ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​មាន​ឱកាស​វិនិយោគ​ក្នុង​ប្រទេស​វៀតណាម​ ទោះ​ជា​មាន​ជម្លោះ​នយោបាយ​ក៏​ដោយ


បាតុករ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​សំណើ​ផ្តល់​ការ​ជួល​ដី​រយៈពេល​ជួល​ ក្នុង​បាតុកម្ម​មួយ​ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
បាតុករ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​សំណើ​ផ្តល់​ការ​ជួល​ដី​រយៈពេល​ជួល​ ក្នុង​បាតុកម្ម​មួយ​ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

ប្រទេស​វៀតណាម​​កំពុង​តែផ្តល់​ឲ្យ​ប្រទេស​ចិន​នូវ​កន្លែង​ថ្មីៗ​ដើម្បី​ធ្វើ​វិនិយោគ​ទុន រាប់​តាំង​ពី​វិស័យ​អចលនទ្រព្យ និង វិស័យ​រោង​ចក្រ ទោះ​ជា​វៀតណាម កន្លង​មក​តែង​តែ​ប្រឆាំង​​ជាមួយ​ចិន ក្នុង​រឿង​នយោបាយ​ក៏​ដោយ។

ក្រុម​អ្នក​វិនិយោគ​ចិន​កំពុង​តែ​ទិញ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ពាណិជ្ជកម្ម ហូជី​មិញ ហើយ​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ​ប្រហែល​ជា​អាច​មាន​ឱកាស ដើម្បី​ជួល​ដី​ដល់​ទៅ​រយៈ​ពេល​៩៩​ឆ្នាំ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​៣​ កន្លែង ។ សភា​វៀតណាម នឹង​ពិនិត្យ​មើលសេចក្តី​ព្រៀង​ច្បាប់​មួយ​ដើម្បី​បើកតំបន់​សេដ្ឋ​កិច្ច​ពិសេស​ទាំង​នោះ ​នៅ​ដើម​ឆ្នាំ​២០១៩ បន្ទាប់​ពី​ត្រូវ បាន​ពន្យារពេល​អស់​២​លើក នៅ​ឆ្នាំ​នេះ​ដោយ​សារ​មាន​ការ​តវ៉ា​ពី​សំណាក់​សាធារណជន​វៀតណាម។

ការ​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ុន​ចិន​ដោយ​សារ​ការ​តំឡើង​ពន្ធ​គយ​របស់​សរអា កំពុង​រុញ​ច្រានឲ្យ​ក្រុម​ហ៊ុន​ខ្លះ​ ចូល​ទៅ​ប្រទេស​វៀតណាម ដែល​មិនត្រូវបាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ចាត់​ទុក​ថា​ជា​គូ​ប្រជែង​ពាណិជ្ជកម្ម​ទេ​នោះ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​មាន​កម្មវិធី​ផ្លូវ​ក្រវ៉ាត់​ចិន ដែល​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​ឯ​ទៀត សម្រាប់​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ នៅ​ជំវិញ​តំបន់​អាស៊ី​អឺរ៉ុប។

​ទោះ​ជា​ជន​ជាតិ​វៀតណាម​ជា​ច្រើន មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ប្រទេស​ចិន ខាង​វិស័យ​នយោបាយ​ក៏​ដោយ ក៏​ពួក​គេ​នឹងសុខ​ចិត្តទទួល​ យក​ការ​វិនិយោគរបស់​ចិន​ដែរ បើ​សិនជា​រឿង​នេះ ជួយដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​វៀតណាម នេះ​បើ​តាមការ​រំពឹង​របស់​ក្រុម​អ្នក​វិភាគនៅ​ក្នុង​ទីក្រុង​ហូជីមិញ ។ លោក Trung Nguyen ​ជា​ព្រឹទ្ធ​បុរស ដេប៉ាតឺម៉ង់ ទំនាក់​ទំនង​អន្តរជាតិនៃសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​ នៃ​ទីក្រុង​ហូជីមិញ។

