វៀតណាម​​​រសាយ​ចិត្ត​នៅ​ពេល​ការ​រុករក​យន្តហោះ​​ងាក​ទៅ​ខាង​លិច

មន្ត្រី​​វៀតណាម​មួយ​រូប​​ឈរ​យាម​នៅ​ជិត​យន្តហោះ​ឯ​អាកាសយានដ្ឋាន​លើ​កោះ​ត្រល់ (Phu Quoc) កាល​ពី​ថ្ងៃ ១០ មីនា ២០១៤ ​​នៅ​មុន​បេសកកម្ម​ស្វែង​រក​យន្តហោះ​​ម៉ាឡេស៊ី​​​ MH370 ដែល​បាត់។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ប្រទេស​វៀតណាម​បាន​បន្ថយ​សកម្មភាពរបស់​ខ្លួន​ដើម្បី​រុករក​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ខណៈ​ដែល​វៀតណាម​បាន​ស្តី​បន្ទោស​ប្រទេស​ម៉ាឡេស៊ីថា​បាន​ព្រងើយ​កន្តើយ​ចំពោះ​សំណើ​របស់​ខ្លួន​ដើម្បី​សុំ​ព័ត៌មាន​ថ្មីៗ​ចុង​ក្រោយ។

នៅ​ពេល​ត្រូវ​ចោទ​សួរ​ថា​ តើ​ប្រទេស​វៀតណាម​ខក​ចិត្ត​នឹង​ភាព​ស្ងៀមស្ងាត់​របស់​ប្រទេស​ម៉ាឡេស៊ី​ដែរ​ឬ​ទេ លោក ហ្វាំ វុយ ទៀវ (Pham Quy Tieu) អនុរដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម​បានយល់​ថា​ ប្រទេស​ម៉ាឡេស៊ី​មិន​បាន​ធ្វើ​កិច្ចការ​គ្រប់គ្រាន់​សម្រាប់​អ្នក​ដំណើរ​លើ​យន្តហោះទាំង​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ដើម្បី​ឆ្លើយ​សំណួរ​នេះ ខ្ញុំ​គិត​ថា​អ្នក​គួរសាក​សួរ​ក្រុម​គ្រួសារ​នៃ​អ្នក​ដំណើរ​លើ​យន្តហោះ​នេះ​វិញ។ ពួក​គេ​ប្រហែល​អាច​ឆ្លើយ​បាន​ល្អ​ជាង។»

លោក​អនុរដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ​នៅ​ពេល​ធ្វើ​សន្និសីទ​ព័ត៌មាន​នៅកោះ​ត្រល់ (Phu Quoc) ដែល​ជា​កោះ​ទេសចរ​នៅ​ចុង​ខាង​លិច​ប្រទេស​វៀតណាម ហើយ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​វៀតណាម​បាន​យក​ទី​តាំង​កោះ​នេះ​ធ្វើ​ជា​មូលដ្ឋាន​នៃ​ប្រតិបត្តិការ​រុករក។

ការ​ផ្លាស់​ប្តូរ​ទិសដៅរុករក

ការ​ផ្អាក​ប្រតិបត្តិការ​រុករក​ទ្រង់ទ្រាយ​ធំ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​យោធា​ម៉ាឡេស៊ី​បាន​រក​ឃើញ​សញ្ញា​យន្តហោះ​ MH370 នៅតំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​ប្រទេស​ម៉ាឡេស៊ី​ទៅ​វិញ ដែល​ទី​តាំង​នោះ​នៅ​ឆ្ងាយ​ពី​ទីតាំង​ដំបូងដែល​យន្តហោះ​នេះ​លែង​ផ្តល់​សញ្ញា​ឲ្យ​រ៉ាដា​ស៊ីវិល​របស់​ក្រុម​អ្នក​ត្រួតត្រា​ចរាចរណ៍​ដែន​អាកាស។ យន្តហោះ​នេះ​បាន​ដឹក​អ្នក​ដំណើរ​ចំនួន​២៣៩​នាក់​ពី​រាជធានីគូឡាឡាំពួ​របស់​ប្រទេស​ម៉ាឡេស៊ី​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន នៅ​ពេល​ដែល​វា​បាន​បាត់​ពី​អេក្រង់​រ៉ាដា​នៅ​ពី​លើ​តំបន់​សមុទ្រ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី​និង​វៀតណាម។

ប្រទេស​វៀតណាម​និយាយ​ថា​ខ្លួន​បាន​ស្នើ​សុំ​ព័ត៌មាន​ពី​អាជ្ញាធរ​ម៉ាឡេស៊ី​ចំនួន​ពីរ​លើក​ ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​អ្វី​ទាំង​អស់។

សន្និសីទ​ព័ត៌មាន​មួយ​នៅ​អាកាសយានដ្ឋាន​កោះ​ Phu Quoc (កោះត្រល់) កាលថ្ងៃ ១១ មីនា ២០១៤។

