អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO នៅក្នុងប្រទេសវៀតណាម បានអំពាវនាវឲ្យមានការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសម្រាប់ជនចំណាកស្រុក មិនមែនគ្រាន់តែសម្រាប់អ្នកដែលប្រហែលជាស្ថិតក្នុងចំណោមជនរងគ្រោះទាំង៣៩នាក់នៅក្នុងរថយន្តកុងតឺណឺរបស់អង់គ្លេសកាលពីចុងខែតុលាទេ ប៉ុន្តែគឺសម្រាប់ជនចំណាកស្រុកទាំងអស់ដែលឆ្លងព្រំដែននៅតាមប្រទេសស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេនិងទ្វីបអាមេរិក។
អង្គការពលកម្មអន្តរជាតិហៅកាត់ថា ILO បានអំពាវនាវដល់ក្រុមមន្ត្រីនានាឲ្យធានាថា មានច្រកសុវត្ថិភាពសម្រាប់ធ្វើចំណាកស្រុក ជាជាងដាក់បន្ទុកទៅលើជនចំណាកស្រុក។ អង្គការនេះមិននិយាយសំដៅដល់ការស្លាប់នៅក្នុងចក្រភពអង់គ្លេសនោះទេ ប៉ុន្តែអង្គការនេះចូលរួមសម្ដែងការព្រួយបារម្ភអំពីស្ថានភាពគ្រោះថ្នាក់និងបញ្ហារចនាសម្ព័ន្ធដែលអាចបណ្ដាលឲ្យមានការស្លាប់កើតឡើងបាន។ ហេតុការណ៍មនុស្សស្លាប់នៅក្នុងរថយន្តកុងតឺណឺនៅចក្រភពអង់គ្លេសឥឡូវនេះត្រូវបានគេស៊ើបអង្កេតថាជាករណីមនុស្សឃាតនិងការជួញដូរមនុស្សហើយ។
ទោះជាការធ្វើសកលភាវូបនីយកម្មបានធ្វើឲ្យមានលំហូរចូលនូវក្រុមហ៊ុននិងមូលធននានាឆ្លងកាត់ព្រំដែនក៏ដោយ ក៏វាមិនបានផ្ដល់អត្ថប្រយោជន៍សម្រាប់កម្មករនោះទេ ដែលការណ៍នេះបង្ខំឲ្យពួកគេធ្លាក់ចូលទៅក្នុងការជួញដូរ។ អង្គការ ILO បានឲ្យដឹងថា វាអាស្រ័យទៅលើរដ្ឋាភិបាល និយោជក ទីភ្នាក់ងារទទួលបុគ្គលិកឲ្យធ្វើការ និងសហជីពកម្មករនានា ក្នុងការផ្លាស់ប្ដូរគោលនយោបាយនិងការអនុវត្តរបស់ខ្លួន។
អនុសាសន៍របស់អង្គការនេះក៏រួមមានទាំងការសហការគ្នារវាងបណ្ដាប្រទេសកំណើតនិងប្រទេសគោលដៅ ការប្ដូរពីការយកប្រាក់ដើម្បីធ្វើចំណាកស្រុកពីកម្មករទៅជាយកពីនិយោជកវិញ ហើយនិងធ្វើឲ្យការធ្វើអន្តោប្រវេសន៍ស្របច្បាប់មានតម្លៃថោកជាងមុននិងមានភាពងាយស្រួលជាងមុន ដើម្បីកុំឲ្យពលករចំណាកស្រុកប្រឈមនឹងការជួញដូរ។
ការសហការគ្នាក៏នឹងជួយបង្កើនលទ្ធភាពដែលធ្វើឲ្យជនចំណាកស្រុកទទួលបាននូវជំនាញដែលពួកគេត្រូវការផងដែរ។ ជាឧទាហរណ៍ ប្រទេសជប៉ុនដែលមានប្រជាជនវ័យចំណាស់ សហការជាមួយនឹងបណ្ដាប្រទេសអាស៊ីដទៃទៀត ដែលមានប្រជាជនពេញកម្លាំងធ្វើការក្នុងចំនួនច្រើន ដូចជាប្រទេសវៀតណាម កម្ពុជា និងហ្វីលីពីន ដើម្បីបណ្ដុះបណ្ដាលពលករឲ្យទៅធ្វើការនៅប្រទេសជប៉ុនឬស្វែងរកការងារនៅទីនោះ មុនពេលដែលពួកគេទៅដល់ប្រទេសជប៉ុន។ គំនិតនេះគឺដើម្បីផ្គូផ្គងរវាងប្រទេសដែលមានកម្លាំងពលកម្មច្រើនជាមួយនឹងប្រទេសដែលខ្វះខាតកម្លាំងពលកម្ម។
