លោក ឡេ ហុងអាន់ ​ធ្វើ​ទស្សនកិច្ច​ចំពេល​បក្ស​ប្រជាជន​ត្រូវ​រើសមេដឹកនាំ​ថ្មី

លោក ​ឡេ ហុងអាន់​ សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម​មក​ទស្សនកិច្ច​កម្ពុជា​ ​ចំ​ពេល​ដែល​គណបក្ស​កាន់​អំណាច​នៃ​ប្រទេស​នេះ​កំពុង​ត្រៀម​រៀបចំ​​មេដឹកនាំ​ថ្មី​ដោយសារ​​មរណភាព​របស់​ប្រធាន​បក្ស។ ​​​

ដំណើរ​ទស្សនកិច្ច​របស់​លោក ​ឡេ ហុងអាន់​ សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម​មក​កម្ពុជា​កើត​ឡើង​ចំ​ពេល​ដែល​គណបក្ស​កាន់​អំណាច​នៃ​ប្រទេស​នេះ​កំពុង​ត្រៀម​រៀបចំមេដឹកនាំ​ថ្មី​ដោយ​សារ​មរណភាព​របស់​ប្រធាន​បក្ស។ ​

លោក​ ឡេ ហុងអាន់​ ដែល​គេ​ស្គាល់​ថា​ជាមនុស្ស​ដ៏មាន​ឥទ្ធិពល​មួយ​រូប​នៃ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជាដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រធាន​ស្តី​ទី​គណបក្ស​ប្រជាជន​កម្ពុជា ​លោក​ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​និង​ជា​ប្រធាន​សភាជាតិ ​និង​លោក​សាយ ឈុំ ​អគ្គលេខា​ធិការ​គណបក្ស​និង​ជា​ប្រធាន​ព្រឹទ្ធសភា​ទើប​ជាប់​ឆ្នោត​ថ្មី។

លោក​បណ្ឌិត​ កៅ គឹមហួន ​រដ្ឋ​មន្ត្រី ​អម​ប្រតិភូ​នាយករដ្ឋ​មន្ត្រី​បាន​ប្រាប់​វីអូអេ​នៅក្រោយ​ពី​ជំនួប​នោះ​ថា៖​

«នៅក្នុង​ជំនួប​នេះ​គឺ​ក្រៅ​ពីការ​សម្តែង​ការគួរសម​ដល់​សម្តេច​តេជោ​ហ្នឹង​យើង​បាន​ផ្លាស់​ប្តូរ​មតិ​ជុំ​វិញ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ហើយ​នឹង​រឿង​បក្ស។ ដោយឡែកទៀតគឺ​ការ​ពិភាក្សា​ទាក់​ទង​ការ​ជំរុញ​លើ​វិស័យ​ពាណិជ្ជកម្ម​ធ្វើ​ម៉េច​ឱ្យ​ប្រទេស​ទាំងពីរ​ឈាន​ឡើង​ដល់​៥​ពាន់​លានដុល្លារ​ហើយ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំងពីរហ្នឹង‍»។​

លោក​ឡេ ហុងអាន់ ​ដែល​មានវ័យ​៦៥ឆ្នាំ​នេះ​គឺ​ជា​សមាជិកនៃ​ការិយាល័យ នយោបាយ ជា​លេខាអចិន្ត្រៃយ៍​នៃ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តវៀតណាមនិង​ជា​មនុស្ស​សំខាន់​ម្នាក់​ក្នុង​ចំណោម​ប្រាំនាក់​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​វៀតណាម។ ​លោក​ក៏​ជា​អតីត​រដ្ឋមន្ត្រី ក្រសួង​សន្តិសុខ​ជាតិ​វៀតណាម​ពីឆ្នាំ​២០០២​ដល់​ឆ្នាំ​២០១១ផងដែរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ឡេ ហុងអាន់​កើត​ឡើង​ស្រប​ពេល​ដែល​លោក​ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​មរណភាព​ដោយ​ជរាពាធ​ក្នុង​ជន្មាយុ​៨២ឆ្នាំ​កាលពីថ្ងៃ​ច័ន្ទ​និង​ត្រូវ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​គណបក្ស​ដែល​កាន់​អំណាច​ជា​យូរ​នេះ​ដែល​នាំ​ឱ្យ​មាន​ការ​លើកឡើងពី​ឥទ្ធិពល​របស់​វៀតណាមនៅ ក្នុង​នយោបាយ​កម្ពុជា។

លោក​ កែម ឡី អ្នក​វិភាគ​សង្គម​បាន​បញ្ជាក់​ថា៖

«ពេលនេះ​វាត្រូវ​ជ្រើសរើស​ប្រធាន​ព្រឹទ្ធសភា​ អាចនឹង​មាន​ការ​ជ្រើសរើស​ប្រធាន​គណបក្ស​អីអញ្ចឹង​ហាក់​បី ដូច​ជា​វៀតណាម​ហ្នឹង​វាមាន​ឥទ្ធិពល​មក​លើ​ប្រព័ន្ធ នយោបាយ​ខ្មែរ​។ ខ្ញុំ​មើល​ទៅ​ឃើញ​អញ្ចឹង‍»។​

