ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រសាសន៍​សំខាន់ៗ​របស់​លោក​ប្រធានាធិបតី​ Trump ថ្លែង​ទៅ​កាន់​សភា


លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​ទៅ​កាន់​សភា នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧។ លោក​អនុ​ប្រធានាធិបតី Mike Pence និង​លោក​ប្រធាន​សភា Paul Ryanស្តាប់​សុន្ទរកថា​របស់​លោក Trump។
លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​ទៅ​កាន់​សភា នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧។ លោក​អនុ​ប្រធានាធិបតី Mike Pence និង​លោក​ប្រធាន​សភា Paul Ryanស្តាប់​សុន្ទរកថា​របស់​លោក Trump។

នៅ​យប់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧ លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​ទាំងពីរ​របស់​អាមេរិក។

«នៅ​ទីបំផុត​យើង​នឹង​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​របស់​យើង យើង​នឹង​បង្កើន​ប្រាក់​កម្រៃ ជួយ​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ សន្សំ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​សហគមន៍​របស់​យើង​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​គ្រប់គ្នា»។

«ខ្ញុំ​បាន​បញ្ជា​ដល់​ក្រសួង​ការពារ​ប្រទេស​ឲ្យ​បង្កើត​ផែនការ​មួយ​ដើម្បី​កម្ចាត់​និង​បំផ្លាញ​ក្រុមរដ្ឋឥស្លាម»។

លោក Trump ​ថ្លែង​ទៀត​ថា «ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ជាង​មុន​សម្រាប់​ក្រុមហ៊ុន​ក្នុងការ​ធ្វើ​ជំនួញ​ក្នុង​សហរដ្ឋអាមេរិក​និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ពិបាក​ចាកចេញ​ពី​សហរដ្ឋអាមេរិក»។

«ខ្ញុំ​នឹង​នាំ​យក​ការងារ​រាប់​លាន​ត្រឡប់​មក​វិញ។ ការ​ការពារ​កម្មករ​របស់​យើង​ក៏​មាន​ន័យ​ថា​ធ្វើ​កំណែ​ទម្រង់​អន្តោប្រវេសន៍​ស្រប​ច្បាប់​របស់​យើង»។

​«ខ្ញុំ​នឹង​ស្នើ​ឲ្យ​សភា​អនុម័ត​លើ​ច្បាប់​ដែល​បង្កើត​ការវិនិយោគ​ដែល​មាន​ទឹកប្រាក់​១​លាន​លាន​ដុល្លារ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​អាមេរិក»។

«ខ្ញុំ​នឹង​ស្នើ​ឲ្យ​សភា​ធ្វើ​វិសោធនកម្ម​និង​លុប​ចោល Obamacare ​ដោយ​ធ្វើ​កំណែទម្រង់​ដែល​បង្កើន​ជម្រើស ងាយស្រួល​ទៅ​មន្ទីរពេទ្យ មាន​តម្លៃ​ថោក​ជាង​មុន និង​ផ្តល់​សេវា​ថែទាំ​សុខភាព​ល្អ​ជាង​មុន»។

«គោល​នយោបាយ​ការបរទេស​របស់​យើង​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូលរួម​ជាមួយ​ពិភពលោក​ដោយ​ផ្ទាល់ ក្លៀវក្លា និង​មាន​ន័យ។ វា​គឺ​ជា​ការ​ដឹកនាំ​របស់​អាមេរិក​ដែល​ផ្អែក​ទៅ​លើ​ផល​ប្រយោជន៍​សន្តិសុខ​ដ៏​មាន​សារៈ​សំខាន់​ដែល​យើង​ចែក​រំលែក​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​របស់​យើង​នៅ​ជុំវិញ​សកលលោក​យើង​នេះ‍»។

«យើង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​អង្គការ​អូតង់ ដែល​ជា​សម្ព័ន្ធមិត្ត​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​នៃ​សង្គ្រាម​លោក​ទាំង​ពីរ​លើក ដែល​ផ្តួល​រំលំ​របប​ហ្វាស៊ី និង​សង្គ្រាម​ត្រជាក់​ដែល​យក​ឈ្នះ​លើ​របប​កុម្មុយនិស្ត។ ប៉ុន្តែ​ដៃគូ​របស់​យើង​ត្រូវ​តែ​បំពេញ​ទៅ​តាម​ភារកិច្ច​ហិរញ្ញវត្ថុ​របស់​ខ្លួន»។

