ទីក្រុងហូជីមិញ នៅថ្ងៃសុក្រនេះ បានលុបចោលបទបញ្ជាបិទខ្ទប់សកម្មភាពទីក្រុងដែលបានធ្វើឲ្យពលរដ្ឋចំនួន៩លាននាក់ស្ថិតនៅក្នុងផ្ទះរយៈពេល៣ខែ ហើយបានធ្វើឱ្យខូចខាតការជួញដូរនៅក្នុងទីក្រុងនេះ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ដើម្បីទប់ស្កាត់រលកនៃការរាលដាលដ៏ឆាប់រហ័សនៃជំងឺកូវីដ១៩ដែលបានធ្វើឲ្យទីក្រុងភាគខាងត្បូងនេះស្ទះយ៉ាងខ្លាំងនោះ ពលរដ្ឋមិនអាចចាកចេញពីផ្ទះ សូម្បីទៅទិញម្ហូបអាហារ ហើយការធ្វើដំណើរស្ទើរតែទាំងអស់ ចេញនិងចូលតំបន់នោះបានត្រូវផ្អាក។
ជិតពាក់កណ្តាលនៃការឆ្លងជំងឺកូវីដ១៩សរុបចំនួន៧៩០.០០០ករណីបានត្រូវគេរាយការណ៍នៅក្នុងទីក្រុងនេះ រួមមានចំនួនមនុស្សស្លាប់ស្មើ៣ភាគ៤នៃមនុស្សស្លាប់សរុបដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសនេះ។
ក៏ប៉ុន្តែបន្ទាប់ពីករណីឆ្លងធ្លាក់ចុះជាបណ្តើរៗ ទាហានបានចាប់ផ្តើមរុះរើរបាំងនៅតាមផ្លូវនៅថ្ងៃសុក្រនេះ ហើយបានរើកន្លែងឆែកឆេររាប់រយដែលបានដាក់នៅតាមសង្កាត់នានានៅក្នុងទីក្រុងនេះ។
លោក Tran Van Vu ដែលជាម្ចាស់តូបលក់ផ្លែឈើ បន្លែ និងសាច់បាននិយាយថា លោកសប្បាយចិត្តណាស់។ លោកមានផែនការពង្រីកអាជីវកម្មរបស់លោកមុនពេលមានជំងឺរាតត្បាតនេះ។
ប្រទេសវៀតណាមកាលពីពេលមុនត្រូវបានគេសរសើរថា ជាគម្រូមួយនៃការរាំងខ្ទប់វីរុស ក៏ប៉ុន្តែប្រទេសនេះមានការលំបាកដើម្បីបញ្ឈប់រលកទី៤នៃការឆ្លងដែលបានចាប់ផ្តើមកាលពីខែមេសានៅឧទ្យានឧស្សាហកម្មភាគខាងជើង ហើយបានរាលដាលដ៏ឆាប់រហ័សទៅកាន់ភាគខាងត្បូង។
មនុស្សជាង១ភាគ៣នៃប្រជាពលរដ្ឋ១រយលាននាក់របស់វៀតណាម បានស្ថិតនៅក្រោមបទបញ្ជាឲ្យស្ថិតនៅផ្ទះនៅរដូវក្តៅនេះ ដែលបានធ្វើឲ្យផលិតកម្មឧស្សាហកម្មដ៏សំខាន់បានជាប់គាំងនិងខ្វះសង្វាក់ការផ្គត់ផ្គង់។
ប្រជាជនវៀតណាមមិនដល់១០%ទេបានចាក់វ៉ាក់សាំងគ្រប់ដូស៕