ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​នឹង​បើក​ប្រទេស​ទទួល​ទេសចរ​ឡើងវិញ​នៅ​ខែ​ក្រោយ​បន្ទាប់ពី​បិទ​អស់​រយៈពេល ២ ឆ្នាំ


រូបឯកសារ៖ ទេសចរ​កូរ៉េខាងត្បូង​ឈរ​ថត​រូប​ បន្ទាប់ពី​ពួកគេ​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Phu Quoc ក្នុង​ប្រទេស​វៀតណាម ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១។ (AFP)
រូបឯកសារ៖ ទេសចរ​កូរ៉េខាងត្បូង​ឈរ​ថត​រូប​ បន្ទាប់ពី​ពួកគេ​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Phu Quoc ក្នុង​ប្រទេស​វៀតណាម ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១។ (AFP)

រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ប្រទេស​វៀតណាម​នឹង​បើក​ប្រទេស​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើងវិញ​នៅ​ថ្ងៃ​ទី ១៥ ខែ​មីនា​ខាង​មុខ បន្ទាប់ពី​បាន​បិទ​ព្រំដែន​អស់​រយៈពេល ២ ឆ្នាំ​កន្លង​មក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

វៀតណាម​បាន​បិទ​ប្រទេស​មួយ​ផ្នែក​ធំ​កាលពី​ខែ​មីនា ឆ្នាំ ២០២០ ដែល​នេះ​ជា​ចំណាត់ការ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំងក្លា​ដល់​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ដែល​អាច​ផ្ដល់​ចំណូល​បាន​ប្រមាណ ៣២ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​កាលពី​ពេល​មុន​មាន​ជំងឺ​កូវីដ១៩ ផ្ទុះឡើង។

អាជ្ញាធរ​វៀតណាម​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​នឹង​ចាប់ផ្តើម​ចេញ​ទិដ្ឋាការ​និង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចាប់ពី​ពាក់​កណ្តាល​ខែ​មីនា​តទៅ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រទេស​វៀតណាម​បាន​ដកចេញ​នូវ​ការ​រឹតត្បិត​ទាំងអស់​លើ​ជើង​ហោះហើរ​អន្តរជាតិ។

អាជ្ញាធរ​ថា ភ្ញៀវ​ទេសចរ​ចាំបាច់​ត្រូវតែ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​បាន​ពេញលេញ ហើយ​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន​ជំងឺ​កូវីដ១៩ មុន​ពេល​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​វៀតណាម។

អាជ្ញាធរ​បាន​បន្ថែម​ថា ភ្ញៀវ​ទេសចរ​ម្នាក់ៗ​ក៏​ចាំបាច់​ត្រូវ​ទិញ​ការ​ធានា​រ៉ាប់រង​សុខភាព​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ផងដែរ។

គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ក្នុង​ប្រទេស​វៀតណាម​នឹង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ៣ ថ្ងៃ​នៅ​ក្នុង​សណ្ឋាគារ ឬ​ក៏​នៅ​ផ្ទះ។

នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​វៀតណាម​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ប្រចាំ​ថ្ងៃ​ជាង ២០.០០០ នាក់ ហើយ​តាំង​ពី​ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូវីដ១៩ មក វៀតណាម​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ចំនួន​ជាង ២ លាន ៥ សែន​នាក់ និង​ករណី​ស្លាប់​ជិត ៤០.០០០ នាក់៕

XS
SM
MD
LG