លោកស្រី Mardi Benedict មើលការខុសត្រូវលើការិយាល័យរបស់វេជ្ជបណ្ឌិតនៅទីក្រុង Fort Mohave រដ្ឋអារីហ្សូណា ដែលនៅទីនោះលោក Richard ដែលជាប្តីរបស់លោកស្រីបានទទួលជោគជ័យជាគ្រូពេទ្យជំនាញខាងការបង្កើតកូន និងជំនាញខាងរោគស្រ្តី។ លោកស្រីជាសកម្មជនអភិរក្សនិយមដែលនិយាយថា ប្រាក់កម្រៃទាបដែលបានទទួលនៅក្រោមកម្មវិធីថែទាំសុខភាព Obamacare ជួលកាលធ្វើឲ្យប្តីរបស់លោកស្រីធ្វើការមិនបានទទួលអ្វីទាំងអស់។ លោកស្រី Mardi Bendict អ្នកគាំទ្រលោកត្រាំបាននិយាយថា៖ «ខ្ញុំបានយំជាលើកទីមួយនៅថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីក្នុងរយៈពេល៨ឆ្នាំ ខ្ញុំរំភើបរហូតដល់ស្រក់ទឹកភ្នែក ពីព្រោះមានការស្រក់ទឹកភ្នែកមិនសប្បាយចិត្តជាច្រើនពីមុនមក»។
វេជ្ជបណ្ឌិត Kelli Ward ជាអ្នកគាំទ្រលោកត្រាំម្នាក់ទៀត។ លោកស្រីវេជ្ជបណ្ឌិត Kelli បាននិយាយថា «ខ្ញុំជាអតីតសមាជិកព្រឹទ្ធសភារដ្ឋអារីហ្សូណា ហើយខ្ញុំនឹងឈរឈ្មោះព្រឹទ្ធសភាសហរដ្ឋអាមេរិក»។
លោកស្រីវេជ្ជបណ្ឌិត Ward ប្រកួតប្រជែងជាមួយសមាជិកព្រឹទ្ធសភារដ្ឋអារីហ្សូណា លោក John McCain មិនបានជោគជ័យនៅក្នុងការបោះឆ្នោតបឋមខាងគណបក្សសាធារណរដ្ឋនៅឆ្នាំ២០១៦។ លោកស្រីឥឡូវនេះ សង្ឃឹមថា នឹងជំនួស លោក Jeff Flake សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋម្នាក់ទៀតនៅឆ្នាំ២០១៨។ លោកស្រីនិយាយថា គ្មានសមាជិកព្រឹទ្ធសភាណាជាអ្នកអភិរក្សនិយម ឬជាអ្នកគាំទ្រលោកត្រាំពិតប្រាកដទេ។
«ខ្ញុំមើលឃើញពីផលប៉ះពាល់នៃជនអន្តោប្រវេសន៍ខុសច្បាប់ទៅលើប្រព័ន្ធថែទាំសុខ ភាពរបស់យើង ក៏ប៉ុន្តែ វាក៏មានផលប៉ះពាល់ទៅលើប្រព័ន្ធសិក្សាអប់រំរបស់យើងដែរ។វាប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ វាប៉ះពាល់គ្រប់វិស័យទាំងអស់ក្នុងសង្គមរបស់យើង»។
លោក Frank Lister នៃទីក្រុង Phoenix គាំទ្រលោកស្រីវេជ្ជបណ្ឌិត Kelli Ward និងប្រធានាធិបតី ដូណាល់ ត្រាំ។ លោកជាអ្នកកាន់សាសនាកាតូលិក ហើយបាននិយាយ ថា លោកបានពាក់ព័ន្ធក្នុងរឿងនយោបាយដោយសារបញ្ហានានាដូចជាការពន្លូតកូន ដែលលោកជំទាស់ប្រឆាំង។ លោក Frank Lister បាននិយាយថា៖ «ការណ៍នេះកំពុងធ្វើឲ្យរកាំចិត្តដល់អ្នកអភិរក្សនិយមដែលយើងបានបញ្ជូនមនុស្សទៅកាន់ក្រុងវ៉ាស៊ីន តោន ហើយពួកគេមិនបានធ្វើអ្វីទាំងអស់។ ខ្ញុំមិនខ្វល់ថា តើពួកគេចាញ់ ឬទេ ក៏ប៉ុន្តែ ពួកគេត្រូវតែប្រយុទ្ធ»។
ពួកអ្នកគាំទ្រប្រធានាធិបតីត្រាំទាំងនោះនិយាយថា ការតវ៉ាប្រឆាំងកាលពីពេលថ្មីៗនេះនៅចំណតយន្តហោះអំពីបទបញ្ជាប្រធានាធិបតីរបស់លោកត្រាំដែលហាមឃាត់ការធ្វើដំណើរបានរំលោភសេរីភាពនៃការនិយាយស្តី និងចូលដល់លក្ខណៈអនាធិបតេយ្យ។
លោកវេជ្ជបណ្ឌិត Michael Ward ប្តីរបស់លោកស្រី Kelly Ward ក៏ជាអ្នកគាំទ្រលោកប្រធានាធិបតីត្រាំដែរ ក៏ប៉ុន្តែ លោកនិយាយថា ពួកអភិរក្សនិយមធ្វើខុស ប្រសិនបើ ពួកគេជានិច្ចកាលយល់ស្របជាមួយប្រធានាធិបតីត្រាំនោះ។ លោកវេជ្ជបណ្ឌិត Michael Ward បានមានប្រសាសន៍ថា៖ «ខ្ញុំចង់ឃើញបទបញ្ជាប្រធានាធិបតីហាមឃាត់ការធ្វើដំណើរពន្យារពេលបន្តិច។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគាំទ្រអ្វីដែលលោកប្រធានាធិបតីកំពុងព្យាយាមធ្វើ។ ខ្ញុំជឿជាក់ថា អ្វីដែលលោកកំពុងធ្វើគឺស្របទៅតាមរដ្ឋធម្មនុញ្ញដែលស្ថិតនៅក្នុងអំណាចរបស់លោក។ ការភ័យខ្លាចគឺថា លោកនឹងប្រើ អំណាចរបស់លោកហួស ហើយខ្ញុំគិតថា យើងត្រូវតែពិនិត្យមើលបញ្ហានេះដែរ»។
លោកស្រី Kelli Ward និយាយថា ប្រធានាធិបតីត្រាំជាពាណិជ្ជករ។ លោកកំពុងធ្វើអ្វីដែលលោកត្រូវធ្វើ។លោកស្រី Kelli Ward និយាយថា៖ «ប្រធានាធិបតីត្រាំ ដឹងពីរបៀបកាន់កាប់ក្រុមហ៊ុនសាជីវកម្ម ហើយជាការពិត នេះជាអ្វីដែលលោកត្រូវធ្វើបន្ទាប់ពីការកាន់អំណាចរយៈពេល៨ឆ្នាំរបស់លោកអូបាម៉ា»។
ហើយលោកស្រីនិយាយទៀតថា ប្រធានាធិបតីត្រាំ មានការគាំទ្រយ៉ាងខ្លាំងនៅក្នុងរដ្ឋអារីហ្សូណា និងទូទាំងតំបន់ខាងលិច។
ប្រែសម្រួលដោយ ជឹង ប៉ូជីន