«យើង​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។​ ជន​ជាតិ​វៀតណាម​ ប្រហែល​ជា​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​របស់​ចិនជា​ពិសេស​នៅ​ក្នុងវិស័យ អចលនទ្រព្យ ពី​ព្រោះវិស័យ​នេះ​អាច​ជួយ​បង្កើត​ការងារ​ ក្នុង​វិស័យ​ផ្សេង​ទៀត​ជា​ច្រើន។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​វិនិយោគ​ទាំង​នេះ​ក៏​អាចធ្វើ​ឲ្យ​ ក្រុមហ៊ុន​តូចៗ​ជា​ច្រើន ដួល​រលំ​ផង​ដែរ»។

ការអាក់​អន់​ចិត្ត​របស់ពល​រដ្ឋ​វៀតណាម ជាមួយ​ប្រទេស​ចិន ស្តី​ពី​ជម្លោះ​ដែន​ដី កើតឡើងក្នុង​អតីតកាល​ ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ ដែល​មាន​រួម​ទាំង​សង្គ្រាម​នៅ​ទល់​ដែន​មួយ កាល​ពី​អំឡុង​ទសវត្សរ៍​១៩៧០ និង ជម្លោះ​ដែន​សមុទ្រក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ពោរ​ពេញ​ទៅ​ដោយ​ធន​ធាន​ធម្មជាតិ​ផង​ដែរ។ កាល​ពី​ឆ្នាំ​២០១៤ ពល​រដ្ឋ​វៀតណាម​រាប់​ម៉ឺន​នាក់ បាន​ធ្វើ​ការ​បះ​បោរ​ប្រឆាំង​និង​ក្រុម​ហ៊ុន​ជំនួញ​របស់​ចិន ក្រោយ​ពី​មាន​ការ​ផ្ទុះ​ជម្លោះ​ក្នុង​ដែល​សមុទ្រ​មួយ។

ក៏​ប៉ុន្តែវៀតណាម​ពឹង​ផ្អែក​លើ​ប្រទេស​ចិន លើ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​ទំនិញ​នាំ​ចេញ ដែល​ជួយ​ឲ្យ​សេដ្ឋ​កិច្ច​វៀត​ណាម កើន​ឡើង​រវាង​៦​ទៅ​៧​ ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។

ឥឡូវ​នេះ​ក្រុម​មន្ត្រី​ចិន ចង់​ជួយផ្តល់​មូលនិធិ ឲ្យប្រទេស​វៀតណាម សាង​សង់​ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​ក្រវ៉ាត់​របស់​ចិន ដែល​មានទឹក​ប្រាក់​១​ពាន់​លាន​លាន​ដុល្លារ។​ គម្រោង​នេះ​ផ្តោត​ទៅលើ​ការ​បើក​ផ្លូវ​ពាណិជ្ជកម្ម​ជុំ​វិញ​តំបន់​អឺរ៉ុប​អាស៊ី។

ទោះ​ជា​វៀតណាម​មិន​ស្វាគមន៍​ចិន ដូច​ប្រទេស​ជិត​ខាង​របស់​ខ្លួន គឺ​កម្ពុជា និង​ប្រទេស​លាវ​ ក៏​ដោយ ក៏​វៀត​ណាម ទទួល​ជំនួយ​អភិវឌ្ឍន៍​របស់​ចិន និង​កុង​ត្រា​សំណង់​មួយ សម្រាប់សង់​ផ្លូវអាកាស​សម្រាប់​រទេះ​ភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​ខ្សែ​ដែល​បាន​បើក​ឲ្យ​ប្រើ​ប្រាស់ក្នុង​រដ្ឋធានី​ហាណូយ​នៅ​ឆ្នាំ​នេះ។

