ផែនទីទាំងពីរ ដែលមួយគឺស្ថិតនៅក្នុងរថយន្តប្រណិតម៉ាក Volkswagen និងមួយទៀតនៅក្នុងភាពយន្តរបស់ក្រុមហ៊ុន DreamWorks បង្ហាញពីខ្សែបន្ទាត់ដែនសមុទ្រដែលដាច់ជា៩ចំណុច។ រដ្ឋាភិបាលក្រុងប៉េកាំងប្រើប្រាស់ផែនទីនោះដើម្បីអះអាងលើការទាមទាររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ ក្រុមមន្ត្រីវៀតណាមបានបដិសេធខ្សែបន្ទាត់នោះ ហើយនិយាយថា ដែនទឹកមួយចំនួននៅក្នុងខ្សែបន្ទាត់នោះជាកម្មសិទ្ធិរបស់វៀតណាម។
ប្រទេសទាំងពីរមានជម្លោះលើអធិបតេយ្យភាពដែនសមុទ្រចាប់តាំងពីទសវត្សរ៍ ១៩៧០។
ក្រុមអ្នកស្រាវជ្រាវនៅអាស៊ីនិយាយថា ប្រទេសវៀតណាមប្រហែលនឹងបន្តរាំងខ្ទប់ឯកសារដែលពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់ចិនទៅលើសមុទ្រចិនខាងត្បូង ដែលមានទំហំ៣លាន ៥សែនគ.ម.ការ៉េ។ ពួកគេអាចនឹងធ្វើតាមប្រទេសចិន ដោយប្រើប្រាស់វិធានការផ្តាច់ការដើម្បីបិទគេហទំព័រ និងការបោះពុម្ពផ្សាយដែលផ្សព្វផ្សាយផ្ទុយនឹងជំហររបស់វៀតណាមទៅលើបញ្ហាអន្តរជាតិ។
លោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិង្ហបុរីសម្រាប់កិច្ចការអន្តរជាតិនិយាយថា៖
«ខ្ញុំគិតថា នេះជាកិច្ចប្រឹងប្រែងថ្មីៗ និងជាអ្វីដែលខ្ញុំហៅថា ការរឹតត្បិត។ អ្នកត្រូវតែបន្តសង្កត់ធ្ងន់ពីអធិបតេយ្យភាពរបស់អ្នកលើចំណែកមួយ ដោយសារតែប្រសិនបើអ្នកមិនធ្វើដូច្នេះទេ សហគមន៍អន្តរជាតិនឹងគិតថា អ្នកចុះចាញ់»។
ពីដំបូងស្ថិតនៅក្នុងភាពយន្ត ហើយក្រោយមកស្ថិតនៅក្នុងរថយន្ត
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកឈ្មោះ VnExpress International បានរាយការណ៍ថា រោងភាពយន្តវៀតណាមបានឈប់ចាក់បញ្ចាំងភាពយន្ត Abominable នៅពាក់កណ្តាលខែតុលា ដោយសារតែឈុតឆាកនៅក្នុងភាពយន្តនេះបង្ហាញផែនទីមួយដែលបង្ហាញយ៉ាងច្បាស់ពីការទាមទាររបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើសមុទ្រចិនខាងត្បូង។ ប្រទេសវៀតណាមមិនយល់ស្របលើការទាមទារចំណែករបស់ចិននោះទេ។
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងកោះតៃវ៉ាន់ក៏មានការទាមទារចំណែកជាន់គ្នាជាមួយនឹងការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយទិន្នផលនេសាទ និងអណ្តូងប្រេងផងដែរ។ សកម្មភាពក្នុងដែនទឹករបស់ចិនបានធ្វើឲ្យវៀតណាមជាមានការខឹងសម្បាដោយសារតែចិនបានគ្រប់គ្រងប្រជុំកោះ Paracel ដែលមានកោះចំនួន១៣០ ហើយជាកោះដែលប្រទេសទាំងពីរទាមទារដូចគ្នា។