លោក​ Tieu ថ្លែង​ថា៖ «យើង​កំពុង​រង់​ចាំ​មើល​ថា​តើ​ពួក​គេ​ត្រូវ​ការ​អ្វីយើង​អាច​ជួយ។ ប៉ុន្តែ​យើង​គិត​ថា​តាំង​ពី​យប់មិញ​ (ថ្ងៃ​អង្គារ) ​រហួត​ដល់​ព្រឹក​នេះ (ថ្ងៃ​ពុធ) យើង​ឃើញ​មាន​ព័ត៌មាន​ជា​ច្រើន​ពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​ពិភពលោក ប៉ុន្តែ​ប្រទេស​ម៉ាឡេស៊ី​វិញ​មិន​បាន​ធ្វើ​ការ​ឆ្លើយ​តប​អ្វី​ជា​ផ្លូវការ​ទេ។»

ក្រៅ​ពី​ប្រទេស​ចិន​ដែល​អ្នកដំណើរ​លើ​យន្តហោះ​នេះ​ភាគ​ច្រើនជា​ពលរដ្ឋ​ខ្លួន ប្រទេស​វៀតណាម​បាន​ក្លាយ​ជា​ដៃគូ​រុករក​ដ៏​សំខាន់​សម្រាប់​ប្រទេស​ម៉ាឡេស៊ី។ ដើម្បី​ជា​ការ​បន្ត​ការ​ប្រុង​ប្រយ័ត្ន ប្រទេស​វៀតណាម​នឹង​បន្តឃ្លាំ​មើល​ដែន​អាកាស​របស់​ខ្លួន​ក្រែង​លោ​មាន​សកម្មភាព​មិន​ប្រក្រតី​ណា​មួយ ដោយ​សារ​ប្រទេស​ម៉ាឡេស៊ី​មិន​បាន​ប្រកាស​ជា​ផ្លូវការ​ទេ​ថាតើ​ខ្លួន​បាន​រក​ឃើញ​យន្តហោះ​លេខ MH370 ដែរ​ឬ​ទេ។ យ៉ាង​នេះ​ក្តី​ក៏​កិច្ចប្រឹងប្រែង​ភាគ​ច្រើន​របស់​វៀតណាម​នៅ​ពេល​នេះ​ត្រូវ​ផ្អាក​សិន។

លោក ហ្វាំ វ៉ាន់ ឡុង (Pham Van Long) អនុប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ភូមិភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​បាន​ថ្លែង​នៅ​ឯ​ទី​បញ្ជាការ​ដដែល​នោះ​ស្ថិត​នៅលើ​កោះ​ត្រល់​ថា៖

«ថ្ងៃ​នេះ ​យើង​សូម​ប្រកាស​ថា​ កង​កម្លាំង​កងទ័ព​ជើង​ទឹក​និង​ជើង​អាកាស​ទាំង​អស់​ដែល​កំពុង​ជាប់​ទាក់ទង​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​យន្តហោះ​នេះ​បាន​ផ្អាក​សកម្មភាព​ហើយ។»

ថ្វី​បើ​វៀតណាម​មិន​បាន​និយាយ​ថាការ​រុករក​របស់​ខ្លួន​នឹង​ត្រូវ​បញ្ចប់​ជា​អចិន្ត្រៃយ៍​ក្តី ក៏​សកម្មភាពរុករក​នេះ​ទំនង​នឹង​មិន​ចាប់​ផ្តើម​វិញ​ទេ ចំពោះ​ការ​រុករក​យន្តហោះ​មួយ​ដែល​ឥឡូវ​ត្រូវ​គេ​គិត​ថា​ស្ថិត​នៅ​ច្រក​សមុទ្រ​ម៉ាឡក្កា (Strait of Malacca) ចន្លោះ​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ីទៅ​វិញ។ សម្រាប់​ប្រទេស​វៀតណាម ភាព​តានតឹង​ដែល​បាន​កើត​ឡើង​ភ្លាមៗ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី អាចក្លាយ​ទៅ​ជា​អនុស្សាវរីយ៍​ដែល​លាយ​ឡំ​ដោយ​ភាព​ផ្អែម​ល្ហែម​និង​ភាព​ជូរចត់ ចំពោះ​អាថ៌កំបាំង​ខាង​អាកាសចរណ៍​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង។

នៅ​ក្រោយ​ការ​បាត់ខ្លួន​យន្តហោះ​ជើង​ហោះហើរ MH370 ប្រទេស​វៀតណាមបាន​ចូល​ខ្លួនទៅ​ជួយ​ស្វែង​រក​ទីតាំង​នៃ​យន្តហោះ​នោះ។ កិច្ចប្រឹងប្រែង​របស់​វៀតណាម​ជា​មោទនភាព​មួយ​របស់​ប្រទេស​មួយ​នេះ​ ដែល​មិន​មាន​ចំណែក​អ្វី​នៅ​ក្នុង​វិបត្តិ​នេះ​ទេ តែ​បាន​យក​ឱកាស​នេះ​ដើម្បី​ធ្វើ​ការ​រួម​ចំណែក​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ។

