បេសកកម្ម​កងទ័ព​អាមេរិក​នៅ​វេណេស៊ុយអេឡា​គឺ​ជួយសង្គ្រោះ​និង​ការពារ​ពលរដ្ឋ​អាមេរិកាំង​

មេបញ្ជាការ​នៅ​ផ្នែក​ខាង​ត្បូង​របស់​អាមេរិក ​Craig Faller ថ្លែង​នៅ​​មុខ​គណៈកម្មធិការ​កង​ទ័ព​​នៅសភា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ២០១៩

មេ​បញ្ជាការ​កងទ័ព​ស.រ.អា.​ភាគ​ខាង​ត្បូង​បាន​បញ្ជាក់​ពីការអះអាង​របស់​លោក ​Mike Pompeo​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​ថា ​មាន​ក្រុម​សកម្ម​ប្រយុទ្ធ ​Hezbollah ​នៅ​វេណេស៊ុយអេឡា ​ប៉ុន្តែ​គាត់​និយាយ​ថា ​យោធា​អាមេរិក​នៅ​ក្នុង​តំបន់​បច្ចុប្បន្ន​កំពុង​ផ្តោត​លើ​ការ​ការពារ​ពលរដ្ឋ​អាមេរិក​និង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​របស់​មនុស្ស។

ឆ្លើយ​នឹង​សំណួរ​វីអូអេ​កាល​ពី​ថ្ងៃសុក្រ​ ឧត្តមនាវីទោ ​Craig Faller ​បាន​និយាយ​ថា ​សហ​រដ្ឋអាមេរិក​កំពុង​ធានា​ថា ​ពលរដ្ឋអាមេរិក​ ​ទ្រព្យ​សម្បត្តិនិង​អ្នក​ការ​ទូត​នៅ​ទីនោះ​មាន​សុវត្ថិភាព។

ទាក់​ទង​នឹងការ​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​កូឡុំប៊ី ​ដែល​លើក​ឡើង​ដោយ​លោក​ John Bolton ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ ​ដែល​បាន​ថតរូបសរសេរ​ថា​ កងទ័ព​៥ពាន់​នាក់​ទៅ​ប្រទេស​កូឡុំប៊ី​នោះ លោក ​Faller ​ឲ្យ​យក​សំណួរ​នេះ​សួរក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ។ ​គាត់​បាន​និយាយ​ថា បញ្ជា​របស់​គាត់​គឺ​ផ្តោត​លើ​ការ​ឈឺ​ចាប់​របស់​មនុស្ស​ហើយ​ជារៀង​រាល់​ថ្ងៃ​បាន​កាត់​បន្ថយ​ទុក្ខ​វេទនា​នោះ។​

នៅ​ពេល​សួរ​អំពី​ការពាក់​ព័ន្ធ​របស់​រុស្ស៊ី​នៅ​ក្នុង​នយោបាយ​វេណេស៊ុយអេឡា ​លោក ​Faller ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំគិត​ថា​ រុស្ស៊ី​អាច​ពាក់​ព័ន្ធ។​ យើង​បាន​ឃើញ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ហើយ​ខ្ញុំ​គិត​ថា​ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​អាច​កើត​ឡើង​នាពេល​អនាគត»។

បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ប្រទេស​វេណេស៊ុយអេឡា ​បាន​ធ្វើ​ឲ្យ​ហាង​ទំនិញ​គ្មាន​គ្រឿង​ទេសក៍​ហើយ​អតិផរណា​កើន​ឡើង​ទប់​មិន​ឈ្នះ។ ​ពលរដ្ឋ​វេណេស៊ុយអេឡា ​រាប់​លាន​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​នេះ​ដើម្បី​ស្វែង​រក​ស្ថានភាព​ប្រសើរនៅ​កន្លែង​ផ្សេង។ ​

លោក​ប្រធានាធិបតីនី ​Nicolas Maduro​ បាន​បដិសេធ​ជំនួយ​និង​បាន​បញ្ជា​ឱ្យ​ទាហាន​បញ្ឈប់ការ​ផ្គត់​ផ្គង់​ឆ្លង​កាត់​ស្ពាន​រវាង​ប្រទេស​កូឡុំប៊ី ​និង​ វេណេស៊ុយអេឡា ដោយ​និយាយ​ថា ​មិនមាន​វិបត្តិ​មនុស្សធម៌នៅ​វេណេស៊ុយអេឡា​ទេ។​ លោក​ Juan Guaido ​មេដឹក​នាំបក្ស​ប្រឆាំង​បាន​សុំ​ជំនួយ​នេះ​ដោយ​ព្រមាន​ថា ​ប្រជាជន​វេណេស៊ុយអេឡា​ជាច្រើន​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ដោយ​គ្មាន​ជំនួយ​អន្តរជាតិ៕