ក្រសួងការពារប្រទេសស.រ.អា.បាននិយាយកាលពីយប់ថ្ងៃសុក្រថា ស.រ.អា.នឹងបញ្ជូនកងកម្លាំងយោធាបន្ថែមនិងឧបករណ៍ការពារដែនអាកាសទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
សេចក្តីប្រកាសនេះមានឡើងនៅក្រោយការវាយប្រហារកាលពីដំណាច់សប្តាហ៍មុនទៅលើកន្លែងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលពួកមន្ត្រីស.រ.អា.បាននិយាយថា ប្រទេសអ៊ីរ៉ង់ជាអ្នកទទួលខុសត្រូវដែលជាការចោទប្រកាន់មួយដែលរដ្ឋាភិបាលក្រុងតេហេរ៉ង បានបដិសេធហើយនោះ។
នៅក្នុងសន្និសីទកាសែតមួយក្នុងក្រសួងការពារប្រទេសស.រ.អា. លោករដ្ឋមន្ត្រីការពារប្រទេស Mark Esper បាននិយាយថាលោកប្រធានាធិបតី ដូណាល់ ត្រាំ «បានយល់ព្រមដល់ការបញ្ជូនកងកម្លាំងស.រ.អ.ដែលមានភាពការពារ»។
លោក Esper បានថ្លែងថា ស.រ.អា.បានឆ្លើយតបនឹងសំណើសុំរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាតអារ៉ាប់រួមដើម្បីកែលម្អប្រព័ន្ធការពារដែនអាកាសនិងប្រឆាំងនឹងកាំជ្រួចមីស៊ីលនៅក្រោយការវាយប្រហារកាលពីថ្ងៃទី១៤ ខែកញ្ញា ដែលបង្ហាញភាពងាយរងគ្រោះនៃកន្លែងប្រេងក្នុងតំបន់នោះដោយការវាយប្រហារដោយដ្រូន (drones) និងកាំជ្រួចមីស៊ីលធុន cruise។
លោកឧត្តមសេនីយ៍ Joseph Dunford ប្រធានក្រុមនាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អា.បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា សេចក្តីលម្អិតទាក់ទិននឹងការបញ្ជូនទាហាននិងយុទ្ធោបករណ៍ស.រ.អា.នឹងត្រូវលើកយកមកពិភាក្សាគ្នានៅដំណាច់សប្តាហ៍នេះហើយនឹងត្រូវផ្សព្វផ្សាយនៅសប្តាហ៍ក្រោយ។
លោក Dunford បាននិយាយថា៖ «លោករដ្ឋមន្ត្រីការបរទេស Mike Pompeo ទើបតែត្រឡប់មកវិញកាលពីព្រឹកមិញនេះហើយពួកអារ៉ាប៊ីសាអូឌីត បានសុំឱ្យមានការជួយពង្រឹងសមត្ថភាព។ យើងមិនទាន់បានសម្រេចអំពីកងឯកភាពច្បាស់លាស់នៅឡើយទេ»។ ក៏ប៉ុន្តែកងឯកភាពដែលនឹងត្រូវជ្រើសរើសនឹងជួយពង្រឹងប្រព័ន្ធការពារប្រឆាំងនឹងកាំជ្រួចមីស៊ីល របស់ប្រទេសទាំងពីរនេះ។
នៅពេលតែប៉ុន្មានម៉ោងក្រោយស.រ.អា.ប្រកាសអំពីការបញ្ជូនទាហាននិងគ្រឿងឧបករណ៍យោធា លោកឧត្តមសេនីយ៍ Hossein Salami អគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានថាកងកម្លាំងលោក «ប្រុងប្រៀបសម្រាប់សេណារីយ៉ូ ណាក៏ដោយ»។ លោក Salami បាននិយាយបន្ថែមថា «ប្រសិនបើនរណាឆ្លងកាត់ព្រំដែនយើង យើងនឹងវាយប្រហារពួកគេ»៕