លោក Tieu បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កន្លង​មក​ថា៖ «វា​ជាការ​ទទួល​ខុស​ត្រូវ​របស់​វៀតណាម​ក្នុង​ការធ្វើ​អ្វីៗ​ទាំង​អស់​ដែល​អាច​ធ្វើ​បាន​ដើម្បី​ជួយ​គាំទ្រ​ប្រទេស​ជា​មិត្ត​ក្នុង​ការ​ប្រតិបត្តិការ​ស្វែង​រក​នេះ។»

ទាហាន​កង​ទ័ព​អាកាស​វៀតណាម​ពិនិត្យ​ផែនទីក្នុង​អំឡុង​ពេល​ហោះ​ស្វែង​រកនៅ​ចម្ងាយ​ប្រមាណ​២០០​គ.ម.​ពី​កោះ Phu Quoc (កោះ​ត្រល់) កាល​ពី​ថ្ងៃទី​១១​ខែ​មីនា​ឆ្នាំ​២០១៤។

ប្រទេស​វៀតណាម​បាន​ចាប់​ផ្តើម​ធ្វើ​ការ​រុករក​ខាង​ជើង​ទឹកចេញ​ពី​កោះ​និង​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​របស់​ខ្លួន នៅ​មុន​ពេល​ចាប់​ផ្តើម​ប្រតិបត្តិការ​ខាង​ជើង​អាកាស។ បន្ថែម​ពី​លើការ​ប្រើ​យន្តហោះ​ជា​ច្រើន ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក៏​បាន​ស្តុក​អាវ​ពោង​ពណ៌​លឿង​ទុំ​នៅ​លើ​ឧត្ថម្ភាគចក្រ​ផលិត​នៅ​រុស្ស៊ី​ ដែល​បាន​ហោះរយៈ​ពេល​៤​ម៉ោង​ម្តង ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃចេញ​ពី​កោះត្រល់។ នៅលើ​អាកាស ក្រុម​អ្នក​រុករក​ពិនិត្យ​លម្អិតផ្ទៃ​សមុទ្រ​ខាង​ក្រោម​ តាម​រយៈទ្វារទាំង​សង​ខាង​របស់​ឧទ្ទម្ភាកចក្រ​ ដែល​ត្រូវ​បើក​ចំហ។

ព័ត៌មាន​នៃ​ការ​បាត់​យន្តហោះ​លេខ MH370 ក៏​បាន​នាំ​ឲ្យ​មតិ​សាធារណជន​នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​ភាព​វិជ្ជមាន​ដ៏​កម្រ​មួយ​ចំពោះ​ប្រទេស​ចិន ដែល​ធ្លាប់​ត្រួតត្រា​វៀតណាម​អស់១.០០០​ឆ្នាំ។ រឿង​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ការ​ឆ្លើយ​តប​របស់​វៀតណាមចំពោះ​វិបត្តិ​យន្តហោះ​អាកាសចរណ៍​ម៉ាឡេស៊ី​កាន់​តែ​គួរ​ឲ្យ​កត់​សម្គាល់ថែម​ទៀត។ ជនជាតិ​វៀតណាម​បាន​ចូល​រួមក្នុង​ការ​សម្តែង​ការ​អាណិត​អាសូរ​ជា​សាកល​ចំពោះ​ជោគវាសនា​ជនជាតិ​ចិន​និងអ្នក​ដំណើរ​ដទៃ​ទៀត​នៅ​លើ​ជើង​ហោះហើរ MH370 នេះ។ ពួក​គេ​បាន​សរសេរ​មតិ​និង​ចែក​រំលែក​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម។

អ្នក​ប្រើប្រាស់​ Twitter ជន​ជាតិ​វៀតណាម​ម្នាក់​បាន​សរសេរ​ថា «ខ្ញុំ​តែង​ធ្វើ​បច្ចុប្បន្នភាពទំព័រ Twitter ជា​ប្រចាំដើម្បី​ទទួល​ព័ត៌មាន​ចុងក្រោយ។ ខ្ញុំ​សូមចូល​រួម​ចំណែក​សម្តែង​ក្តី​សោកសៅ​ដល់​ក្រុមគ្រួសារ​ទាំង​អស់» ដោយ​ប្រើ​សញ្ញា hashtag #PrayForMH370

