ប្រទេស​វៀតណាម​រកឃើញ​វិធី​ចាយ​វាយថ្មី​ ប៉ុន្តែ​បំណុល​ក៏កើន​ឡើង​ដែរ

រូបឯកសារ៖ អ្នក​ទេសចរ​ដើរ​នៅ​ក្បែរ​ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​បរទេស​នៅ​ទីក្រុង​ហូជីមីញ ប្រទេស​វៀតណាម។

នៅ​ពេល​​មាន​ក្តី​បារម្ភ​ច្រើន​ឡើងៗ​ជុំវិញ​ពិភព​លោក​ថា ​បំណុល​ច្រើន​ពេក​អាច​នាំ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​​ពិភព​លោក​​ខាង​មុខ​នោះ​ ​ប្រទេស​វៀតណាម​មាន​ការ​ចំណាយ​ច្រើន​​ហើយ​បំណុល​ក៏កើន​ឡើង​ដែរ។​

កាល​ពី​សប្ដាហ៍​មុននៅ​ភោជនីយ​ដ្ឋាន​ថ្មី​មួយ​ក្នុង​ប្រទេស​វៀតណាម​ ភ្ញៀវ​ម្នាក់​សុំ​បង់​លុយ​ដោយ​ប្រើបណ្ណឥណទាន​ប្រភេទ​កាត​ក្រឌីត ​ដូច្នេះ​អ្នក​បម្រើ​បាន​យក​ម៉ាស៊ីន​ដក​លុយ​ពី​បណ្ណ​ឥណទាន​ដែល​នាង​មិន​ធ្លាប់​ប្រើ​ពី​មុន​មក។​ មួយ​នាទី​ក្រោយ​មក​នាង​ឆ្ងល់​ថា ​ហេតុ​អ្វី​បាន​ជា​ម៉ាស៊ីន​មិន​បានទារ​លេខ​សម្ងាត់​ PIN number។​ ក្រោយ​មក​នាង​ដឹង​ថា​បណ្ណ​ឥណទាន​ប្រភេទការ​ក្រឌីត​ ​មិនទារ​លេខ​សម្ងាត់​ដូច​បណ្ណ​ឥណទាន​ប្រភេទ​ ដាក់​ប្រាក់​ (debit cards ​នោះ​ទេ។ ​

អាជីវកម្ម​ខ្នាត​តូចដូច​ជាហាង​លក់​ម្ហូប​អាហារ​នៅ​កំពុងរៀន​ប្រើ​ប្រព័ន្ធ​នេះ​នៅ​ឡើយ ​ព្រោះ​ការ​បង់​លុយ​ដោយ​ប្រើ​បណ្ណឥណទាន​ប្រភេទ​កាត​ក្រឌីត​ ​ជា​និន្នាការ​ថ្មី​នៅ​ប្រទេស​វៀតណាម។ ​ប៉ុន្តែ​វា​បង្ហាញ​ថា ​សូម្បី​តែ​សហគ្រាស​ខ្នាត​តូច​ប្រភេទ​នេះ​ក៏​កំពុង​តែ​ទទួល​យក​ប្រព័ន្ធ​បង់​លុយ​ដោយ​ប្រើ​ម៉ាស៊ីន​ដែរដែល​ជា​សញ្ញា​បង្ហាញ​ថា ​ការ​បង់​ប្រាក់​តាម​ប្រព័ន្ធ​ឥណទាន ​ប្រភេទ​កាត​ក្រេឌីត ​និង​ការ​ផ្ទេរ​លុយ​តាម​ធនាគារ​កំពុង​តែ​កើន​ឡើង​នៅ​គ្រប់​កម្រិត​ពាណិជ្ជ​កម្ម​ទាំង​ធំ ​ទាំង​តូច​នៅ​ក្នុង​ប្រទេស​វៀតណាម។​

និន្នាការ​នេះ​ប្រៀប​បាន​នឹង​កាំបិទ​មុខ​ពីរ។ ​ការ​ជំរុញ​បច្ចេក​វិទ្យា​ដូចជា​ការ​បង់​ប្រាក់​តាម​អេឡិចត្រូនិចអាច​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស​នេះ​ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែលមាន​កំណើន​សេដ្ឋកិច្ច​លូត​លាស់​ឆាប់​រហ័ស​បំផុតនៅ​ក្នុង​ពិភព​លោក​ជា​ស្រេច​ទៅ​ហើយ​នោះ។ ​ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នានេះ ​កំណើន​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រើ​ឥណទាន​ប្រភេទ​កាត​ក្រេឌីត​ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់ ដូច​សេដ្ឋ​កិច្ច​អាមេរិក​ដែល​ជំរុញ​ដោយ​ការ​ប្រើ​ប្រាស់​និង​ចំណាយ​នោះ​ ក៏​អាច​បង្កើន​ហានិភ័យ​ដែល​វៀតណាម​អាច​នឹង​មាន​ប្រាក់​កម្ចី​ច្រើន​ជាង​អ្វី​ដែល​ប្រទេស​នេះ​អាច​ទ្រាំទ្រ​បាន​ ឬ​រស់​ហួស​ពី​សមត្ថភាព​របស់​ខ្លួន។​

