អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ចាប់ផ្ដើម​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ទ្រង់ទ្រាយ​ធំ

រូបឯកសារ៖ ទាហាន​សហរដ្ឋ​អាមេរិក​និង​ទាហាន​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​យោធាប្រចាំ​ឆ្នាំ​​រួម​គ្នា​​ នៅ​ក្រុង Pocheon ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៥។ (AP Photo/Lee Jin-man, File)

នៅ​ថ្ងៃ​ចន្ទ​នេះ សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់ផ្ដើម​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ដ៏​ធំ​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​ទប់ទល់​នឹង «ការ​គំរាមកំហែង​កើនឡើង​ជា​បន្តបន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កូរ៉េ​ខាង​ត្បូង។

សមយុទ្ធ​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​នេះ​មាន​រយៈពេល ២ សប្ដាហ៍។ សមយុទ្ធ​នេះ​នឹង​រួម​មាន​ផង​ដែរ​នូវ​កម្មវិធី​ហ្វឹកហាត់​តាម​សមរភូមិ​ដោយ​ធ្វើ​តាម​សេនារីយ៉ូ​ផ្សេងៗ ដូចជា​សេនារីយ៉ូ​នៃ​ការ​ឆ្លើយតប​ចំពោះ​ការ​វាយ​ប្រហារ​របស់​កូរ៉េ​ខាង​ជើង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​កូរ៉េ​ខាង​ត្បូង​ជាដើម។

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​កាត់​បន្ថយ​ឬ​ក៏​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​នានា​តាំង​ពី​ឆ្នាំ ២០១៧ មក ដើម្បី​ទាក់ទាញ​កូរ៉េ​ខាង​ជើង​ឱ្យ​ចូល​មក​កាន់​តុ​ចរចា និង​ដោយសារ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ក៏​ប៉ុន្តែ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol ដែល​ទើប​ឡើង​កាន់​តំណែង​កាលពី​ខែ​ឧសភា បាន​សន្យា​បង្កើន​ការ​ធ្វើ​សមយុទ្ធ​នេះ​ដើម្បី​កម្លា​រារាំង​កូរ៉េ​ខាង​ជើង។ កូរ៉េ​ខាង​ជើង​បាន​សាកល្បង​មីស៊ីល​ជា​ច្រើន​ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ។

បើ​ទោះបីជា​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ថា​ការ​ធ្វើ​សមយុទ្ធ​នេះ​ជា​ការ​ធ្វើ​សមយុទ្ធ​បែប​ការពារ​ខ្លួន​ក៏ដោយ ក៏​កូរ៉េ​ខាង​ជើង​បាន​ចាត់ទុក​ការ​ធ្វើ​សមយុទ្ធ​នេះ​ថា​ជា​ការ​ហាត់សម​ត្រៀម​លក្ខណៈ​ដើម្បី​ឈ្លានពាន​ខ្លួន និង​ជា​រឿយៗ​បាន​ប្រើ​សមយុទ្ធ​នេះ​ធ្វើ​ជា​ឱកាស​ដើម្បី​បង្ហាញ​អំពី​អាវុធ​របស់​ខ្លួន​និង​ធ្វើ​ការ​គំរាមកំហែង​ផ្សេងៗ​ទៀត។

នៅ​ក្នុង​ឆ្នាំ​នេះ កូរ៉េ​ខាង​ជើង​បាន​សាកល្បង​មីស៊ីល​ជាង ៣០ ដង​រួច​មក​ហើយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ផង​ដែរ ដែល​គ្រាប់​ផ្លោង​មីស៊ីល​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​សំដៅ​លើ​សហរដ្ឋ​អាមេរិក។

មន្ត្រី​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កូរ៉េ​ខាង​ជើង​អាច​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៧ នៅ​ពេល​ណា​មួយ ដែល​ការ​សាកល្បង​នេះ​អាច​បង្កើន​ភាព​តានតឹង​យ៉ាង​ខ្លាំង​នៅ​លើ​ឧបទ្វីប​កូរ៉េ។ កូរ៉េ​ខាង​ជើង​មិន​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ​តាំង​ពី​ឆ្នាំ ២០១៧ មក៕