តើយើងអាចហៅវាថា Vollywood បានទេ? ឈុតឆាកនៃភាពយន្តរបស់ប្រទេសវៀតណាមកំពុងតែរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដោយគេឃើញមានការរីកដុះដាលឡើងនូវរោងភាពយន្តជាច្រើននៅទូទាំងប្រទេស ផលិតករភាពយន្តកាន់តែច្រើនឡើងបានប្រឡូកក្នុងវិស័យភាពយន្តនេះ និងមានការផ្ដោតចំណាប់អារម្មណ៍នៅទូទាំងពិភពលោកបន្ថែមទៀតចំពោះភាពយន្តខ្នាតធំដែលមានចំណងជើងថា «Kong» ដែលជាភាពយន្តត្រូវបានរៀបចំ និងថតឡើងនៅក្នុងប្រទេសវៀតណាម។
ប្រសិនបើយើងសរសេរពាក្យ «ភាពយន្តវៀតណាម» នៅតាមអ៊ីនធឺណិត ដើម្បីស្វែងរក នោះគេនឹងឃើញថា ភាពយន្តភាគច្រើនគឺមិនមែនផលិតដោយជនជាតិវៀតណាមទេ ប៉ុន្តែគឺគេនឹងឃើញភាពយន្ត Hollywood អំពីសង្គ្រាមវៀតណាមទៅវិញ ដូចជារឿង Apocalypse Now រឿង Full Metal Jacket និងរឿង Born on the Fourth of July ជាដើម។ ភាពយន្ត Hollywood ទាំងនេះភាគច្រើនគឺថតនៅក្នុងសហរដ្ឋអាមេរិក ហើយភាពយន្តទាំងអស់នេះគឺជារឿងរ៉ាវអំពីជនជាតិអាមេរិកាំង ដោយមានតួរាយរងជាជនជាតិវៀតណាម។
នេះគឺជាបញ្ហាសម្រាប់ប្រជាពលរដ្ឋវៀតណាមដែលចង់ឲ្យប្រទេសវៀតណាមអាចប្រឡូកក្នុងពិភពភាពយន្តនៅលើពិភពលោកបាន។ ករណីនេះគឺកំពុងតែចាប់ផ្ដើមហើយ។
នាង Ngo Thanh Van ដែលល្បីឈ្មោះជាអន្តរជាតិដោយសារតែការសម្ដែងរបស់នាងនៅក្នុងភាពយន្តរឿង «Crouching Tiger, Hidden Dragon» បានងាកមកដឹកនាំរឿងវិញ។ ភាពយន្តថ្មីបំផុតរបស់នាងដែលមានចំណងជើងថា «The Tailor» ត្រូវបានដាក់ជាផ្លូវការសម្រាប់ការប្រកួតពានរង្វាន់ Academy Awards ឬពានរង្វាន់ Oscarនៅឆ្នាំក្រោយ នៅក្នុងប្រភេទជាភាពយន្តនិយាយភាសាបរទេស។
នាង Ngo Thanh Van ដែលធ្លាប់សម្ដែងនៅក្នុងរឿង «Star Wars: The Last Jedi» បានប្រាប់គេហទំព័រព័ត៌មាន Zing ថា៖ «ការផលិតភាពយន្តនៅក្នុងទីផ្សារវៀតណាមគឺជាអាជីវកម្មប្រថុយប្រថានមួយ។ ប៉ុន្តែមិនមែនសម្រាប់ខ្ញុំនោះទេ។ ដោយសារតែដូច្នេះហើយបានជាខ្ញុំចង់ប្រឹងប្រែងឲ្យបានខ្លាំងនៅក្នុងការផលិតភាពយន្តនេះ»។
ចំណាប់អារម្មណ៍កើនឡើងលើភាពយន្តវៀតណាមនេះ គឺកើតចេញពីអ្នកផលិតផង និងអ្នកទស្សនាផងនៅក្នុងប្រទេសវៀតណាម។ បណ្ដាញរោងភាពយន្ត CGV នៅក្នុងប្រទេសវៀតណាម បានរាយការណ៍ថា ចំណូលរបស់ខ្លួនមានការកើនឡើងចំនួន ៣០ ភាគរយ កាលពីឆ្នាំ ២០១៧ បើប្រៀបជាមួយនឹងឆ្នាំ ២០១៦។
ទោះបីជាក្រុមហ៊ុននេះគ្រាន់តែជាក្រុមហ៊ុនមួយតែប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុននេះគ្រប់គ្រងរោងភាពយន្តជិតពាក់កណ្ដាលនៅក្នុងប្រទេសវៀតណាម។