សារព័ត៌មានរដ្ឋឈ្មោះថា Viet Nam News បានរាយការណ៍ថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា មន្រ្តីគយវៀតណាមបានសម្រេចរឹបអូសរថយន្ត Volkswagen ដែលមាន៥កៅអី និងមានតម្លៃ១៧៣.០០០ដុល្លារ បន្ទាប់ពីផែនទីបង្ហាញទីតាំង GPS របស់រថយន្តនោះបង្ហាញពីខ្សែបន្ទាត់ដែនសមុទ្រដែលដាច់ជា៩ចំណុច «ខុសច្បាប់» របស់ចិន។ អ្នកនាំចូលរថយន្តនេះនឹងរងការពិន័យរហូតដល់២.៦០០ដុល្លារ ហើយក្រុមហ៊ុន Volkswagen Viet Nam នឹងរងការពិន័យរហូតដល់១.៧២៤ដុល្លារ។
សារព័ត៌មាន Viet Nam News បានរាយការណ៍ថា «អគ្គនាយកដ្ឋានគយបាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាលដែលមានសមត្ថកិច្ចទាំងអស់នៅក្នុងកិច្ចប្រជុំលើបញ្ហានេះបានយល់ព្រមជាឯកតោភាគីថា ការបំពានបែបនេះត្រូវតែដោះស្រាយឲ្យបានតឹងរ៉ឹង»។
សារព័ត៌មាន VnExpress International បានរាយការណ៍ថា សាកលវិទ្យាល័យឯកជនមួយនៅក្នុងប្រទេសវៀតណាមបានសម្រេចចិត្តដោយខ្លួនឯងក្នុងការកម្ទេចចោលសៀវភៅចំនួន៥០០ ទៅ៧០០ក្បាល ដែលប្រើប្រាស់ដោយនិស្សិតភាសាចិនឆ្នាំទី១ ដោយសារតែសៀវភៅទាំងនេះមានផែនទីដែលគេហាមឃាត់។
សៀវភៅណែនាំរបស់ចិន
រដ្ឋាភិបាលក្រុងប៉េកាំងបានសុំឲ្យក្រុមហ៊ុនបរទេសរាប់សិបក្រុមហ៊ុន ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ឲ្យកែពាក្យពេចន៍នៅលើគេហទំព័ររបស់ពួកគេ ដើម្បីឆ្លុះបញ្ចាំងពីទស្សនៈនយោបាយរបស់ចិន។ ក្រុមហ៊ុនបរទេសបានធ្វើតាម ដោយបានហៅកោះតៃវ៉ាន់ដែលមានប្រព័ន្ធគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកមួយរបស់ចិន ដើម្បីឆ្លុះបញ្ចាំងពីគោលជំហររបស់ចិន។
លោក Oh បាននិយាយថា ចិន និងវៀតណាម ក្នុងនាមជាប្រទេសកុំម្មុយនិស្ត «មានភាពដូចគ្នា» ក្នុងអនុវត្តការរឹតត្បិតនេះ។ ពលរដ្ឋនៅក្នុងប្រទេសទាំងពីរបានចូលរួមតាមរយៈការជូនដំណឹងដល់អាជ្ញាធរ។ អ្នកទស្សនាភាពយន្តបានឃើញផែនទីនោះនៅក្នុងប្រទេសវៀតណាម។ ក្នុងប្រទេសចិន អ្នកលេងអ៊ីនធឺណិតបានឃើញគេហទំព័របរទេសខ្លះសរសេរបង្កប់ន័យថា តៃវ៉ាន់ជាប្រទេសមួយ។ អ្នកវិភាគនិយាយថា តទៅមុខ ប្រទេសវៀតណាមអាចនឹងសង្កត់ធ្ងន់លើបញ្ហានេះ និងបង្ក្រាបការបង្ហាញនានាដែលគាំទ្រដល់រដ្ឋាភិបាលក្រុងប៉េកាំងពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។
លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ ក្នុងក្រុងហូជីមិញបាននិយាយថា «ឥឡូវនេះ វាដូចជានិន្នាការទូទៅមួយសម្រាប់ ឯកសារ ភាពយន្ត បណ្តាញផ្សព្វផ្សាយ និងសៀវភៅទាំងអស់ដែលមានផែនទីចិនដែលមានខ្សែបន្ទាត់ដែនសមុទ្រដែលដាច់ជា៩ចំណុច»។
