រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមនៅសប្តាហ៍នេះផ្តល់នាវាការពារដែនសមុទ្រមួយគ្រឿងទៀតទៅឲ្យវៀតណាម ដែលប្រទេសនេះ អាចបង្កើនការការពាររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន។
ក៏ប៉ុន្តែ នៅខាងក្រោយចំណាត់ការនេះ វៀតណាមនិងសហរដ្ឋអាមេរិកកំពុងខិតខំដោះស្រាយឱនភាពពាណិជ្ជកម្មដែលកំពុងរីកកាន់តែធំឡើងដែលបានធ្វើឲ្យពួកមន្រ្តីសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើល។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានត្អូញត្អែចាប់តាំងពីខែមិថុនាថា សហរដ្ឋអាមេរិក ទិញទំនិញផលិតនៅក្នុងប្រទេសវៀតណាមកាន់តែច្រើនឡើងបើប្រៀបធៀបទៅនឹងអ្វីដែលពួកអ្នកប្រើប្រាស់ទំនិញជនជាតិវៀតណាមទិញមកពីសហរដ្ឋអាមេរិក។
វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញការផលិតទំនិញសម្រាប់ការរីកលូត លាស់សេដ្ឋកិច្ចរបស់ខ្លួនជាង៦ភាគរយក្នុងមួយឆ្នាំ។ ឱនភាពពាណិជ្ជកម្មនេះបានឡើងទៅដល់ប្រហែល៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដែលការិយាល័យជំរឿនពលរដ្ឋរបស់សហរដ្ឋអាមេរិក បានហៅថា ជាឱនភាពធំទី៥រវាងសហរដ្ឋអាមេរិកនិងវៀតណាម។
ពួកអ្នកវិភាគនិយាយថា៖ «ការប្តូរការផលិតទំនិញនាំចេញពីប្រទេសចិន ដោយសារការយកពន្ធគយរបស់សហរដ្ឋអាមេរិកនៅពេលឥឡូវនេះទៅប្រទេសវៀតណាមបានធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនភ្ញាក់ផ្អើល»។
លោក Rajiv Biswas ប្រធានសេដ្ឋវិទូតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឯក្រុមហ៊ុនស្រាវជ្រាវ HIS Markit និយាយថា៖ «ការព្រួយកង្វល់មកពីភាគីវៀតណាមគឺថា សហរដ្ឋអាមេរិក អាចនិយាយថា មិនអីទេ យើងនឹងដាក់ពន្ធគយលើទំនិញនាំចេញពីវៀតណាម»។
លោកបាននិយាយទៀតថា៖ «ក៏ប៉ុន្តែ ខ្ញុំគិតថា វៀតណាមអាចបញ្ចៀសគ្រោះថ្នាក់នេះបានដោយការទិញទំនិញច្រើនមកពីសហរដ្ឋអាមេរិក»៕