ក្រៅ​ពី​នេះ បណ្តា​ក្រុម​ហ៊ុន​ចិន​ក៏​កំពុង​តែ​ស្វែង​រកមូល​ដ្ឋានផលិត​ទំនិញ នៅ​ខាង​ក្រៅ​ប្រទេស​ចិន ដើម្បី​ឲ្យ​ពួកគេអាច​ដឹក​ទំនិញ​នាំ​ចេញ​ទៅ​កាន់​សរអា​ដោយ​មិន​ចាំ​បាច់​បង់​ពន្ធគយ ដែល​បាន​កើន​ឡើង​នៅ​ឆ្នាំ​នេះ ដោយ​សារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​សរអា។

ក្រុម​ហ៊ុន​ចិន​ដូច​ជា​ក្រុម​ហ៊ុនផលិត​កាស់​ទូរស័ព្ទ​គ្មាន​ខ្សែ ឈ្មោះ​ក្រុម​ហ៊ុន GoerTek ជា​ដើម បាន​សម្តែង​នូវ​ការ​ចង់​ផ្លាស់​ប្តូរទី​តាំង​ទៅ​កាន់​ប្រទេស​ វៀតណាមដែល​មាន​តម្លៃ​ថោក​ជាង​និងក្បែរ​ប្រទេស​ចិន​ខណៈ​ដែល​រដ្ឋបាល​ លោក​ត្រាំ តំឡើងពន្ធគយ​លើ​ទំនិញ​មក​ពី​ប្រទេសចិន​ដែលមាន​ទឹក​ប្រាក់​២៥០​ពាន់​លាន​ដុល្លារ។

តាំង​ពី​ឆ្នាំ​ទៅ​មក ការ​វិនិយោគ​របស់​ចិន​ លើផ្ទះ​សម្បែង​ដែល​មាន​តម្លៃ​ថ្លៃៗ ក្នុង​ទីក្រុង​ ហូជីមិញ បាន​កើន​ពី​២​ភាគរយ ទៅ​ដល់ ៣១​ភាគរយ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​ហ៊ុន​សេវា​អចលន​ទ្រព្យ​ពាណិជ្ជកម្ម ឈ្មោះ CBRE។ ក្នុង​វិស័យសេដ្ឋ​កិច្ច​មួយ​ទៀត គឺ​វិស័យ​ទេសចរ ចំនួន​ទេសចរ​ចិន បាន​កើន​ឡើង​៤៩​ភាគរយ ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧។

រដ្ឋាភិបាល​វៀតណាម​ស្វាគមន៍​វិនិយោគរបស់​ចិន ប៉ុន្តែដោយ​សារ​ជន​ជាតិ​វៀតណាម​ មាន​ការ​មន្ទិល​សង្ស័យ​លើ​គោល​បំណង​របស់​ចិន​ជា​ទូទៅ វៀតណាម នឹង​មិន​បង្ហាញ​នូវ​ការ​រីករាយ​ ដែល​ខ្លួន​បង្ហាញ​ចំពោះប្រទេស ឯទៀត​នោះ​ទេ នេះ​បើ​តាម​ជំនឿ​របស់​ក្រុម​អ្នក​ជំនាញ។

ប្រទេស​វៀតណាម ស្វាគមន៍​វិនិយោគ​ទុន​របស់​ចិន ប៉ុន្តែមាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ហានិភ័យ ដូច​ជា​ការ​បំពុល​បរិស្ថាន និង ការនាំ​ពលករ​ចិន​ចូល​មក​ប្រទេស​វៀតណាម នេះ​បើ​តាម​គេហទំព័រ VietNamNews។ គេហទំព័រ​នេះ​កត់​សម្គាល់អំពីការ​ហូរចូល​យ៉ាង​ច្រើន​ នូវ​គម្រោង​ខ្នាត​ធំ ដូចជា​គម្រោងរោង​ចក្រ​ថាម​ពល​មួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ២​ពាន់​លាន​ដុល្លារ ហើយ​និង រោង​ចក្រផលិត​ផ្លាស្ទីក​មួយ​ ដែល​មាន​ទឹក​ប្រាក់​ចំនួន ១៥០​លាន​ដុល្លារជាដើម។