លោក Rajiv Biswas ប្រធានក្រុមអ្នកសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈ្មោះថា IHS Markit និយាយថា ផែនទីទាំងនោះបានក្លាយជាកម្មវត្ថុនៃការត្រួតពិនិត្យភ្លាមៗ ដោយសារតែ «ភាពតានតឹងកាន់តែខ្លាំងទៅៗ»។ នាវាស្រាវជ្រាវរបស់ចិនមួយបានបញ្ឆេះឲ្យមានការខឹងសំបារនៅដើមឆ្នាំនេះ នៅពេលដែលនាវានោះឧស្សាហ៍ចូលទៅជិតកន្លែងរុករកប្រេងរបស់វៀតណាម។
ប្រទេសចិនបានប្រកាសជាផ្លូវការនូវការទាមទាររបស់ខ្លួនចំពោះដែនសមុទ្រទាំងមូល ក្នុងទសវត្សរ៍ចុងក្រោយនេះ ដោយបានចាក់បំពេញដីសាងសង់កោះ។
ប្រទេសម៉ាឡេស៊ី តៃវ៉ាន់ និងហ្វីលីពីន ដែលជាប្រទេសប្រជាធិបតេយ្យ នឹងមានការលំបាកកាន់តែខ្លាំងក្នុងការរាំងខ្ទប់ឯកសារទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផលិតភាពយន្តAbominable បានសម្រេចមិនចាក់បញ្ចាំងភាពយន្តនេះនៅក្នុងប្រទេសម៉ាឡេស៊ីនោះទេកាលពីខែមុន បន្ទាប់ពីមានការរាំងខ្ទប់ផែនទីនោះ។ នៅក្នុងប្រទេសហ្វីលីពីន លោក Teodoro Locsin រដ្ឋមន្ត្រីការបរទេសនិយាយថា ផែនទីនៅក្នុងភាពយន្តនោះគួរត្រូវបានគេកាត់ចេញ។
ភាពមានកម្រិតរបស់វៀតណាម
លោក Biswas បាននិយាយថា អ្នកនាំចេញសម្ភារៈដែលមានផែនទីនោះត្រូវតែមានការប្រុងប្រយ័ត្នឥឡូវនេះ។
លោកបាននិយាយថា៖
«ពួកគេត្រូវតែចៀសវាងបញ្ហារសើបទាំងនេះ ប៉ុន្តែវាពិបាកណាស់ ដោយសារតែគ្រប់គ្នាមានការទាមទាររៀងៗខ្លួន ដូច្នេះបើអ្នកបង្ហាញអ្វីមួយ អ្នកផ្សេងអាចនឹងយល់ថា វាជាគ្រោះថ្នាក់សម្រាប់គេ»។
លោក Stephen Nagy អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកនយោបាយ និងជាសាស្ត្រាចារ្យអន្តរជាតិនៅសាកលវិទ្យាល័យអន្តរជាតិ Christian នៅក្នុងក្រុងតូក្យូនិយាយថា ទោះជាយ៉ាងក៏ដោយ ប្រទេសវៀតណាមនឹងចៀសវាងការរិះគន់ដោយចំហញឹកញាប់ទៅលើក្រុមហ៊ុនអន្តរជាតិ ដោយសារតែប្រទេសនេះពឹងផ្អែកលើការវិនិយោគបរទេសទៅលើរោងចក្រសម្រាប់កំណើនសេដ្ឋកិច្ច។
ប្រទេសចិនអាចនឹងបញ្ចូលព័ត៌មាននេះទៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន ដែលមានទំហំធំជាង សម្រាប់ស្ថិរភាពសេដ្ឋកិច្ច។
លោក Nagy និយាយថា៖
«ជម្រើសចុងក្រោយដែលខ្ញុំគិតគឺថា វៀតណាមនឹងត្រូវបានគេពណ៌នាថាជាប្រទេសរករឿង ឬប្រើប្រាស់ហិង្សាសេដ្ឋកិច្ច តាមរបៀបនៃការអនុវត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលបានបង្កើតរូបភាពបែបនោះ ដូច្នេះខ្ញុំគិតថា វៀតណាមអាចនឹងប្រើប្រាស់មធ្យោបាយទន់ភ្លន់ជាងនេះ ដើម្បីរក្សាមុខមាត់ល្អរបស់ខ្លួន»៕