ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ទទួល​បាន​វិញ្ញា​បនបត្រ​​គុណភាព​ពី​ប្រទេស​បារាំង


វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។ (រូប​ពី​ទំព័រ​ហ្វេសប៊ុក​ Institut Pasteur du Cambodge)
វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។ (រូប​ពី​ទំព័រ​ហ្វេសប៊ុក​ Institut Pasteur du Cambodge)

ប្រទេស​បារាំង​ទទួល​ស្គាល់​គុណភាព​​មន្ទីរ​ពិសោធន៍​ជីវ​វេជ្ជ​សាស្រ្ត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ហើយ​បាន​​ផ្តល់​​​វិញ្ញាបន​បត្រ​ ​ISO​ ​15189​ ​ដល់​វិទ្យាស្ថាន​នេះ ​ដែល​បានស្នើសុំ​វិញ្ញាបន​បត្រ​នេះ​តាំងពីឆ្នាំ២០១៧។

មន្ទីរ​ពិសោធន៍​ជីវ​វេជ្ជ​សាស្រ្ត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ទទួល​បាន​វិញ្ញាបន​បត្រ​ ​ISO​ ​15189​ ​ក្រោយ​មាន​ការ​ទទួល​ស្គាល់​គុណភាព​ពី​ប្រទេស​បារាំង។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ចេញ​នៅ​ថ្ងៃទី​១៧​ ​ខែធ្នូ​ ​និង​ទើប​ត្រូវ​បាន​ចែក​ចាយ​ឲ្យ​អ្នក​សារ​ព័ត៌មាន​នា​ថ្ងៃ​ពុធ​នេះ​បញ្ជាក់​ថា​ ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ស្នើ​សុំ​វិញ្ញាបន​បត្រ​នេះ​ចាប់តាំង​ពីខែធ្នូ​ឆ្នាំ២០១៧។​ ​ក្រោយ​មាន​ការ​ធ្វើ​សវន​កម្ម​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១៨​ ​«គណៈ​កម្មាធិការ​វាយ​តម្លៃ​ទទួល​ស្គាល់​គុណភាព​នៃ​ប្រទេស​បារាំង‍»​បាន​សន្និដ្ឋាន​ថា​ ​មន្ទីរ​ពិសោធន៍​នេះ​បាន​បំពេញ​លក្ខខណ្ឌ​ស្របតាម​តម្រូវការ​ស្តង់​ដារ​ ​និង​សម្រេច​ផ្តល់​នូវ​ការទទួល​ស្គាល់​គុណ​ភាព​លើ​វិសាលភាព​ជាក់​លាក់ ​ដូចជាជីវគីមី​ ​លោហិត​សាស្រ្ត​ ​សេរ៉ូម​សាស្រ្ត​រកជំងឺឆ្លង​ ​និង​បាក់​តេរី​សាស្រ្ត​សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​រក​មេរោគ​របេង​ជាដើម។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះសរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ការ​ទទួល​ស្គាល់​គុណភាព​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ ​ISO​ ​15189​ ​បាន​បង្ហាញ​ពី​សមត្ថភាព​បច្ចេក​ទេស​នៃ​មន្ទីរ​ពិ​សោធន៍​ ​និង​ប្រតិបត្តិ​ការ​ត្រឹមត្រូវ​មួយ​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​នេះ​ ​ក្រោម​ប្រព័ន្ធ​គ្រប​គ្រង​មួយ​ដ៏​សម​ស្រប»។

មន្ទីរ​ពិសោធន៍​ជីវសាស្រ្ត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាគឺជា​គ្រឹះស្ថាន​មិន​រក​ប្រាក់​ចំណេញ​នៅ​កម្ពុជា​ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៣​ដើម្បី​ចូលរួម​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ​ការ​ស្រាវជ្រាវ​ ​និង​ការ​ការពារ​ជំងឺ​ឆ្លង។ ​វា​គឺជា​មន្ទីរពិសោធន៍​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ​ដែល​ទទួល​បាន​វិញ្ញា​បនបត្រ​ ​ISO​ ​15189 ​ពី​ប្រទេស​បារាំង៕

XS
SM
MD
LG