លោក Maxfield Brown ​នៃ​ក្រុម​ហ៊ុន​ប្រឹក្សា Dezan Shira & Associates ​ក្នុង​ទីក្រុង​ហូជីមិញ ថ្លែង​ថា វិនិយោគ​របស់​ចិន​ក្នុង​ប្រទេស​វៀតណាម នឹង​កើន​ឡើង​យ៉ាង​ច្រើន ក្នុងរយៈ​ពេល​២​ឆ្នាំ​ខាង​មុខ ខណៈ​ដែល​មាន​ការចាប់​អារម្មណ៍​ច្រើន​ឡើង​ថែម​ទៀត ទៅលើ​អឺរ៉ុប​និង តំបន់​ប៉ា​ស៊ី​ហ្វិក។

«រដ្ឋាភិបាល​វៀតណាម នឹង​មិន​ចេញ​មុខ ថ្កោល​ទោស​ការ​ធ្វើ​វិនិយោគទុន​របស់​ចិន​ក្នុង​ប្រទេស​វៀតណាម​ទេ។ នរណា​ក៏​ដឹង​ថា​ប្រទេស​ទាំង​ពីរ​នេះ​មាន​ភាព​តាន​តឹង​ជា​មួយ​គ្នា ក្នុង​ប្រវត្តិសាស្ត្រ​នោះ។ ​ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម បាន​ជ្រើសរើស​យក​ការ​ចាត់​ទុក​ប្រទេស​ទាំង​អស់​ជា​មិត្ត​របស់​ខ្លួន។

ប្រទេស​វៀតណាម បាន​បង្កើន​ការ​ចាប់​អារម្មណ៍​ក្នុង​ទ្វិប​អឺរ៉ុប និង​តំបន់មហា​សមុទ្រ​ប៉ាស៊ីហ្វិក តាម​រយៈ​ការ​ស្វែង​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម។

ក្រុម​មន្ត្រី​វៀតណាម​អាច​បញ្ជៀស​ការ​ស្តី​បន្ទោស អំពីការ​ហូរ​ចូល​នូវ​លុយ​របស់​ចិន ថែម​ទៀត ដោយ​ធានា​រ៉ាប់​រង​ថា លុយ​ទាំង​នោះ នឹង​ជួយ ច្រើន​ជាង​ ការ​ធ្វើ​ឲ្យ​ការ​ខូច​ខាត នេះ​បើ​តាម​សម្តី​របស់​អ្នកស្រី Phuong Hong នាយិការ​ផ្នែក​ទូរគមនាគមន៍ នៃ​ក្រុម​សណ្ឋាគារ​និង​ភោជ​នីយដ្ឋាន​មួយ​ នៅ​ក្នុង​ទីក្រុង​ហូជីមិញ។

«យើង​មិន​អាច​បញ្ឈប់​វិនិយោគ​ទុន​មក​ពី​ប្រទេស​ចិន និង​ពី​ជន​ជាតិ​ចិន បាន​ទេ។​ ពួក​គេ​វិនិយោគ​ក្នុង​តំបន់​ឧស្សាហកម្ម ក្នុង​វិស័យ​ជំនួញ ក្នុង​វិស័យ​អចលនទ្រព្យ និង​សូម្បី​តែ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ក៏មាន​ដែរ ដូច​ដែល​យើង​ឃើញ​មាន​គ្លីនិក​ចិន​ស្រាប់​ហើយ។ រដ្ឋាភិបាល​ត្រូវ​គិត​គូរ​អំពី​វិធី​គ្រប់​គ្រង​គុណភាព​នៃ​វិនិយោគរបស់​ចិន»។

​ប្រែសម្រួល​ដោយ ប៉ូច រាសី

XS
SM
MD
LG