​អាមេរិក​និង​អង់គ្លេស​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចែក​រំលែក​ទិន្នន័យ​អេឡិចត្រូនិក​តាម​ច្បាប់​ដ៏​ចម្រូង​ចម្រាស

រូបឯកសារ៖ លោក​ស្រី Priti Patel រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អង់គ្លេស និង​លោក William Barr ​​​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក។

សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ ដោយ​យោង​តាម​ច្បាប់​ថ្មី​ដ៏​ចម្រូង​ចម្រាស​មួយ​របស់​អាមេរិក ​ដែល​នឹង​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​បង្ខំ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា ​ប្រគល់​សារ​ទាក់​ទង​គ្នា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ ​មិន​ថា​ទិន្នន័យ​នោះ​ ត្រូវ​បាន​តម្កល់​ទុក​នៅ​ប្រទេស​មួយ​ណា​ឡើយ។

នេះ​គឺ​កិច្ច​ព្រម​ព្រៀង​លើក​ដំបូង​ហើយ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​តាម​ច្បាប់​ CLOUD Act ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អាមេរិក​កាល​ពី​ឆ្នាំ​មុន។ ច្បាប់​នេះ​បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប ​ចំពោះ​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​ឯកជន​ភាព។

រដ្ឋាភិបាល​បារាំងបាន​ហៅ​កិច្ច​ព្រម​ព្រៀង​នេះ​ថា​ ជា​ការ​គំរាម​កំហែង​ដល់​ «‍អធិបតេយ្យភាព​ឌីជីថល»​របស់​ខ្លួន ​ខណៈ​ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​លួច​ចូល​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ​សាមញ្ញ​របស់​អាល្លឺម៉ង់​ពី​សំណាក់​អាជ្ញាធរ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​ លោក ​William Barr ​និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេស​ អ្នកស្រី Priti Patel ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ក្នុង​ពិធី​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ព្យាយាម​ធ្វើ​ឱ្យ​ស្រាកស្រាន្ត​ការ​ព្រួយ​បារម្ភ​ទាំង​នេះ។

លោក​ Barr ​មាន​ប្រសាសន៍​ថា៖ «‍កិច្ច​ព្រមព្រៀង​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរកាន់​តែ​មាន​សុវត្ថិភាព​ជាង​មុន ហើយ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ​ក៏​ធានា​ឱ្យ​មាន​ការ​ការពារ​ដ៏​ខ្លាំង​ចំពោះ​ឯកជន​ភាព​និង​សេរីភាព​ពលរដ្ឋ»។

អ្នក​ស្រី Patel មាន​ប្រសាសន៍​ថា៖ «‍ភេរវជន​និង​ជន​សេពកាម​ជាមួយ​កុមារ ​នៅ​តែ​បន្ត​កេង​ប្រយោជន៍​ពី​អ៊ីនធឺណិត​ ដើម្បី​សាប​ព្រោះ​សារ​សម្អប់​របស់​ពួកគេ ដើម្បី​រៀបចំ​ផែនការ​វាយប្រហារ​លើ​ពលរដ្ឋ​របស់​យើង​និង​តម្រង់​គោលដៅ​ទៅ​រក​ជន​ដែល​ងាយ​រងគ្រោះ​ជាង​គេ»៕