ក្រុមវេជ្ជបណ្ឌិតពីសហរដ្ឋអាមេរិកនឹងបំពេញបេសកកម្មមនុស្សធម៌រយៈពេលមួយសប្តាហ៍ដោយធ្វើការពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំពេទ្យជូនពលរដ្ឋកម្ពុជាអត់គិតថ្លៃ។
ការព្យាបាលនឹងចាប់ផ្តើមពីថ្ងៃច័ន្ទទី១១ ដល់ថ្ងៃសៅរ៍ទី១៦ខែកុម្ភៈនៅមន្ទីរពេទ្យកំពង់ធំក្នុងទីរួមខេត្តកំពង់ធំ និងស្រុកបារាយណ៍ដែលមាននៅមណ្ឌលសុខភាពឈូកខ្សាច់និងមណ្ឌលសុខភាពក្រវា។
លោកវេជ្ជបណ្ឌិត សុង តាន់ ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានបញ្ជាក់ប្រាប់ VOA Khmer ថា ក្រុមការងារមានវេជ្ជបណ្ឌិតនិងជំនួយការជាង១០០នាក់ដែលធ្វើដំណើរពីទីក្រុងនានាក្នុងរដ្ឋកាលីហ្វ័រញ៉ា។
លោកបន្ថែមថា៖
«សេវារបស់យើងគឺមានវះកាត់ខាងជំងឺទូទៅ ស្រ្តី ជំងឺផ្ទៃក្នុងដូចជាជំងឺកូនក្មេងមនុស្សចាស់។ យើងយកថ្នាំទៅគ្រប់គ្រាន់ដើម្បីប្រជាពលរដ្ឋ ព្យាបាលប្រជាពលរដ្ឋ៧.០០០ឬ៨.០០០នាក់។ យើងមានទន្តសាស្រ្តខាងធ្មេញ ខាងឈឺឆ្អឹងឆ្អែង ហើយមានចែកវ៉ែនតានិងដៃសិប្បនិម្មិតផង»។
នេះគឺជាបេសកកម្មប្រចាំឆ្នាំលើកទី៩ដែលរៀបចំដោយសមាគមសុខាភិបាលខ្មែរនៅអាមេរិក(CHPAA) ហើយចំនួនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមានការកើនឡើងជារៀងរាល់ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត តាន់ សុង។
លោកបានបន្ថែមថា៖
«ចំនួនយើងកាន់តែកើនឡើងហើយយើងមានកេរ្តិ៍ឈ្មោះ គឺដោយសារកេរ្តិ៍ឈ្មោះរបស់យើងផង។ យើងទៅព្យាបាលគឺយើងរៀបចំបានស្រួល ហើយយើងទៅដល់ហ្នឹងយើងព្យាបាលប្រជាជនបានល្អ។ ដូច្នេះអ្នកស្ម័គ្រចិត្តទាំងអស់គ្នាមានកម្លាំងកំហែងពេលត្រឡប់មកវិញ។ មានភាគច្រើនទៅស្ទើរតែរាល់ឆ្នាំ»។
បេសកកម្មលើកនេះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត សេង សៀង អ្នកនិពន្ធសៀវភៅ«រដូវអត់ឃ្លាន» (Starving Season) ដែលបានប្រថុយជីវិតយកវិជ្ជាពេទ្យទៅជួយព្យាបាលមេកងខ្មែរក្រហម ក្នុងពេលដែលមនុស្សជាច្រើនលាក់ប្រវត្តិរូបនិងចំណេះដឹងខ្លាចត្រូវរបបខ្មែរក្រហមយកទៅសម្លាប់ចោល។
លោកវេជ្ជបណ្ឌិត សៀង សេង ដែលមានឯកទេសខាងជំងឺខាងក្នុងនិងផ្នែកសម្ភពបានបញ្ជាក់ប្រាប់ VOA Khmer ថា៖
