នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅពេលដំណាលគ្នា លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo និងពួកតាលីបង់បានប្រកាសកាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងមួយរវាងស.រ.អា.និងពួកតាលីបង់នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២៩ ខែកុម្ភៈ ដែលនឹងបើកផ្លូវឱ្យមានការបញ្ចប់សង្គ្រាមអាមេរិកាំងយូរបំផុតក្នុងប្រវត្តិសាស្ត្រ។
កិច្ចព្រមព្រៀងនេះអំពាវនាវឱ្យមានការដកកងកម្លាំងស.រ.អា.ទាំងអស់តាមដំណាក់កាលចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការធានារ៉ាប់រងពីពួកតាលីបង់ថា ពួកគេនឹងមិនអនុញ្ញាតឱ្យដែនដីនៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវប្រើប្រាស់សម្រាប់ការធ្វើភេរវកម្ម ហើយថាពួកគេនឹងចូលរួមក្នុងដំណើរការផ្សះផ្សាគ្នាជាមួយជនជាតិអាហ្វហ្គានីស្ថាន ឯទៀតៗ។
សេចក្តីថ្លែងការណ៍របស់លោក Pompeo បាននិយាយថា៖ «កិច្ចចរចារវាងក្រុមអាហ្វហ្គានីស្ថាន នានានឹងចាប់ផ្តើមធ្វើឆាប់ៗនេះ ហើយនឹងបន្តពីជំហានជាមូលដ្ឋាននេះដើម្បីធ្វើឱ្យមានកិច្ចឈប់បាញ់គ្នាទូលំទូលាយនិងអចិន្ត្រៃយ៍មួយ ព្រមទាំងអនាគតផែនទីបង្ហាញផ្លូវខាងនយោបាយសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ផងដែរ»។
នៅមុនពិធីចុះហត្ថាលេខាលើកិច្ចព្រមព្រៀងនេះ នឹងមានរយៈពេល៧ថ្ងៃសម្រាប់ការកាត់បន្ថយអំពើហិង្សាដោយចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២២ ខែកុម្ភៈនេះដែលនឹងត្រូវសង្កេតការដោយភាគីទាំងអស់ក្នុងសង្គ្រាមនេះ,
កងកម្លាំងស.រ.អា., ពួកតាលីបង់ និងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ ភាគីទាំងអស់បាននិយាយបំភ្លឺថា ពួកគេរក្សាសិទ្ធិក្នុងការតបតនឹងការវាយប្រហារណាមួយ។
រយៈពេលនេះជាវិធានការកសាងការទុកចិត្តគ្នា ព្រមទាំងជាការស្ទង់ប្រមាណឱ្យដឹងថា តើពួកតាលីបង់មានការត្រួតត្រាពេញលេញលើកងកម្លាំងប្រយុទ្ធរបស់ពួកគេឬទេ។
សេចក្តីថ្លេងការណ៍មួយរបស់ពួកតាលីបង់បានចែងថា៖ «នៅពេលនេះភាគីទាំងពីរបង្កើតឱ្យមានស្ថានភាពសន្តិសុខមួយនៅមុនថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយបានធ្វើសេចក្តីអញ្ជើញដល់ពួកអ្នកតំណាងជាន់ខ្ពស់នៃប្រទេសនិងអង្គការមួយចំនួនឱ្យចូលរួមក្នុងពិធីចុះហត្ថលេខា»។
ពិធីចុះហត្ថលេខានេះនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីដូហា នៃប្រទេសកាតា ដែលនៅទីនោះពួកតាលីបង់មានការិយាល័យនយោបាយក្រៅផ្លូវការមួយជាច្រើនឆ្នាំមកហើយ។ ភាគីទាំងពីរក៏បានធ្វើការចរចាជិត១៨ខែនៅក្នុងក្រុងនោះដែរ៕