ប្រធានផ្នែកសុខាភិបាលសាធារណៈសហរដ្ឋអាមេរិកលោក Vivek Murthy កាលពីថ្ងៃអាទិត្យបាននិយាយការពារបទបញ្ជាថ្មីរបស់លោកប្រធានាធិបតី Joe Biden ដែលតម្រូវឲ្យបុគ្គលិករាប់លាននាក់ចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណា ដោយគំរាមអំពីលទ្ធភាពបាត់បង់ការងាររបស់ពួកគេ ទោះជាមានការប្រឆាំងយ៉ាងខ្លាំងពីអភិបាលរដ្ឋខាងគណបក្សសាធារណរដ្ឋក៏ដោយ។
លោក Murthy បានប្រាប់បណ្តាញទូរទស្សន៍ ABC ក្នុងកម្មវិធី This Week ថា «នេះមិនមែនជាវិធានការមិនប្រក្រតីនោះទេ។ នេះជាការឆ្លើយតបដ៏ត្រឹមត្រូវ»។
ដោយសហរដ្ឋអាមេរិកមានកំណត់ត្រាការឆ្លងវីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទដែលតា(Delta ) ប្រហែល១៥០.០០០ករណី និងមនុស្សស្លាប់ជាង១៥០០នាក់ជារៀងរាល់ថ្ងៃនោះ លោក Biden កាលពីសប្តាហ៍មុន បានបញ្ជាឲ្យក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពី១រយនាក់ឡើងទៅ ត្រូវចាក់វ៉ាក់សាំងឲ្យបុគ្គលិករបស់ខ្លួនបើពុំដូច្នេះទេ តម្រូវឲ្យបុគ្គលិករបស់ក្រុមហ៊ុនទាំងនោះ ធ្វើតេស្តកូវីដ១៩ជារៀងរាល់សប្តាហ៍ ប្រសិនបើពួកគេមិនចាក់វ៉ាក់សាំង។
អ្នកធ្វើការប្រហែល៨០លាននាក់នៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលធំជាងគេបង្អស់ក្នុងពិភពលោក អាចរងផលប៉ះពាល់ដោយបទបញ្ជារបស់លោក Biden ដែលអាចធ្វើឲ្យពួកគេបាត់បង់ការងារ ប្រសិនបើពួកគេមិនព្រមចាក់វ៉ាក់សាំង ឬធ្វើតេស្ត។
លោកប្រធានាធិបតី ក៏បានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលប្រហែល ២លាន ៥សែននាក់ចាក់វ៉ាក់សាំង ប្រសិនបើពួកគេមិនទាន់បានចាក់ ហើយលោកបានបញ្ចប់ជម្រើសកាលពីពេលមុនដែលថា ពួកគេធ្វើតេស្តជារៀងរាល់សប្តាហ៍ ប្រសិនបើពួកគេមិនចាក់វ៉ាក់សាំង។
ក្រុមហ៊ុនធំៗខ្លះ បានចាប់ផ្តើមតម្រូវឲ្យចាក់វ៉ាក់សាំងរួចហើយ ហើយនាយកប្រតិបត្តិក្រុមហ៊ុនសំខាន់ៗ ជាទូទៅបានបង្ហាញការគាំទ្របទបញ្ជារបស់លោក Biden។ ក៏ប៉ុន្តែអភិបាលរដ្ឋចំនួន១៩របស់គណបក្សសាធារណរដ្ឋ ដែលភាគច្រើនជាអ្នកតែងតែរិះគន់បទបញ្ជារបស់ប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនោះ បានប្រឆាំងសេចក្តីណែនាំរបស់លោកហើយថា ពួកគេកំពុងពិចារណាប្តឹងតាមផ្លូវច្បាប់៕