អ្នករិះគន់ហៅការគ្រប់គ្រងនេះថាជាការគ្រប់គ្រងផ្ដាច់មុខ ប៉ុន្តែករណីនេះក៏មានន័យផងដែរថា ការរីកចម្រើនរបស់ក្រុមហ៊ុននេះគឺជាការបង្ហាញឲ្យឃើញនូវការរីកចម្រើនរបស់ឧស្សាហកម្មភាពយន្តនេះជាទូទៅ។
ក្រៅពីក្រុមហ៊ុន CGV ដែលគ្រប់គ្រងដោយក្រុមហ៊ុន CJ របស់ប្រទេសកូរ៉េខាងត្បូងនេះ ភាពយន្តទាំងនេះក៏ត្រូវបានចាក់បញ្ចាំងផងដែរដោយក្រុមហ៊ុនជាច្រើនទៀតដូចជាក្រុមហ៊ុន BHD, Skyline, Cinestar, Cinebox, Lotte និងក្រុមហ៊ុនផ្សេងទៀត។
រោងភាពយន្តទាំងនេះកំពុងបំពេញតម្រូវការរបស់អ្នកទស្សនានៅក្នុងប្រទេសវៀតណាម ដែលជាប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើនជិត ៧ ភាគរយជារៀងរាល់ឆ្នាំ។ ការរីកចម្រើនសេដ្ឋកិច្ចនេះក៏បានជំរុញផងដែរឲ្យក្រុមហ៊ុនមួយចំនួនទៀតដូចជាក្រុមហ៊ុន Netflix និងក្រុមហ៊ុន iflix ដែលជាក្រុមហ៊ុនប្រជែងជាមួយនឹងក្រុមហ៊ុន Netflix នេះ ចាប់ផ្ដើមបំពេញតម្រូវការរបស់អ្នកទស្សនាវៀតណាម។
ធនាគារ Investar ដែលជាធនាគារប្រឹក្សាខាងវិនិយោគបានបញ្ជាក់នៅក្នុងអត្ថបទវិភាគមួយអំពីឧស្សាហកម្មភាពយន្តថា៖ «នៅពេលដែលប្រទេសមួយអភិវឌ្ឍ តម្រូវការអភិវឌ្ឍបន្ទាប់គឺការកម្សាន្ត ដូច្នេះការក្ដាប់ឲ្យបាននូវតម្រូវការនេះគឺសំខាន់ណាស់។ នៅក្នុងប្រទេសវៀតណាម រោងភាពយន្តធំៗភាគច្រើនបានចាប់ផ្ដើមរីកដុះដាលឡើង ហើយលំហូរវិនិយោគនៅក្នុងវិស័យនេះក៏កំពុងតែកើនឡើងផងដែរ»។
ការរីកចម្រើននៃរោងភាពយន្តវៀតណាមនេះ គឺកើតឡើងស្របគ្នានឹងការលេខមុខរបស់ជនជាតិវៀតណាមរស់នៅបរទេសនៅក្នុងផ្នែកភាពយន្តនេះ។
ភាពយន្តពេញនិយមមួយរបស់ក្រុមហ៊ុន Netflix ដែលមានចំណងជើងថា «To All the Boys I've Loved Before» មានតួសម្ដែងជាពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមដែលកើតនៅក្រុង Can Tho នៃតំបន់ដីសណ្ដទន្លេមេគង្គ។ នៅក្នុងរឿង «Downsizing» លោក Matt Damon សម្ដែងរួមគ្នាជាមួយនឹងនាង Hong Chau។ នាង Hong Chau ដែលនិយាយភាសាវៀតណាមសង្កត់សំឡេងធ្ងន់ ត្រូវបានគេដាក់ឈ្មោះសម្រាប់ពានរង្វាន់ Golden Globe Award។
ជនជាតិវៀតណាមរស់នៅបរទេសខ្លះទៀតស្រដៀងនេះដែរ បានត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។ ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមជាច្រើនតាំងពីតួសម្ដែង អ្នកដឹកនាំសម្ដែង ផលិតករ និងអ្នកកែសម្រួលភាពយន្ត បានវិលត្រឡប់ទៅ ឬក៏ទៅតាំងទីលំនៅឡើងវិញនៅក្នុងប្រទេសវៀតណាមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងចំណោមនោះ គឺលោក Johnny Tri និងលោក Charlie Nguyen ដែលជាបងប្អូននឹងគ្នា។