និន្នាការ​ឥណទាន​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន

ក្តី​បារម្ភ​នេះ​មិន​មែន​កើត​មាន​ឡើង​សម្រាប់​តែ​ប្រទេស​វៀតណាម​នោះ​ទេ។ ​បញ្ហា​នេះ​កើត​មាន​នៅ​ពេល​ដែល​មាន​ក្តី​បារម្ភ​កើន​ឡើង​នៅ​ជុំវិញ​ពិភព​លោក​ដែល​ថា ​បំណុល​ច្រើន​ពេក​អាច​បង្ក​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​លោក​នា​ពេល​ខាងមុខ​ដែល​ពាក់ព័ន្ធ​តាំងពី​មូលបត្រ​បំណុល​របស់​រដ្ឋាភិបាល​ដែល​កាន់​កាប់​ដោយ​ធនាគារ​អ៊ីតាលី​រហូត​ដល់​ការ​ខ្ចី​ប្រាក់​ពី​រដ្ឋាភិបាល​មូលដ្ឋាន​របស់​ចិន​និង​រហូត​ដល់​អត្រា​ការ​ប្រាក់​ស.រ.អា.ដែល​កើន​ឡើង​ដែល​បង្ក​ការ​លំបាក​ខ្លាំង​ឡើងៗ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ការ​សង​ប្រាក់​កម្ចី​ជា​ប្រាក់​ដុល្លារ។​

នៅ​ប្រទេស​វៀតណាម ​ទិន្នន័យ​បាន​ពី​ក្រុម​ហ៊ុន​ទូ​ទាត់​ចំណាយ​តាម​បណ្ណ​ឥណទានVisa ​កាល​ពី​ខែ​កញ្ញា​បង្ហាញ​ថា​ ​ការ​ទូទាត់​ចំណាយ​តាម​ធនាគារ​បាន​កើន​ឡើង​៤៥%​ រវាង​ពីខែ​មិថុនា​ឆ្នាំ​២០១៧​ដល់​ខែ​មិថុនា​ឆ្នាំ​២០១៨។​

តួលេខ​នេះ​មិន​មាន​ការបែង​ចែក​រវាង​បណ្ណ​ឥណទាន​ប្រភេទ​កាត​ក្រេឌីត ​និងបណ្ណ​ឥណ្ណទាន​ប្រភេទ ​debit card ​ទេ ​ប៉ុន្តែ​វា​បង្ហាញ​ថា​ជនជាតិ​វៀតណាម​ប្រើ​ប្រាស់​កាត​ឥណទាន​ប្រភេទ​កាត​ក្រេឌីតកាន់តែ​ច្រើន។

ជា​ទូទៅ​ និន្នាការការ​នេះ​ល្អ​សម្រាប់​ប្រទេស​វៀតណាម​ ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការ​តាម​ដាន​សកម្មភាព​អាជីវកម្ម​ស្រប​ច្បាប់​ឬ​មិន​ស្រប​ច្បាប់។​ ​នេះ​បើ​យោង​តាម​អ្នក​ស្រី Truong Minh Ha ដែល​ជា​ប្រធាន​គ្រប់​គ្រង​ទំនាក់​ទំនង​អតិថិជន​ខាង​ផ្នែក​ឥណទាន​ Visa​នៅ​ប្រទេស​វៀតណាម​និង​ឡាវ។

អ្នក​ស្រី​បាន​និយាយ​ថា៖ «មិនមែន​មុខ​របរ​មិន​ចេញ​មុខ​ទាំងអស់​សុទ្ធ​តែ​ខុស​ច្បាប់​នោះ​ទេ​ ប៉ុន្តែ​ភាគ​ច្រើន​មិន​ស្រប​ច្បាប់ ​ដូច​ជា​គេច​ពន្ធ ​និង​លាងលុយ​ទុច្ចរិត។​ មុខ​របរ​នេះ​គ្មាន​ការ​តាម​ដាន​ឬ​គ្មាន​ប្រព័ន្ធ​គ្រប់​គ្រង​ ដូច្នេះ​រដ្ឋាភិបាល​បាត់​បង់​ប្រាក់​ចំណូល​ពន្ធ​ហើយ​អាជីវកម្ម​មិន​អាច​មាន​ការ​ប្រកួត​ប្រជែង​ទេ»។​