ប៉ុន្តែ​ខណៈ​ដែល​ការ​រុករកបាន​បន្ត ប្រទេស​វៀតណាម​បាន​រង​ការ​រិះ​គន់​ថា​បាន​រក​ឃើញ​បំណែកខុស ដែល​នៅ​ទី​បញ្ចប់​សេចក្តី​រាយការណ៍​របស់​វៀតណាមអំពី​បំណែក​និង​ស្នាម​ប្រេង​ត្រូវ​គេ​រក​ឃើញ​ថា​មិន​មាន​ទាក់ទង​នឹង​យន្តហោះ​ម៉ាឡេស៊ី​នេះ​ទេ។

នៅ​អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង​វិញ កូន​ស្រី​របស់​អ្នក​ដំណើរ​ចិន​ម្នាក់​បាន​រិះ​គន់​ខ្លាំងៗ​ ចំពោះ​អាជ្ញាធរ​វៀតណាម នៅ​ពេល​និយាយ​ទៅ​កាន់​ហ្វូង​អ្នក​កាសែត៖

«យើង​សង្ឃឹម​ថា​រដ្ឋាភិបាល​ចិន​នឹង​បញ្ជូន​ក្រុម​អ្នក​ស្វែង​រក​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ យើង​មិន​ទុក​ចិត្ត​ជនជាតិ​វៀតណាម​ទេ។ ពួក​គេ​មិន​សូវ​មាន​សមត្ថភាព​ទេ។»

ដៃ​ទទេ​ផង​និង​នឿយ​ហត់​ផង

វៀតណាម​ខ្លួន​ឯង​ក៏បាន​ចាប់​ផ្តើម​បាត់​បង់​ភាព​ជឿ់​ជាក់​ទៅ​បេសកកម្ម​រុករក​របស់​ខ្លួន ក្រោយ​ពី​មិន​បាន​រក​ឃើញ​អ្វី​ទាំង​អស់បន្ទាប់​ពី​ស្វែង​រក​ម្តងៗ​៨​ម៉ោង។

«បើ​ផ្នែក​លើ​ការ​វាយ​តម្លៃ​ទាំង​អស់​ដែល​មាន​នៅ ​ពេល​នេះ យើង​រំពឹង​ថា​នឹង​មាន​ក្តី​សង្ឃឹម​តិចតួច​បំផុត​ចំពោះ​ព័ត៌មាន​ល្អ​អំពី​ជើង​ហោះហើរ​នេះ។»

លោក Tieu បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​មុន​ពេល​មានលេច​ចេញ​ព័ត៌មានថា​យន្តហោះ​នេះ​ទំនង​ជា​មិន​ស្ថិត​នៅ​ជិត​វៀតណាម​ទាល់​តែ​សោះ។ លោក​ក៏​និយាយ​ថា​អាជ្ញាធរ​បាន​ប្រុងប្រៀប​ខ្លួន​ចំពោះ​ព័ត៌មាន​មិនល្អ គឺ​ប្រសិន​បើ​អ្នក​រុករកបាន​រក​ឃើញ​សាកសព​ជា​ជាង​អ្នក​រស់​រាន។

ខណៈ​ដែល​ប្រទេស​វៀតណាម​បាន​បន្ថយ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​នៅ​ពេល​ការ​រុករក​បាន​បែរ​ទៅ​ផ្តោត​លើ​តំបន់​ខាង​លិច​ប្រទេស​ម៉ាឡេស៊ី​វិញ វៀតណាម​ក៏​នៅ​តែ​ឆ្លើយ​តប​នឹង​សេចក្តី​រាយការណ៍នានា​ដែល​អាច​នាំ​ទៅ​ដល់​ការ​រក​ឃើញ​យន្តហោះ​នេះ។ កាល​ពី​ថ្ងៃ​ពុធ អាជ្ញាធរ​វៀតណាម​បាន​បញ្ជូន​យន្តហោះ​មួយ​ទៅ​ស៊ើប​អង្កេត​វត្ថុ​ឆេះ​មួយ​ដែល​ត្រូវអ្នក​ធ្វើការ​នៅ​អណ្តូង​ប្រេង​មួយ​ប្រទះ​ឃើញ​នៅ​ជិត​ក្រុង Vung Tau។

លោក Owen Geach ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ការិយាល័យអាកាសចរណ៍​អន្តរជាតិ។

លោក​ពន្យល់​ថា៖ «នៅ​ពេល​ដែល​ប្រព័ន្ធ​ពិភពលោក​ទាំង​មូល​ផ្តោត​អារម្មណ៍​លើ​សកម្មភាព​របស់​អ្នក អ្នក​មិន​អាច​ឲ្យ​គេ​គិត​ថា​ជា​ការ​ព្រងើយ​កន្តើយ​ទេ។ ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​រុករក​មិន​ឲ្យ​សល់​កន្លុក​កន្លៀត​ណា​មួយ​ឡើយ។»

ប្រែ​សម្រួល​ដោយ សឹង សុផាត