ប្រទេសវៀតណាម នឹងដកចេញនូវការរឹតបន្តឹងជំងឺកូវីដ១៩លើអ្នកធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ ចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ។ នេះ បើតាមការឲ្យដឹងរបស់អាជ្ញាធរអាកាសចរណ៍វៀតណាមដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋកុម្មុយនីស្តមួយនេះ បានបិទប្រទេសរបស់ខ្លួនចាប់ពីខែមីនា ឆ្នាំ២០២០ មក ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងលើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន។
អាជ្ញាធរវៀតណាម បានកាត់បន្ថយការរឹតបន្តឹងយឺតៗនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយមានអ្នកទេសចរតិចតួចប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលមកប្រទេសនេះដោយមានការរៀបចំត្រឹមត្រូវចាប់តាំងពីខែវិច្ឆិកាមក។
ចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ វៀតណាម នឹងដកចេញនូវការរឹតបន្តឹងលើអ្នកដំណើរតាមជើងយន្តហោះអន្តរជាតិដែលហោះមកកាន់ប្រទេសវៀតណាម។ នេះ បើតាមការបញ្ជាក់របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យមិ្សលមិញ មិនបានបញ្ជាក់ច្បាស់ទេថា តើមានជើងយន្តហោះប៉ុន្មាន នឹងត្រូវអនុញ្ញាតឲ្យហោះចូលមកកាន់ប្រទេសវៀតណាមនោះ ប៉ុន្តែបានបញ្ជាក់ថា អ្នកធ្វើដំណើរមកដល់ នឹងត្រូវបានអនុញ្ញាតដូចកាលពីមុនការរាតត្បាតនៃជំងឺកូវីដ១៩ ដូច្នោះដែរ។
បើតាមវិធានការនេះ បានឲ្យដឹងថា អ្នកដែលចង់ចូលមកកាន់ប្រទេសវៀតណាម ត្រូវតែចាក់វ៉ាក់សាំងកូវីដ១៩ឲ្យបានពេញលេញ ហើយត្រូវធ្វើចតាឡីស័កចំនួន៣ថ្ងៃនៅតាមផ្ទះ ឬនៅតាមសណ្ឋាគារ។
អ្នកធ្វើដំណើរទាំងអស់ ត្រូវគោរពវិធានការចូលនិងចេញដែលមានស្រាប់ និងតម្រូវការថែរក្សាសុខភាពដូចមុនពេលនៃជំងឺរាតត្បាតកូវីដ១៩។ នេះ បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម។
ពលរដ្ឋវៀតណាមដែលមានអាយុពេញវ័យប្រមាណជាង៩០% បានចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន២ដូសរួចហើយ។ រដ្ឋាភិបាលវៀតណាម កំពុងពិចារណាចាក់វ៉ាក់សាំងដល់ក្មេងជំទង់ផងដែរ ខណៈដែលខ្លួនកំពុងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន។
វៀតណាមនៅពេលបច្ចុប្បន្ននេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រចាំថ្ងៃប្រមាណ២ម៉ឺនករណី ហើយមានអ្នកឆ្លងសរុបទាំងអស់ប្រមាណ២លាន ៥សែននាក់ និងមានអ្នកស្លាប់សរុបដោយសារជំងឺនេះ ចំនួនជិត៣ម៉ឺន ៩ពាន់នាក់ ចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនៃជំងឺកូវីដ១៩ នេះមក៕
ទីក្រុងហាណូយ —