«ខ្ញុំធ្លាប់បានរស់នៅក្នុងរបប ប៉ុល ពត ហើយបានស្គាល់ភាពវេទនា ភាពក្រីក្រ ភាពខ្វះថ្នាំពេទ្យ ភាពខ្វះគ្រូពេទ្យ ភាពខ្វះមុខ ខ្វះក្រោយ ដូច្នេះហើយទោះជាខ្ញុំលែងស្គាល់ភាពទាំងនោះក្តី ខ្ញុំមិនភ្លេចភាពដែលខ្ញុំរៀបរាប់ខាងលើដែរគឺថាពេលទៅ ជួបបងប្អូនយើងតែងតែនឹកអាណិតស្រឡាញ់បងប្អូនយើងជានិច្ច។ ដូច្នេះហើយឱ្យតែបានទៅលេងស្រុកខ្មែរខ្ញុំក៏គិតគូរថា យ៉ាងហោចណាស់ក៏ជួយបងប្អូនខ្មែរយើងដែរ»។
លោកវេជ្ជបណ្ឌិត សៀង សេង មើលឃើញថា ការទទួលបានសេវាសុខាភិបាលនៅតំបន់ជនបទនៅមានកម្រិតតិចតួចនៅឡើយ។
«ពេលដែលយើងទៅ គឺយើងទៅកន្លែងណាដែលឆ្ងាយពីទីក្រុង ហើយនៅជនបទ ដូច្នេះបងប្អូនយើងនៅទីនោះគ្នាក្រណាស់ ហើយមិនសូវមានថ្នាំឬក៏មិនសូវបានជួបគ្រូពេទ្យទេ។ ពេលទៅម្តងៗគ្នាអោបដៃអោបជើងយើង សុំអង្វរឱ្យតែយើងទៅជួបម្តងទៀត។ ខ្ញុំមានការសប្បាយចិត្តយ៉ាងខ្លាំងពេលដែលទៅជួយបងប្អូនយើងម្តងៗ»។
បេសកកម្មឆ្នាំនេះគឺជាលើកទីបីទៅប្រទេសកម្ពុជា សម្រាប់លោកស្រីវេជ្ជបណ្ឌិត Gracie Ann Dinkins អ្នកឯកទេសខាងការវះកាត់។ លោកស្រីធ្លាប់ចូលរួមបេសកកម្មស្ម័គ្រចិត្តនៅប្រទេសវៀតណាម ហៃទីនិងសេរ៉ាឡេអូន។
លោកស្រីយល់ថា ជារៀងរាល់បេសកកម្មទៅកម្ពុជាគឺជា«ការផ្តល់រង្វាន់មួយ»៖
«ខ្ញុំមានការស្ងើចសរសើរចំពោះភាពគួរសមរួសរាយ ភាពសុភាពរាបសារ ការអត់ធ្មត់និងភាពថ្លៃថ្នូររបស់អ្នកជំងឺដែលខ្ញុំព្យាបាល»។
ដោយសារតែរយៈពេលបេសកកម្មមានកំណត់តែត្រឹមមួយសប្តាហ៍និងលទ្ធភាពព្យាបាលមានកំណត់លោកវេជ្ជបណ្ឌិត សុង តាន់ បញ្ជាក់ថាអាទិភាពគឺផ្តល់ជូនអ្នកដែលមកដល់កន្លែងព្យាបាលមុនគេ។
«ខ្ញុំសូមអំពាវនាវឱ្យបងប្អូនទៅរកខ្ញុំក៏ប៉ុន្តែយើងមានសមត្ថភាពមានព្រំដែន។ យើងមើលបានតែមួយចំនួន។ ដូច្នេះបើគ្រប់ចំនួនហើយយើងមិនអាចធ្វើបានទេ។ ដូច្នេះអញ្ជើញទៅគឺថា អ្នកទៅមុខបានមុនដោយអត់រើសអើងសាសនា ឋានៈអីទាំងអស់គឺថាអ្នកណាទៅមុនបានមើលមុន»។
ក្រុមគ្រូពេទ្យនិងនិស្សិតពេទ្យកម្ពុជាក៏ចូលរួមក្នុងបេសកកម្មនេះដែរ ដែលវាជាឱកាសមួយសម្រាប់ពួកគេរៀនសូត្រនិងប្តូរបទពិសោធន៍គ្នាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុង តាន់៕