ឥឡូវ​នេះ​វៀតណាម​ចូលចិត្ត​ប្រើ​បណ្ណឥណទាន​ប្រភេទ​កាត​ក្រេឌីត​

បណ្ណ​ឥណទាន​ប្រភេទ​កាត​ក្រេឌីត ​គឺជា​ផ្នែក​មួយ​នៃ​ការ​និន្នាការ​ទូលំ​ទូលាយ​ឡើងៗ​នៅ​ទូទាំង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ដែល​ជា​ទូទៅ​គេ​ចំណាយ​ប្រាក់​សុទ្ធសម្រាប់​ការ​ទិញ​ដែល​អស់​លុយ​ច្រើន ដូចជា​ទិញ​ផ្ទះ​ឬ​ទិញ​ម៉ូតូ​និង​សម្រាប់​ទំនិញ​តូច​តាច​ដូច​ជាផលិត​ផល​ពាណិជ្ជ​កម្ម​អេឡិចត្រូនិច​ជាដើម។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ប្រជាជន​វៀតណាម​កាន់តែ​ច្រើន​ឡើងៗខ្ចី​លុយ​ទិញ​ទំនិញ​ទាំង​នោះ។

ការ​ផ្តល់​ប្រាក់​កម្ចី​កើន​ឡើង​៣៩%​នៅ​ឆ្នាំ​២០១៧​ តាម​បណ្ណ​ឥណទាន FE​ Credit។ ​នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ផ្តល់​ចំណាត់​ថ្នាក់​ឥណទាន​ Moody's ។ ​ក្រុមហ៊ុន ​Moody's និយាយ​ថា​ បណ្ណ​ឥណទាន FE Credit ​មាន​ចំណែក​ទីផ្សារ​ប្រហែល​ពាក់​កណ្តាល​នៃ​ចរន្ត​ហិរញ្ញ​វត្ថុ​របស់​អតិថិជន​វៀតណាម។ ​

ក្រុមហ៊ុន ​Moody's ​បាន​ឱ្យ​ដឹង​កាល​ពី​ខែកញ្ញា​ថា៖ «កម្លាំង​ទីផ្សារ​ទាំង​នេះ​មួយ​ផ្នែក​គឺ​ដោយ​សារ​ក្រុមហ៊ុន​ហ៊ាន​ប្រថុយ​ខ្លាំង​ក្នុង​ផ្នែក​ឥណទាន​កាត​ក្រេឌីត​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​អតិថិជន​ដែល​កើន​ឡើង​យ៉ាង​លឿន​នៅ​ក្នុងប្រទេស​វៀតណាម»។​

ប៉ុន្តែ​ក្រុម​ហ៊ុន Moody's ​បាន​និយាយ​ថា​ កំណើន​កម្ចី​របស់​ឥណទាន FE Credit ​នេះ​មាន​គុណភាព​ខ្សោយ​និង​មាន​បែប​បទ​បទដ្ឋាន​ធូរ​រលុង​ ដែល​មាន​ន័យថា ​ស្ថាន​ភាព​អ្នក​ខ្ចី​លុយមិន​មាន​សេដ្ឋ​កិច្ច​រឹងមាំ​ដែល​នាំឲ្យ​ឱកាស​មិន​អាច​សង​វិញ​មាន​ហានិភ័យ​ខ្ពស់។

ការ​ផ្លាស់​ប្តូរ​ក៏​កំពុង​កើត​មាន​ក្នុង​ផ្នែក​ប្រាក់​ខ្ចី​បន្តិច​បន្តួច។​ ឥឡូវ​នេះ​កម្មករ​រោងចក្រ​មិន​ចាំ​បាច់​រង់​ចាំ​រហូត​ដល់​ពេល​មាន​លុយ​គ្រប់​ទើប​អាច​ទិញ​ទូរស័ព្ទ​ដៃ ​ឬ​ម៉ាស៊ីន​បោក​ខោអាវ​ទេ​ គឺ​គេ​មាន​ជម្រើសទិញជឿ​ផលិតផលដោយ​បង់​រំលោះ​ដែល​កាត់​ពីប្រាក់ខែ​របស់​គេ។ ​ដូចជា​កូន​បំណុល​នៅ​ស.រ.អា.​ដែរ​ ​កូន​បំណុល​នៅ​វៀតណាម​អនុញ្ញាត​ឲ្យ​ម្ចាស់​បំណុល​កាត់​ប្រាក់​ខែ​មួយ​ផ្នែក​ដោយ​កំណត់​ជាមុន។​