លោក​ កែម ឡី​បាន​បន្ថែម​ថា​៖

«ម្យ៉ាងវិញ​ទៀត​ថ្នាក់​ដឹកនាំ​វៀតណាម​មក​ពេល​នេះ​យើង​ឃើញ​គាត់​ផ្តាំ​ផ្ញើ​ឱ្យ​មើល​ប្រជាជន​ ជួយ​មើល​វិនិយោគ​ទុន​មក​ពី វៀតណាម​ក៏ប៉ុន្តែ​គាត់​អត់​បាន​មើល​ថា​តើ​ប្រជាជន​វៀតណាម​ដែល​មក​ហ្នឹង​ វិនិយោគទុន​ដែល​មក​ហ្នឹង​មានការ​រំលោភសិទ្ធិ​ម​នុស្ស​ទេ​? ប្រជាជន​ដែល​មក​ហ្នឹង​ខុសច្បាប់​ឬក៏ត្រូវ​ច្បាប់​ហើយ​បើ​ខុសច្បាប់​គួរតែ​រដ្ឋាភិបាល​វៀតណាម​បញ្ជូន​ឱ្យ​ទៅវិញ​បែរ​ជា​ផ្តាំផ្ញើឱ្យ​ការពារ​ឱ្យ​មើល​ខុសត្រូវ​ទៅវិញ​។ ខ្ញុំ​គិត​ថា​ដូច​ជា​ម្តាយ ឱពុកមកមើល​កូន​ហើយ​ប្រដៅ​កូន​ឱ្យ​ធ្វើ​នេះ​ធ្វើ​នោះអញ្ចឹង‍»។

ប៉ុន្តែ​លោក កៅ គឹមហួន រដ្ឋមន្ត្រី​អម​ប្រតិភូនាយករដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឡេ ហុងអាន់ និង​ព្រឹត្តិការណ៍​សោកសៅនៅក្នុង​គណបក្ស​គឺ​ជា​ការចៃដន្យ​ប៉ុណ្ណោះ។

លោក​បាន​បន្ថែម​ថា៖

«អ្វី​ដែល​សំខាន់​នោះ គឺ​កា​រ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រវាង​ប្រទេស​ទាំងពីរនៅ​គ្រប់​ក្របខណ្ឌ។ ដូចជា​ក្របខណ្ឌ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ ក្របខណ្ឌ​បក្ស​និង​បក្ស​ ក្របខណ្ឌ​សភានិង​ព្រឹទ្ធ​សភា​ជាដើម​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ‍»។​

រីឯលោក​ឈាង វុន ប្រធាន​គណៈកម្មការ​ទំនាក់​ទំនង​ការបរទេស​និង​ព័ត៌មាន​នៃសភាជាតិ​ក៏​បាន​បញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​នេះ​និង​ការ​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ហេង សំរិន ​ប្រធាន​សភាជាតិ​គឺ​មាន​ការ​រៀបចំ​ជាយូរ​មក​ហើយ។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏ស្រប​ពេល​ដែល​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​បាន​ឡើង​កំដៅ​សារជាថ្មី​ដោយ​សារ​តែ​អាជ្ញាធរ​វៀតណាម​បាញ់​ថ្នាំកម្ចេចដំណាំ​ពលរដ្ឋ​ខ្មែរ​ហើយ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា​គឺ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​អ្នកទៅ​ធ្វើ​ចំការ​ក្នុង​ទឹក​ដី​វៀតណាម និង​ការចោទ​ប្រកាន់​ថា​វៀតណាម​បាន​ជីកស្រះ​ចំនួន​៥នៅ​តំបន់​សតាម​បណ្តោយ​ព្រំដែន។

លោកកៅ គឹម​ហួន ​បានបញ្ជាក់​ដែរថា​បញ្ហា​ព្រំដែនក៏​ត្រូវ​បាន​លើក​យកពិភាក្សា​ផងដែរ៖​

«ហើយ​សម្តេច​នាយករដ្ឋមន្ត្រីស្នើ​ទទូច​ឱ្យ​ភាគីវៀតណាម​រក្សា​ស្ថានភាព​ដដែល​ទៅលើ​តំបន់​ព្រំប្រទល់​ដែល​មិន​ទាន់​បាន​ដោះស្រាយ​មិន​ទាន់​បាន​ឯកភាព​នោះ​ហើយ​ក្នុង​ការ​ទទូចនេះ​គឺ​ភាគី​វៀតណាម​បាន​ឯកភាព​ទទួល​យក​តាម​សំណើ​របស់​សម្តេច​តេជោ‍»។​

លោក​ឡេ ហុងអាន់​ ក៏ធ្លាប់​បំបែក​ការប្រឈម​ទល់​មុខ​គ្នា​រវាង​ចិន​និង​វៀតណាម​កាលពីឆ្នាំ​២០១៤​ក្នុង​ពេល​ដែលប្រទេស​កុម្មុយនិស្ត​ទាំងពីរ​នេះបាន​តានតឹង​នឹង​គ្នា​នៅ​ក្នុង​ទំនាស់​រឿង​ការដ្ឋាន​អណ្តូងរ៉ែ​ដែល​ចិន​បាន​សាងសង់​នៅក្បែរ​ប្រជុំ​កោះ​ប៉ារ៉ាសែល​ក្នុង​ដែន​ទឹក​ដែល​វៀតណាម​អះអាង​ថា​ជា​របស់​ខ្លួន៕