អាមេរិក​ប្រកាស​បន្ត​ផ្តោត​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ទស្សនា​វត្ត Pagoda ជាមួយ​​រដ្ឋមន្ត្រី​ការ​បរទេស​លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Rodham Clinton) នៅ​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន ប្រទេស​ភូមា (មីយ៉ាន់ម៉ា) កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ខិតខំ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​រក្សា​តុល្យភាព​អំណាច​ឡើងវិញ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ចាត់​ទុក​ថា ​វា​ជា​តំបន់​ដែល​មាន​សារៈ​សំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​និង​ពិភពលោក។

លោក​ ដានីញែល រាស់សល (Daniel Russel) ​ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារថា៖

«សហរដ្ឋ​អាមេរិក​មាន​ការ​ប្តេជ្ញា​យ៉ាង​ខ្លាំង​ចំពោះ​យុទ្ធសាស្រ្ត​ចូលរួម​និង​រក្សា​តុល្យភាព​អំណាច​ឡើងវិញ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ យើង​នឹង​ដាក់​បន្ថែម​នូវ​ធនធាន​ខាង​ការទូត​ ធនធាន​នយោបាយ​ការ​ទូត​សាធារណៈ ​និង​ជំនួយ​ដើម្បី​ជំរុញ​ឱ្យ​សម្រេច​បាន​គោលដៅ​របស់​យើង​នៅ​ក្នុង​តំបន់»។​

ក្នុង​ចំណោម​យន្តការ​ជាច្រើន​ដែល​យក​មក​ប្រើ​ សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ថា​ការ​ចូលរួម​របស់អង្គការ​សង្គម​ស៊ីវិល​ក៏​ជា​ផ្នែក​មួយដែល​ជួយ​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​រក្សា​តុល្យភាព​អំណាច​ឡើង​វិញ​នៅ ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ដែរ។

លោក រាស់​សល បាន​បន្ថែម​ថា៖​ «ជា​រៀងរាល់​ថ្ងៃ​ស្ថានទូត​របស់​យើង​ចេញ​ទៅ​ជួប​ជាមួយ​នឹង​រដ្ឋាភិបាល​ម្ចាស់​ផ្ទះ​ ដោយ​ធ្វើ​ការ​ជាមួយ​នឹង​អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​ភាគី​ផ្សេងៗទៀត​ដើម្បី​ជំរុញ​ការរក្សា​តុល្យភាព​អំណាច​ឡើង​វិញ​របស់​យើង​ហើយ​តាម​រយៈ​ការ​ចូលរួម​ពាក់​ព័ន្ធ​នោះ​និង​ការ​ជាប់​ពាក់​ព័ន្ធ​កម្រិត​ខ្ពស់​គឺ​យើង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ដៃ​គូ​របស់​យើង​ សម្ព័ន្ធ​មិត្ត​របស់​យើង​ ហើយ​យើង​ធ្វើ​ការ​លើ​បញ្ហា​ស្មុគស្មាញ​ដែល​មាន​ប្រយោជន៍​សម្រាប់​យើង​ទាំងអស់​គ្នា»។​

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​បាន​ដាក់​ចេញ​នូវយុទ្ធសាស្រ្ត​«ងាក​ទៅ​តំបន់​អាស៊ី» ឬ “Pivot to Asia” ខ្លាំង​នៅឆ្នាំ​២០១២ ​ដោយ​ផ្តោត​លើ​វិស័យ​ធំៗ​នានា​ដូច​ជា​សេដ្ឋកិច្ច​ ស​ន្តិសុខ ​និង​វប្បធម៌​ជា​ដើម។

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​អ្នក​វិភាគ​ឯករាជ្យ​បាន​បញ្ជាក់​ថា​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅតំបន់​អាស៊ី​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ផ្តោត​លើ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក។ ហើយ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ដូច​ជា​កម្ពុជា​តួរ​នាទី​របស់​អង្គការ​សង្គម​ស៊ីវិល​រឹតតែ​សំខាន់​ទៅ​ទៀត​ក្នុង​ការ​ការពារ​អ្នក​ទន់ខ្សោយ​ទប់​ទល់​នឹង​ការ​រំលោភ​បំពាន​របស់​អ្នក​មាន​អំណាច។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ មើល​ឃើញ​ថា​ ការ​ប្រកាស​ជាថ្មី​របស់​សហរដ្ឋ​អាមេរិក​ជា​ការ​ល្អ​មួយ​សម្រាប់​សង្គម​ស៊ីវិល​កម្ពុជា​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួក​គេ៖ «ខ្ញុំ​ថាទំនោរ​នេះ​វា​វិជ្ជមាន​សម្រាប់​ពង្រឹង​សង្គម​ស៊ីវិល។ ទីមួយ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ការ​ខាងផ្នែក​សង្គម​ស៊ីវិល។ ទី​ពីរ​គឺ​បន្ថែម​ការ​ជួយ​ឧបត្ថម្ភ​ជា​មធ្យោបាយ​អ្វី​ផ្សេងៗ​បន្ថែម​ទៀត​ទៅ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ធ្វើ​សកម្មភាព​របស់​ខ្លួន​បន្ត​ទៀត»។

យ៉ាង​ណា​ក៏ដោយ​សហរដ្ឋ​អាមេរិក​នៅ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រកាស​ជា​ឯកតោ​ភាគី​របស់​ប្រទេស​ចិន​ពីលើ​បញ្ហា​អធិបតេយ្យ​ភាព​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​ដែល​កំពុង​មាន​ទំនាស់​គ្នា​ជាមួយ​នឹង​ប្រទេស​ជប៉ុន​និង​កូរ៉េ ​និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំនាស់​ជាមួយ​នឹង​សមាជិក​មួយ​ចំនួន​នៃ​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន។

លោក​ Russel ​បាន​មាន​ប្រសាសន៍​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​មួយ​ចំនួន​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​និង​ខាង​ត្បូង​ ជា​ពិសេស​សកម្មភាព​ដែល​ធ្វើ​ឡើង​ជា​ឯកតោ​ភាគី ​ដែល​មាន​លក្ខណៈ​បង្ក​រឿង​តាម​របៀប​មិន​មែន​ការទូត​និង​មិន​ស្របច្បាប់។ សកម្មភាព​បែបនេះ​ធ្វើ​ឱ្យ​គេ​ចោទ​ជា​សំណួរ​អំពី​ការ​គោរព​ច្បាប់​ គោលដៅ​រយៈ​ពេល​វែង​នៃ​ប្រទេស​ខ្លះ​នៅ​ក្នុង​តំបន់​នោះ»។

ក្រសួង​ការបរទេស​ក៏បាន​បញ្ជាក់​ថា​សម្រាប់​ឆ្នាំ​២០១៤​នេះ​ លោក​ប្រធានាធិបតី​អូបាម៉ា​និង​មន្ត្រី​ជាន់​ខ្ពស់​នានា​ដែល​រួមមាន​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ចន ឃែរី ​និង​លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ ឆាក់ ហេហ្កល (Chuck Hagel) ​ជាដើម​នឹង​ធ្វើ​ដំណើរ​ទៅ​តំបន់​អាស៊ីនិង​ប៉ាស៊ីហ្វិក​ច្រើន​ជាង​មុន៕