សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ បានកើនឡើងប្រមាណជាង៥%។ នេះបើតាមការឲ្យដឹងរបស់រដ្ឋាភិបាលវៀតណាមនៅថ្ងៃអង្គារនេះដោយសារតែការនាំចេញទៅក្រៅប្រទេសរបស់វៀតណាម មានការកើនឡើង ខណៈដែលប្រទេសមួយនេះកំពុងងើបចេញពីការរាតត្បាតជំងឺកូវីដ១៩។ បើទោះជាយ៉ាងនេះក្តី ក៏មន្ត្រីវៀតណាម បានព្រមានពីឧបសគ្គមួយចំនួនផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋកុម្មុយនីស្តនេះ បានជោគជ័យខាងសេដ្ឋកិច្ចមួយក្នុងចំណោមបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដោយក្នុងឆ្នាំ២០១៩មានកំណើនសេដ្ឋកិច្ច៧%។
ក៏ប៉ុន្តែ កំណើននេះ បានធ្លាក់ចុះមកត្រឹមប្រមាណ២,៩%ប៉ុណ្ណោះក្នុងឆ្នាំ២០២០ ដោយសារតែជំងឺកូវីដ១៩ដែលបានបិទប្រទេសជាច្រើននៅជុំវិញពិភពលោក ហើយកំណើនសេដ្ឋកិច្ចក៏បានបន្តធ្លាក់ចុះក្នុងឆ្នាំ២០២១មកនៅត្រឹម២,៦%ដែលនេះជាតួលេខធ្លាក់ចុះដ៏ខ្លាំងបំផុតមួយនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួនចាប់តាំងពីពាក់កណ្តាលទសវត្សរ៍៨០មក។
បើទោះបីជាយ៉ាងនេះក្តី ក៏ការិយាល័យស្ថិតិទូទៅរបស់វៀតណាម បានឲ្យដឹងថា តួលេខផលិតផលក្នុងស្រុកសរុបរបស់ខ្លួនមានកំណើនប្រមាណ៥,០៣%នៅឆ្នាំនេះ។
ទន្ទឹមនឹងនេះដែរ ប្រាក់ចំណូលមកពីការនាំទំនិញចេញរបស់វៀតណាមក្នុងត្រីមាសទី១នៅឆ្នាំនេះ មានប្រមាណ៨៨,៥៨ពាន់លានដុល្លារគឺមានចំនួនកើនឡើងប្រមាណ១២,៩%។ នេះបើតាមការបញ្ជាក់របស់ការិយាល័យស្ថិតិសរុបរបស់វៀតណាម។
បើទោះបីជាយ៉ាងនេះក្តី ក៏ធនាគារពិភពលោក បានបញ្ជាក់ក្នុងរបាយការណ៍មួយនៅក្នុងខែមីនានេះស្តីពីវៀតណាមថា «ស្របពេលដែលសេដ្ឋកិច្ចវៀតណាម កំពុងបន្តបង្ហាញពីភាពរឹង មាំនិងការងើបឡើងវិញនោះ ប្រទេសនេះកំពុងប្រឈមនឹងឧបសគ្គមួយចំនួនផងដែរ ស្របពេលដែលការឆ្លងរាតត្បាតនៃជំងឹកូវីដ១៩ប្រភេទថ្មីអូមីក្រុង កំពុងកើតមានឡើងនៅទូទាំងប្រទេសហើយជម្លោះអ៊ុយក្រែននិងរស្ស៊ី កំពុងបង្កើននូវភាពមិនច្បាស់លាស់មួយ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក»៕