«រលកថ្មីនៃការគាបសង្កត់»នៅក្នុងប្រទេសវៀតណាម កំពុងតែរារាំងដល់ការជឿនលឿនក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នេះជាសម្តីរបស់ក្រុមការពារសិទ្ធិមនុស្សទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នៅថ្ងៃសុក្រនេះ ខណៈដែលលោកបានចាប់ផ្តើមទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ នៃប្រទេសវៀតណាម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
វៀតណាមដែលមានសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងលើធ្យូងថ្មនោះ បានតាំងចិត្តថានឹងធ្វើឱ្យលែងមានឧស្ម័នកាបូននៅឆ្នាំ២០៥០។
ក៏ប៉ុន្តែរបបផ្តាច់ការវៀតណាម ក៏បានដាក់ទោសអ្នកការពារបរិស្ថាន៤នាក់ឱ្យជាប់ពន្ធនាគារផងដែរនៅឆ្នាំនេះ ដោយបានកាត់ទោសពួកគេក្នុងបទចោទប្រឌិតឡើង ថាបានគេចវេះមិនបង់ពន្ធ។ នេះបើតាមសម្តីរបស់អង្គការការពារសិទ្ធិមនុស្សមួយក្រុមនៅក្នុងលិខិតចំហមួយច្បាប់ទៅកាន់លោកអគ្គលេខាធិការ Guterres។
លិខិតដែលអង្គការការពារសិទ្ធិមនុស្សចំនួន១៥បានចុះហត្ថលេខា ដែលក្នុងនោះមានរួមទាំងអង្គការ Amnesty International និងអង្គការ Human Rights Watch ផងដែរ បានសរសេរថា៖ «អ្នកទោសនយោបាយទាំងនេះជាជនរងគ្រោះនៃរលកថ្មីនៃការគាបសង្កត់ក្នុងប្រទេសវៀតណាម តាមរយៈការគួបផ្សំការគំរាមកំហែង និង ការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការ ដែលកំពុងតែគំរាមកំហែងដល់ការជឿនលឿនក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ»។
លោក Guterres ដែលកំពុងស្ថិតនៅក្នុងរដ្ឋធានីហាណូយ ដើម្បីកត់សម្គាល់ខួបឆ្នាំទី៤៥នៃការចូលជាសមាជិកនៃអង្គការសហប្រជាជាតិរបស់ប្រទេសវៀតណាមនោះ បានព្រមានកាលពីខែកក្កដាថា មនុស្សលោកកំពុងប្រឈមនឹង «ការធ្វើអត្តឃាតរួម» នៅក្នុងវិបត្តិអាកាសធាតុ។
អង្គការការពារសិទ្ធិមនុស្សទាំង១៥នេះ បានអំពាវនាវឱ្យប្រទេសវៀតណាម បញ្ជាក់ច្បាស់លាស់នូវការតម្រូវបង់ពន្ធរបស់បណ្តាអង្គការក្រៅរដ្ឋាភិបាល ដោយព្រមានថា ច្បាប់បច្ចុប្បន្ននេះ «បើកចំហឱ្យមានការវាយប្រហារដែលជម្រុញឡើងដោយរឿងនយោបាយ លើបណ្តាអង្គការសង្គមស៊ីវិល»។
លោក Guterres នឹងជួបជាមួយប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc មុននឹងចូលរួមក្នុងពិធីមួយ ដើម្បីរំលឹកខួបទី៤៥នៃការចូលជាសមាជិកនៃអង្គការសហប្រជាជាតិរបស់ប្រទេសវៀតណាមនៅថ្ងៃសុក្រនេះ៕
ក្រុមការពារសិទ្ធិមនុស្សនិយាយថា រលកនៃការគាបសង្កត់របស់វៀតណាមគំរាមកំហែងគោលដៅដោះស្រាយបញ្ហាអាកាសធាតុ
ហាណូយ —