ការប្រើ​បណ្ណឥណទាន​ច្រើន​ពេកអាចមាន​ហានិភ័យ

ការប្រើ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ ​ដើម្បី​ខ្ចី​លុយ​បន្តិច​បន្តួច​គឺ​ជា​បច្ចេក​វិទ្យា​មួយ​នៃ​បច្ចេក​វិទ្យា​ជា​ច្រើនដែល​កំពុង​មាន​និន្នាការប្រើប្រាស់​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម។ ​ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នេះ​អាច​បង្កើត​ភាព​មិនស៊ីគ្នា​រវាង​បច្ចេកវិទ្យា​ fintech ​និងការ​ត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ​ដោយ​រដ្ឋ។ ​

លោក ​Nguyen Manh Tuong ​អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជាប្រធាន​ក្រុមហ៊ុន​ MoMo e-wallet បាន​មាន​ប្រសាសន៍​ថា៖ «រឿង​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ធ្វើគឺ​ត្រឹម​ត្រូវ ​ដូចជា​របៀប​ការពារ​អតិថិជន។ ​បច្ចេក​វិទ្យា​មាន​ការ​ផ្លាស់ប្តូរ​លឿន​ពេក​ដែល​ធ្វើឲ្យបញ្ញត្តិ​ច្បាប់​ទាំង​អស់​ប្រឈម​បញ្ហា​ដ៏​ធំធេង​ដោយសារ​ការ​តាក់​តែងច្បាប់​ធ្វើ​មិន​ទាន់​ការ​ជឿន​លឿនខាង​បច្ចេក​វិទ្យា។ ​ខ្ញុំគិត​ថា​ យើង​អាច​រៀន​ពីរ​ប្រទេស​ចិន​ដែល​មានបច្ចេក​វិជ្ជា fintech ​ទំនើប​ទាន់​សម័យ​និង​យន្តការ​សន្តិសុខ​តាមកុំព្យូទ័រ​គឺ​ sandboxes ​ល្អ​ជាង»។ ​

លោក​ Nguyen Manh Tuong ​និយាយ​សំដៅ​ទៅ​លើ​យន្តការ​សន្តិសុខ​តាម​កុំព្យូទ័រ​គឺ​ sandboxes ​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ថ្មីៗ​សាក​ល្បង​គំនិត​ថ្មី​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខាង​ច្បាប់​តិច​តួច។

ប្រទេស​នានា​ត្រូវ​មានទំនាក់​ទំនង​នឹង​គ្នា

លោក​ស្រី​ Nguyen Huynh Phuong Thao ដែល​ជា​គណនេយ្យ​ករ​ដែល​មាន​អាជ្ញាបណ្ណ​ត្រឹម​ត្រូវពី​សមាគម​មេធាវី​ក្រុង​ហូជីមិញ​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ប្រឈមនៅ​ប្រទេស​វៀតណាម​មិន​មែន​ដោះស្រាយ​បាន​តែ​ក្នុង​ប្រទេស​នោះ​ទេ ​គឺ​ត្រូវ​មាន​កិច្ចសហការ​ដោះស្រាយ​ជា​អន្តរជាតិ។ ​លោកស្រី​បាន​និយាយ​ថា ​ដល់​ពេល​តម្រូវ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​សកល​ដើម្បី​គ្រប់​គ្រង​វិធី​ថ្មី​ទាំង​អស់​ដែល​មនុស្ស​កំពុង​ប្រើប្រាស់​និង​កំពុង​ចំណាយ​ប្រាក់។ ​

អ្នកស្រី​បាន​ថ្លែង​ថា៖ «នៅ​ពេល​មានការ​ផ្ទេរប្រាក់​តាម​បច្ចេកវិទ្យា​ ​ប្រាក់​នេះ​អាច​ឆ្លង​ព្រំដែន​ប្រទេស​ ដូច្នេះ​ការ​ពិភាក្សា​ក្នុង​ចំណោម​ប្រទេស​នានា​ត្រូវ​តែ​មាន។ ប្រទេស​នានា​ត្រូវ​គិត​រក​វិធី​មួយ​ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នាបង្កើត​ឱ្យ​មាន​បទ​បញ្ញត្តិ​ស្រប​គ្នា»៕

ប្រែសម្រួលដោយ​ពិន ស៊ីសុវណ្ណ