​សហរដ្ឋ​អាមេរិក​​នឹង​ចេញ​លិខិត​​អនុញ្ញាត​ទៅ​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់

រូបឯកសារ៖ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​អាមេរិក​ លោក Mike Pompeo ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​តុលា ២០១៨។

សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​មាន​គម្រោង​អនុញ្ញាត​ជា​បណ្តោះ​អាសន្ន​ឲ្យ​ប្រទេស​ជា​ច្រើន​​ ​បន្ត​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​ដោយ​មិន​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេ​រិក។

សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​មាន​គម្រោង​អនុញ្ញាត​ជា​បណ្តោះ​អាសន្ន​ឲ្យ​ប្រទេស​ជា​ច្រើន ​បន្ត​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​ដោយ​មិន​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេ​រិក។

ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ត្រូវ​គេ​រំពឹង​នឹង​កើត​មាន​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ ​ដោយ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ដក​សហរដ្ឋ​អាមេរិក​នៅ​ដើម​ឆ្នាំ​នេះ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែ​រវាង​អ៊ី​រ៉ង់​និង​មហា​អំ​ណាច​ពិភពលោក​ទាំង​៦។​ប្រទេស​ណា​ដែល​នាំ​ចូល​ប្រេង​របស់​អ៊ីរ៉ង់​ដែល​មិន​បាន​ទទួល​ការ​អនុញ្ញាត​នឹង​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ខាង​ហិរញ្ញ​វត្ថុ​ពី​សហរដ្ឋ​អាមេរិក។

រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​Mike Pompeo ​បាន​ប្រកាស​ការ​សម្រេចអនុញ្ញាត​ឲ្យ​នាំ​ចូល​ប្រេង​របស់​អ៊ីរ៉ង់​នេះ​នៅ​ក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សុក្រ ​ក៏ប៉ុន្តែ ​មិន​បាន​បញ្ជាក់​ថា​តើ​ប្រទេស​ណា​នឹង​រួច​ផុត​ពី​ទណ្ឌកម្ម​នេះ​ឬ​ថា​ តើ​ការ​អនុញ្ញាត​ឲ្យ​នាំចូល​ប្រេង​អ៊ីរ៉ង់​នោះ​មាន​រយៈ​ពេល​ប៉ុន្មាន។

​កាល​ពី​ដំបូង ​កាសែត​ Bloomberg ​បាន​រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង ឥណ្ឌា​និង​ជប៉ុន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែលអនុញ្ញាត​ឲ្យ​នាំ​ប្រេង​ចូល​ពី​អ៊ីរ៉ង់។​ លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Pompeo​ និយាយ​ថា ​សហភាព​អឺរ៉ុប ​នឹង​មិន​បាន​ទទួល​ការ​អនុញ្ញាត​ពី​ការ​នាំ​ប្រេង​អ៊ីរ៉ង់​ចូល​នេះ​ទេ។

រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​Pompeo​ បាន​និយាយ​បន្ថែម​ទៀត​ថា ​ប្រទេស​២ ​នឹង​កាត់​ផ្តាច់​ចេញ​ទាំង​ស្រុង​ពីការ​នាំ​ប្រេង​ចូល​របស់​អ៊ីរ៉ង់ ​ខណៈ​ដែល​ប្រទេស​៦​ផ្សេង​ទៀត ​នឹង​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ការ​នាំ​ប្រេង​ចូល​នេះ។

​ការ​ដាក់​ទណ្ឌកម្ម​នេះ ​ជាផ្នែក​មួយ​នៃ​អ្វី​ដែល​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ​ហៅ​ថា​ យុទ្ធនាការ​នៃ​«ការ​ដាក់​គំនាប​ជា​អតិបរមា»​ដែល​មាន​គោល​បំណង​ជំរុញ​ឲ្យ​អ៊ីរ៉ង់បោះ បង់​ចោល​កម្មវិធី​នុយក្លេអ៊ែ​របស់​ខ្លួន​ ហើយ​និង​បញ្ចប់​ការគាំទ្រ​របស់​ខ្លួន​ដល់​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។ លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក Pompeo ​ថា ​យុទ្ធនាការ​នេះ​កំពុង​មាន​ដំណើរ​ការ៕