លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បានអំពាវនាវដល់ពួកអ្នកបោះ ឆ្នោតនៅក្នុងរដ្ឋ Kentucky ឲ្យគាំទ្រការជំនួសកម្មវិធីថែទាំសុខភាពរបស់ប្រទេសអាមេ រិកដែលគេស្គាល់ថាObamacare ដោយសេចក្តីព្រាងច្បាប់ដែលបានតាក់តែងឡើងដោយពួកគណបក្សសាធារណរដ្ឋនៅវិមានរដ្ឋសភា Capitol Hill។
លោកអុនប្រធានាធិបតី Pence បាននិយាយនៅក្នុងសន្ទរកថាមួយផ្សាយតាមទូរទស្សន៍ក្នុងខណៈដែលធ្វើដំណើរទៅកាន់ក្រុមហ៊ុនថាមពលមួយកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Louisville រដ្ឋ Kentucky ជារដ្ឋមួយដែលតំណាងដោយសមាជិកព្រឹទ្ធសភា Rand Paul ដែលជាអ្នករិះគន់ដ៏ខ្លាំងម្នាក់ដល់សេចក្តីព្រាងច្បាប់ថែទាំសុខភាពរបស់គណបក្សសាធារណរដ្ឋ។
លោកអនុប្រធានាធិបតីនិយាយថា៖ «ខ្ញុំសូមប្រាប់អស់លោក អ្នកឲ្យបានច្បាស់ថា ការណ៍នេះនឹងក្លាយជាការឈ្លោះប្រកែកមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយយើងទាំងអស់គ្នាត្រូវតែចាប់យកឱកាសនេះដើម្បីលប់ចោលនិងជំនួសច្បាប់ថែទាំសុខភាព Obamacare។ យើងត្រូវការគណបក្សសាធារណរដ្ឋទាំងអស់នៅក្នុងសភា ហើយយើងកំពុងពឹងផ្អែកលើរដ្ឋ Kentucky នេះ»។
ពួកអ្នកប្រឆាំងសេចក្តីព្រាងច្បាប់ជំនួសនោះ បានជំរុញឲ្យរដ្ឋបាលរបស់ប្រធានាធិបតីត្រាំបញ្ឈប់ការគាំទ្រដោយការផ្តល់ប្រាក់បន្ថែមរបស់ Obamacare ទៅឲ្យរដ្ឋនានាដើម្បីពង្រីកកម្មវិធីថែទាំសុខភាពដែលផ្តល់ប្រាក់ដោយរដ្ឋាភិបាលសម្ព័ន្ធសម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលទាបចំនួន៧០លាននាក់។ សេចក្តីព្រាងច្បាប់សម្រាប់ជំនួសនោះ នឹងកាត់ផ្តាច់ថវិការបន្ថែមនេះនៅឆ្នាំ២០២០ លើកលែងតែមនុស្សដែលបានចុះឈ្មោះក្នុងកម្មវិធីនោះរួចហើយ គឺមានរយៈពេល ២ ឆ្នាំលើសពីអ្វីដែលពួកអភិរក្សនិយមចង់បាន។
ទោះបីមានការជំទាស់ប្រឆាំង ប្រធានាធិបតីដូណាល់ ត្រាំ បានចុះផ្សាយក្នុងប្រព័ន្ធ Twitter កាលពីថ្ងៃសៅរ៍ថា សេចក្តីព្រាងច្បាប់ជំនួសនេះ កំពុងជឿនលឿនទៅមុខ៕