ផលិតករភាពយន្តដែលមកពីប្រទេសបារាំង ក៏បានវិលត្រឡប់ទៅរស់នៅឡើងវិញក្នុងប្រទេសវៀតណាម។ ក្នុងចំណោមនោះ គឺពលរដ្ឋបារាំងដើមកំណើតវៀតណាមពីរនាក់ដែលបានបង្កើតស្ទូឌីយោភាពយន្តគំនូរជីវចលមួយនៅក្នុងទីក្រុងហូជីមិញ។
នាង Nguyen Cao Ky Duyenដែលជាសិល្បករ បានសរសេរនៅលើ Facebook របស់នាងថា៖ «ការមើលភាពយន្តវៀតណាមគឺជាវិធីកម្សាន្តសប្បាយ លំហែអារម្មណ៍ដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្ហាញពីការស្នេហាជាតិ។ ប្រសិនបើអ្នកគាំទ្រភាពយន្តវៀតណាម វិស័យភាពយន្តនេះនឹងរកចំណូលបាន ហើយវិនិយោគិននឹងវិនិយោគបន្ថែមលើវិស័យនេះ»។
នាងបានបន្ថែមថា ប្រទេសវៀតណាមមាន ទីតាំងដែលមានទស្សនីយភាពល្អៗជាច្រើនដែលអាចជាកន្លែងថតភាពយន្តបាន។
ភាពយន្តរឿង «Kong: Skull Island» គឺជាឧទាហរណ៍ដ៏ល្អមួយ។ ឈុតឆាកនៃរឿងអំពីស្វាយក្សដ៏ធំនេះភាគច្រើនគឺថតនៅក្នុងប្រទេសវៀតណាម ដែលក្នុងនោះមានទាំងឈុតបង្ហាញពីផ្ទាំងថ្មកំបោររាងចោទ និងផ្ទៃទឹកពណ៌បៃតងនៃតំបន់ Halong Bay ដែលជាកន្លែងបេតិកភណ្ឌពិភពលោកមួយរបស់អង្គការ UNESCO។
ខ្សែភាពយន្តនេះក៏ជានិមិត្តរូបនៃការផ្លាស់ប្ដូររបស់ប្រទេសវៀតណាមផងដែរ។ ទោះបីជារឿង «Kong» នេះ រៀបចំប្លង់ថតអំពីសម័យសង្គ្រាមវៀតណាមក៏ដោយ ក៏រឿងនេះមិនមែនថតឡើងជាភាពយន្តរៀបរាប់ពីសង្គ្រាមនោះទេ ប៉ុន្តែរឿងនេះទទួលបានការចាប់អារម្មណ៍ដោយសារឈុតឆាកផ្សេងពីនេះ ដូចជាសកម្មភាពរបស់ស្វាយក្ស ការសម្ដែងឡើងរបស់តួសម្ដែងលោក Samuel L. Jackson និងលោក Brie Larson និងទស្សនីយភាពអស្ចារ្យ។ ប្រទេសវៀតណាមក៏មានភាពយន្តរៀបរាប់ពីឈុតឆាកទាំងនេះផងដែរ គឺមិនមែនគ្រាន់តែរឿងរ៉ាវនៅក្នុងសមរភូមិប្រយុទ្ធនោះទេ។
ភាពយន្តជាភាសាវៀតណាមមួយចំនួនបានឈានឡើងដល់ឆាកអន្តរជាតិគឺតាំងពីភាពយន្តរឿង «Cyclo» រហូតដល់ភាពយន្តរឿង «The White Silk Dress»។ ប្រជាពលរដ្ឋវៀតណាមសង្ឃឹមថា ទាំងនេះគឺគ្រាន់តែជាការចាប់ផ្ដើមនៃឧស្សាហកម្មភាពយន្តដ៏រស់រវើកនេះប៉ុណ្ណោះ។
នាង Ky Duyen និយាយថា៖ «យើងដឹងថា ភាពយន្តវៀតណាមមិនទាន់អាចប្រជែងបានជាមួយនឹងភាពយន្តនៅបណ្ដាប្រទេសក្បែរខាងនោះទេ ដោយសារតែវៀតណាមស្ថិតក្នុងដំណាក់កាលនៃការបើកចំហវិស័យនេះនៅឡើយ។ ប៉ុន្តែករណីនេះមិនមែនមានន័យថា យើងមិនអាចឈានដល់កម្រិតដូចគេ ឬក៏ហួសគេនោះទេ»។
ប្រទេសឥណ្ឌាមានឧស្សាហកម្មភាពយន្ត Bollywood។ ប្រទេសនីហ្សេរីយ៉ាមានឧស្សាហកម្មភាពយន្ត Nollywood។ ដូច្នេះក្នុងពេលឆាប់ៗនេះ វៀតណាមប្រហែលជានឹងមានឧស្សាហកម្មភាពយន្ត Vollywood នឹងគេផងដែរ៕
ប្រែសម្រួលដោយ ភី សុភាដា