អង្គការ ILO បានលើកឡើងថា គេមិនគួរផ្ដោតតែលើបុគ្គលនោះទេ ប៉ុន្តែគួរតែផ្ដោតលើការផ្លាស់ប្ដូរប្រព័ន្ធទាំងមូលតែម្ដង។ ជាឧទាហរណ៍ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា នៅពេលដែលសហរដ្ឋអាមេរិកនិងអឺរ៉ុបដាក់កម្រិតលើការធ្វើចំណាកស្រុក ពួកគេមិនបានបញ្ឈប់ពលករចំណាកស្រុកឲ្យឈប់ធ្វើចំណាកស្រុកនោះទេ ប៉ុន្តែបានត្រឹមតែជំរុញពួកគេឲ្យធ្លាក់ចូលទៅក្នុងជ្រលងដែលកាន់តែមានគ្រោះថ្នាក់ប៉ុណ្ណោះ។
លោក Chang-Hee Lee នាយកអង្គការ ILO ប្រចាំប្រទេសវៀតណាម ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បានថ្លែងកាលពីពេលថ្មីៗនេះថា៖ «ពលករចំណាកស្រុកមិនទៀងទាត់បង្កើននូវការប្រឈមរបស់ពួកគេទៅនឹងការកេងប្រវ័ញ្ច និងដាក់កម្រិតទៅលើលទ្ធភាពរបស់ពួកគេក្នុងការស្វែងរកជំនួយនិងភាពយុត្តិធម៌ ក្នុងអំឡុងពេលដែលពួកគេនៅបរទេស ក៏ដូចជាធ្វើឲ្យពួកគេប្រឈមនឹងការពិន័យនិងទណ្ឌកម្មផ្សេងៗទៀតនៅក្នុងប្រទេសវៀតណាម»។
សេចក្ដីប្រកាសរបស់លោកត្រូវបានធ្វើឡើងជិតមួយសប្ដាហ៍ បន្ទាប់ពីប៉ូលិសបានរកឃើញមនុស្សស្លាប់នៅជាយក្រុងឡុងដ៏ ចក្រភពអង់គ្លេស។
ការរកឃើញនេះបាននាំឲ្យមានការស្វែងរកចាប់ខ្លួនមនុស្សនៅប៉ែកខាងជើងប្រទេសអៀកឡង់។ បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ និងមានការបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់៣៩នាក់ដែលបានស្លាប់នៅក្នុងរថយន្តកុងតឺណឺនោះគឺមកពីប្រទេសវៀតណាម។ ការស្លាប់របស់ពួកគេបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការជួញដូរមនុស្សនិងប្រភេទមនុស្សដែលអង្គការ ILO បានឲ្យដឹងថា «គួរតែត្រូវបានការពារពីការរំលោភបំពាននិងការបោកប្រាស់ថានាំទៅធ្វើការនៅបរទេស»។
ក្រុមមន្ត្រីវៀតណាមនិងអង់គ្លេសកំពុងតែធ្វើការដើម្បីកំណត់អត្តសញ្ញាណរបស់សពជនរងគ្រោះ ដែលត្រូវបានរកឃើញនៅក្នុងរថយន្តកុងតឺណឺនោះ។ ក្នុងចំណោមពលករចំណាកស្រុកជាជនជាតិអាស៊ី ជនជាតិវៀតណាមបង់ប្រាក់ក្នុងតម្លៃខ្ពស់ជាងគេដល់ឈ្មួញកណ្ដាល ហើយចំនួនជនចំណាកស្រុកកំពុងតែកើនឡើង។ នេះបើយោងតាមការបញ្ជាក់របស់អង្គការ ILO។
ការសិក្សាស្រាវជ្រាវរួមគ្នាមួយរវាងអង្គការ ILO និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បានរកឃើញថា ជនចំណាកស្រុកវៀតណាមប្រមាណ៧៥%ត្រូវបានរាយការណ៍ថា ធ្លាប់រងការបំពានសិទ្ធិពលកម្ម ខណៈពេលដែលពួកគេកំពុងតែបំពេញការងារនៅបរទេស។
អនុសាសន៍របស់អង្គការ ILO មិនបានផ្ដោតទៅលើបទឧក្រិដ្ឋនោះទេ។ អង្គការ ILOបានផ្ដល់អនុសាសន៍ដល់អាជ្ញាធរឲ្យធានាថា ពលករចំណាកស្រុកអាចទទួលបាននូវប្រព័ន្ធយុត្តិធម៌ ដោយសារតែពលករចំណាកស្រុកជាច្រើនដែលគ្មានឯកសារស្របច្បាប់ មានការភ័យខ្លាចក្នុងការរាយការណ៍អំពីការរំលោភបំពាននានាទៅកាន់អាជ្ញាធរ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា