ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារធាតុគីមី Agent Orange នៅ​តែ​ជា​បញ្ហា​ព្រួយបារម្ភ​ចម្បង​មួយ​សម្រាប់​វៀតណាម


រូបឯកសារ៖ ទាហានវៀតណាមម្នាក់ឈរល្បាតកន្លែងរកការបំពុលដោយសារធាតុគីមី Agent Orange ស្របពេលដែលរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Jim Mattis ធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាស Bien Hoa នៅជាយក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ ទាហានវៀតណាមម្នាក់ឈរល្បាតកន្លែងរកការបំពុលដោយសារធាតុគីមី Agent Orange ស្របពេលដែលរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Jim Mattis ធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាស Bien Hoa នៅជាយក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

វៀតណាម​បាន​ប្រគល់​តំបន់​ដី​មួយ​កន្លែង​ទៅ​ឲ្យ​សហរដ្ឋអាមេរិក ដែល​ជា​អតីត​សត្រូវ​របស់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម។ នៅ​ពេល​នេះ ភាគី​ទាំង​ពីរ​មិន​មែន​ប្រយុទ្ធ​គ្នា​នៅ​លើ​សមរភូមិ​ចាស់​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ កំពុង​តែ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​ក្រោម​ដី​តំបន់​នោះ ដែល​បន្សល់​ពី​សម័យ​សង្គ្រាម។

អ្វី​ដែល​ស្ថិត​នៅ​ខាង​ក្រោម​ដី​តំបន់​នោះ​គឺ​សំណល់​សារធាតុ​គីមី Agent Orange ដែល​ទាហាន​អាមេរិកាំង​បាន​បាញ់​ពី​លើ​មេឃ​នៅ​ទូទាំង​ប្រទេស​វៀតណាម​ដើម្បី​បំផ្លាញ​ស្រទាប់​ព្រៃ​ឈើ​ក្នុង​ជំនាន់​សង្គ្រាម​វៀតណាម។

ឥឡូវនេះ វៀតណាម​បាន​ប្រគល់​ដី​ជាង ៣៧ ហិកតានៅ​ខាង​ក្រៅ​ទីក្រុង​ហូជីមិញ​ឲ្យ​សហរដ្ឋ​អាមេរិក​ជា​បណ្ដោះអាសន្ន​ដើម្បី​កម្ចាត់​សារធាតុ​គីមី Agent Orange ដែល​ជា​សារធាតុ​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក និង​ជំងឺ​ផ្សេង​ទៀត ក៏​ដូចជា​ប៉ះពាល់​ដល់​សរីរាង្គ​របស់​ទារក​នៅ​ក្នុង​ផ្ទៃ និង​ការ​បំផ្លិច​បំផ្លាញ​ដល់​បរិស្ថាន​ផង​ដែរ។

មន្ត្រី​មក​ពី​ប្រទេស​ទាំង​ពីរ​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​តំបន់​ដី​នោះ​ជា​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ មុន​ពេល​ចាប់ផ្ដើម​គម្រោង​បោស​សម្អាត​សារធាតុ Agent Orange នេះ​នៅ​ក្នុង​ទីក្រុង Bien Hoa នៅ​ភាគ​ខាង​ត្បូង​ប្រទេស។

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ហាណូយ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «មូលដ្ឋាន​ទ័ព​អាកាស Bien Hoa ដែល​ជា​កន្លែង​ផ្ទុក និង​គ្រប់គ្រង​សារធាតុ​គីមី Agent Orange ក្នុង​អំឡុង​ពេល​សម័យ​សង្គ្រាម​វៀតណាម គឺ​ជា​កន្លែង​នៅ​សេសសល់​ធំ​ជាង​គេ​បង្អស់​ដែល​មាន​ការ​បំពុល​ដោយ​សារធាតុ​គីមី​នេះ​នៅ​ក្នុង​ប្រទេស​វៀតណាម»។

សេចក្ដី​ថ្លែង​ការណ៍​នោះ​បាន​បន្ត​ថា ចំណុច​នេះ​បង្ហាញ​អំពី​កិច្ច​ប្រឹងប្រែង​ថ្មី​ចុង​ក្រោយ​បង្អស់ «ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​បេសកកម្ម​មនុស្ស​ធម៌​ក្នុង​ការ​ស្វែងរក​យុទ្ធជន​ដែល​បាន​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម និង​ដោះស្រាយ​បញ្ហា​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ដូចជា​ការ​លុបបំបាត់​គ្រាប់​មិន​ទាន់​ផ្ទុះ ជំនួយ​សម្រាប់​ជន​ពិការ និង​ការ​លុប​បំបាត់​សារធាតុ​គីមី​ឌីអុកស៊ីន​ជា​ដើម»។

ទោះបីជា​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​តបស្នង​វិញ​សម្រាប់​ការ​ជ្រៀតជ្រែក​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​វៀតណាម​ដែល​ជា​សង្គ្រាម​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​ជំទាស់​ក៏​ដោយ ក៏​គេ​ឃើញ​ថា សំណង​ដែល​សហរដ្ឋ​អាមេរិក​ព្យាយាម​ធ្វើ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ។

អង្គការ War Legacies Project ដែល​ជា​អង្គការ​តស៊ូ​មតិ​ឲ្យ​ជន​រងគ្រោះ​ដោយសារ​សារធាតុ​គីមី Agent Orange បាន​គាំទ្រ​កិច្ច​ប្រឹងប្រែង​កម្ចាត់​សារធាតុ​គីមី​នេះ ប៉ុន្តែ​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​មិន​បាន​ធ្វើ​គ្រប់គ្រាន់​នៅ​ឡើយ​នៅ​ក្នុង​ការ​ជួយ​ពលរដ្ឋ​វៀតណាម ដែល​នៅ​រងគ្រោះ​ដោយសារ​ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​ពុល​ដែល​បណ្ដាល​មក​ពី​សារធាតុ​គីមី Agent Orange។

អង្គការ​នេះ​បាន​បញ្ជាក់​នៅ​លើ​វិបសាយ​របស់​ខ្លួន​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅតែ​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ផ្ដល់​ជំនួយ​ជា​ពិសេស​ដល់​អ្នក​ដែល​ត្រូវ​បាន​វៀតណាម​ជឿ​ថា រង​ការ​ប៉ះពាល់​ដោយ​សារធាតុ Agent Orange»។

ទោះបីជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ទាហាន​អាមេរិកាំង​ចូល​និវត្តន៍ ដែល​រងគ្រោះ​ដោយសារ​សារធាតុ Agent Orange ក៏​ដោយ ក៏​ខ្លួន​បាន​ច្រាន​ចោល​ការ​អះអាង​របស់​វៀតណាម ដែល​ថា សារធាតុ​គីមី​នោះ​បង្ក​ជា​ជំងឺ​មហារីក បង្ក​ឲ្យ​ខូច​អវយវៈ និង​ឆ្អឹង​កង​ខ្នង ក៏ដូចជា បង្ក​ការ​ប៉ះពាល់​ផ្សេងៗ​ទៀត។

នៅ​ជុំវិញ​តំបន់ Bien Hoa រដ្ឋាភិបាល​វៀតណាម និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ដែល​ហៅ​កាត់​ថា USAID បាន​កំណត់​ថា មាន​ដី​ទំហំ​ប្រមាណ ៥ សែន​ម៉ែត្រ​គូប ដែល​បាន​រង​ការ​បំពុល​ដោយសារ​សារធាតុ​គីមី​ឌីអុកស៊ីន។ ទំហំ​នេះ​គឺ ៤ ដង​ធំ​ជាង​តំបន់​ដែល​រង​ការ​បំពុល​ច្រើន​ដោយសារ​សារធាតុគីមី​នេះ​នៅ​ទីក្រុង Da Nang នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ដែល​ជា​កន្លែង​ដែល​ទាហាន​សហរដ្ឋ​អាមេរិក​បាន​ចូល​ជា​លើក​ដំបូង​ក្នុង​ប្រទេស​វៀតណាម ដើម្បី​ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​វៀតណាម​កាល​ពី​ឆ្នាំ ១៩៦៥។

ការ​សម្អាត​សារធាតុ​គីមី Agent Orange ចេញ​ពី​ប្រលាន​យន្តហោះ​ក្រុង Da Nang ត្រូវ​ចំណាយ​ថវិកា​អស់ ១១០ លាន​ដុល្លារ និង​ពេលវេលា ៦ ឆ្នាំ។ អង្គការ USAID បាន​យល់ព្រម​ចំណាយ​ថវិកា​ចំនួន ១៨៣ លាន​ដុល្លារ​សម្រាប់​រយៈពេល ៥ ឆ្នាំ​ដំបូង​នៃ​ការ​សម្អាត​សារធាតុ​គីមី​នៅ​តំបន់ Bien Hoa ដែល​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​នឹង​ចំណាយ​ពេល​អស់ ១០ ឆ្នាំ។

ទោះបី​ជា​ការ​សម្អាត​ចុងក្រោយ​នៃ​សារធាតុ​គីមី Agent Orange នេះ​កំពុង​តែ​បោះជំហាន​ទៅ​មុខ​ក៏​ដោយ រឿង​នេះ​ទំនងជា​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។

លោក Carly Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកលវិទ្យាល័យ New South Wales នៅ​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា អ្នក​តាមដាន​ស្ថានការណ៍​នានា​កំពុងតែ​រង​ចាំ​មើល​នៅ​ពេល​ដែល​ប្រធានាធិបតី​វៀតណាម​លោក Nguyen Phu Trong ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ។ ហើយ​បញ្ហា​ផ្សេងៗ​អំពី​សង្គ្រាម​វៀតណាម​ក៏​នឹង​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​នៅ​ពេល​នោះ។

លោក Thayer និយាយ​ថា៖ «វៀតណាម​នឹង​ដាក់​សម្ពាធ​លើ​សហរដ្ឋអាមេរិក​ឲ្យ​បន្ត​ដោះស្រាយ​បញ្ហា​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ដូចជា​បញ្ហា​សារធាតុ​គីមី Agent Orange ឬ​ក៏​ការ​បំពុល​ដោយ​សារធាតុ​គីមី​ឌីអុកស៊ីន និង​ការ​លុប​បំបាត់​គ្រាប់​មិន​ទាន់​ផ្ទុះ»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG