប្រហែលជាមិន​អាច​រក្សា​ទុក​បាន​ហ្នឹង​ហើយ​ បាន​ជា​វិនិយោគិន​ចាប់​ផ្តើម​រក​ទ្រព្យ​សម្បត្តិ​ដែល​ពួក​គេ​អាច​ធ្វើ​ការ​វិនិយោគ​បាន។​ ​ហើយ​ដី​ស្រែ​ចម្ការ​ជា​ផ្នែក​មួយ​នៃ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ។​ ដូច្នេះ​ពួក​គេ​បាន​ចេញ​ទៅ​ប្រទេស​ដែល​ពួក​គេ​អាច​ធ្វើ​កិច្ច​ព្រម​ព្រៀង​មានលក្ខណៈ​ពុក​រលួយជា​មួយ​រដ្ឋាភិបាល​ ដែល​អនុញ្ញាត​ឲ្យពួកគេ​កាន់កាប់​ដី​ជា​ច្រើន។ ​ហើយ​ប្រសិន​បើ​អ្នក​កាន់កាប់​ដី​ ​ ដី​នឹង​ឡើងថ្លៃ ហើយ​អ្នកអាច​លក់​វា​បាន​ថ្លៃ។​ ដូច្នេះ​វា​ជា​បញ្ហា​ធំ​នៅ​ទូទាំង​ពិភព​លោក។​

VOA៖​ តើ​អ្នក​នឹង​មាន​ផែន​ការ​ធ្វើគម្រោង​ផ្សេង​ទៀតនៅ​ក្នុង​ប្រទេស​កម្ពុជា​ត​ទៅ​ទៀត​ ឬ​ក៏មាន​ផែនការ​ឈប់​ក្នុង​ពេល​ណា​មួយ?

Josie៖ អង្គការ​ Global Witness ​មិន​មាន​ផែន​ការ​បញ្ឈប់​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។​ យើង​បាន​ចាប់​ផ្តើម​ធ្វើនៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​យើង​មាន​ការ​ប្តេជ្ញា​ចិត្ត​ដោយ​សង្ឃឹម​ថា ​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ​របស់​ពួក​គេ។​ បច្ចុប្បន្ន​នេះ​ពាក់​ព័ន្ធ​ទៅ​នឹង​ផែន​ការ​របស់​យើង​នា​ពេល​អនាគត ​យើង​កំពុង​តែ​ធ្វើ​ការ​លើ​របាយ​ការណ៍​ដែល​យើង​បានចេញ​ផ្សាយ​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​មុន។​ ដូច្នេះ​យើង​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម​ Vietnamese Rubber Group ​និង​ក្រុមហ៊ុន ​Hoang Anh Gia Lai ​ដើម្បី​ព្យាយាម​ និង​ជួយ​ឲ្យសហគមន៍​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​សំណង៕​