«ហើយឥឡូវ​នេះ ផ្អែកទៅ​លើ​ការពិភាក្សា​របស់​យើង​យ៉ាងរឹងមាំ និងយ៉ាង​ស្មោះ​ត្រង់​ទៅវិញ​ទៅ​មក ពួកគេ​ចាប់​ផ្តើម​បំពេញ​កិច្ចការ​នេះ​ហើយ។ យើង​រំពឹង​ថា​ដៃគូ​របស់​យើង ទោះ​ជា​ក្នុង​អង្គការ​អូតង់ ក្នុង​តំបន់​មជ្ឈឹមបូពា ឬ ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ក៏​ដោយ ដើម្បីដើរ​តួរនាទី​យ៉ាង​មាន​ន័យ ក្នុង​ប្រតិបត្តិការ​យុទ្ធសាស្ត្រនិង​យោធា ហើយ​ជួយ​ចេញ​ប្រាក់សម្រាប់​ចាយ​វាយឲ្យ​បាន​យុត្តិធម៌»

​ «ដំណោះស្រាយ​យូរអង្វែង​តែ​មួយ​គត់​សម្រាប់​គ្រោះ​មហន្តរាយ​មនុស្សធម៌ទាំង​នេះ គឺ​ត្រូវ​បង្កើត​ស្ថានភាព​មួយ​ដែល​ជន​ផ្លាស់ប្ដូរ​ទីលំនៅ​អាច​ត្រឡប់​ទៅ​លំនៅដ្ឋាន​របស់​ពួកគេ​វិញ​បាន​ដោយ​សុវត្ថិភាព​និង​ចាប់​ផ្តើម​ដំណើរការ​យូរអង្វែង​នៃ​ការស្តារ​ឡើង​វិញ»។

«ខ្ញុំ​បញ្ជូន​ថវិកា​ទៅ​កាន់​សភា​ដែល​ជួយ​កសាង​វិស័យ​យោធា​របស់​យើង លុប​បំបាត់​ការ​កាត់​បន្ថយ​វិស័យ​យោធា ហើយ​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កើន​ថវិកា​ចំណាយ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​សម្រាប់​ការពារ​ប្រទេស​ជាតិ​របស់​យើង‍»។

«យើង​ចង់​បាន​សន្តិភាព​ កន្លែង​ណា​ក៏​ដោយ​ដែល​យើង​អាច​រក​បាន​សន្តិភាព។ អាមេរិក​សព្វថ្ងៃ​ជា​មិត្ត​ជាមួយ​នឹង​អតីត​សត្រូវ​របស់​យើង។ សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និត​របស់​យើង​បំផុត​មួយ​ចំនួន តាំង​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន បាន​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សង្គ្រាម​លោក។ ប្រវត្តិសាស្ត្រ​នេះ​គួរ​តែ​ផ្តល់​ឲ្យ​យើង​នូវ​ជំនឿ​យើង​អាច​មាន​ពិភពលោក​ដែល​ល្អ​ប្រសើរ​ជាង​មុន‍»។

«ខ្ញុំ​សុំ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​ឱប​ក្រសោប​ទទួល​យកនូវ​ការ​លើក​ស្មារតី​អាមេរិកាំង​ឡើង​វិញ។ ខ្ញុំ​អំពាវ​នាវ​ឲ្យ​សមាជិក​សភា​ទាំង​អស់​ចូលរួម​ជាមួយ​នឹង​ខ្ញុំ ក្នុង​ការ​មាន​ក្តី​ស្រម៉ៃ​ខ្ពស់ មោះមុត និង​ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន​ សម្រាប់​ប្រទេស​របស់​យើង។ ហើយ​ខ្ញុំ​អំពាវ​នាវ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​កំពុង​ទស្សនា​នៅ​យប់​នេះ​ឆ្លៀត​ឱកាស​នេះ ត្រូវ​ជឿជាក់​លើ​ខ្លួន​របស់​អ្នក ជឿជាក់​លើ​អនាគត​របស់​អ្នក ហើយ​ជា​ថ្មី​ម្តង​ទៀត​ជឿជាក់​ទៅ​លើ​អាមេរិក‍»៕

XS
SM
MD
LG