ប្រទេសសិង្ហបុរីបានយល់ព្រមឲ្យយន្តហោះចារកម្មរបស់សហរដ្ឋអាមេរិកចុះចតលើទឹកដីខ្លួន។ នេះបង្ហាញពីការបោះ ជំហានទៅមុខមួយក្នុងសម្ព័ន្ធភាព ដែលមានអាយុកាលមួយទសវត្សរ៍រវាងប្រទេសទាំងពីរ។
នៅសប្តាហ៍ទីពីរក្នុងខែធ្នូ ប្រទេសសិង្ហបុរីបានអនុញ្ញាតឲ្យយន្តហោះចារកម្មរបស់សហរដ្ឋអាមេរិកអាចហោះហើរចេញពីដែនដីរបស់ខ្លួន។ យន្តហោះរបស់អាមេរិកប្រភេទ P-8 Poseidon ត្រូវបានបញ្ចេញពីប្រទេសសិង្ហបុរីជាលើកដំបូងចាប់ពីថ្ងៃទី៧ ដល់ទី១៤ ខែធ្នូ។
ខណៈពេលដែលការបញ្ចេញយន្តហោះលើកនេះបង្ហាញពីចំណងដ៏រឹងមាំរវាងប្រទេសទាំងពីរ លោក Wang Dong សាស្រា្តចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យប៉េកាំង បាននិយាយថា ការណ៍នេះកើតឡើងដោយសារកិច្ចសហប្រតិបត្តិការរយៈពេលរាប់ទសវត្សរ៍ទៅលើបញ្ហាសន្តិសុខ និងបញ្ហាការពារប្រទេស។
«ខ្ញុំគិតថា នេះមិនមែនជាការរីកចម្រើនភ្លាមៗនោះទេ។ វាជាផ្នែកមួយនៃការបន្តចំណងសន្តិសុខស្អិតរមួតរវាងប្រទេសសិង្ហបុរី និងសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ»។
ខណៈពេលដែលប្រទេសសិង្ហបុរី និងសហរដ្ឋអាមេរិកមិនដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារប្រទេសរួមគ្នា ចំណងរបស់ប្រទេសទាំងពីរនេះមានចាប់តាំងពីសង្គ្រាមវៀតណាម នៅពេលដែលប្រទេសសិង្ហបុរីយល់ព្រមជួសជុល និងរក្សានាវាចម្បាំងរបស់អាមេរិក។
ការណ៍នេះមានផលប្រយោជន៍ទាំងសងខាង។ វាជួយបង្កើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បន្ទាប់ពីចក្រភពអង់គ្លេសដកទ័ពចេញពីប្រទេសនេះ។ នៅក្នុងឆ្នាំបន្ទាប់ ប្រទេសសិង្ហបុរីទទួលយកឥទ្ធិពលអាមេរិកដើម្បីធ្វើជាដៃគូទប់ទល់នឹងប្រទេសចិន និងរុស្ស៊ី ក្នុងសង្គ្រាមត្រជាក់ ហើយនៅក្នុងឆ្នាំ ១៩៩០ និង១៩៩៨ ប្រទេសសិង្ហបុរីបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកដើម្បីផ្តល់ជំនួយផ្នែកសម្ភារៈដល់កងទ័ព និងយន្តហោះអាមេរិក ហើយអនុញ្ញាតឲ្យនាវាចម្បាំងអាមេរិកចូលចតនៅក្នុងមូលដ្ឋានទ័ពជើងទឹករបស់សិង្ហបុរី។
សេចក្តីសម្រេចនៅក្នុងខែធ្នូដើម្បីទទួលយន្តហោះចារកម្មរបស់អាមេរិក ជាជំហានមួយទៀតឆ្ពោះទៅកាន់ចំណងសន្តិសុខដែលកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។
លោក Carl Thayer ជាអតីតសាស្រ្តាចារ្យនៅបណ្ឌិតសភាកងទ័ពការពារប្រទេសរបស់អូស្រា្តលី។
«ផលប្រយោជន៍យុទ្ធសាស្រ្តរបស់ពួកគេ គឺត្រូវធ្វើយ៉ាងណាឲ្យសត្រូវខ្លាំងៗនានាកាន់តែមិនហ៊ានចូលមកជិតប្រទេសសិង្ហបុរី ហើយនេះសបញ្ជាក់ថា យន្តហោះ Poseidon មានសារៈសំខាន់ណាស់។ វាជាការយល់ដឹងពីបញ្ហាកងទ័ពជើងទឹក។ ពួកគេត្រូវដឹងថាតើមានបញ្ហាអ្វី ហើយអ្វីដែលអាចជាការគំរាមកំហែង ហើយនឹងមានកងទ័ពអាកាសដែលអាចធ្វើប្រតិបត្តិការភ្លាមៗ»។
សហរដ្ឋអាមេរិកក៏ប្រើប្រាស់មូលដ្ឋានទ័ពនៅក្នុងប្រទេសជប៉ុន និងហ្វីលីពីនដើម្បីធ្វើការហោះហើរស៊ើបការណ៍នៅក្នុងតំបន់ផងដែរ។
ការពង្រីកការស៊ើបការណ៍នៅក្នុងប្រទេសសិង្ហបុរី បានផ្តល់ទីតាំងមួយទៀតសម្រាប់ការហោះហើរនៅពេលដែលមានការកើនឡើងនូវភាពតានតឹងទៅលើបញ្ហាសមុទ្រចិនខាងត្បូង។
ប្រទេសចិនទាមទារយកស្ទើរតែទាំងអស់នូវផ្លូវទឹកដែលសម្បូរទៅដោយធនធាននេះ ដែលជាផ្លូវកប៉ាល់ដ៏មមាញឹកបំផុតនៅក្នុងពិភពលោក។
លោក Joseph Cheng ជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិម្នាក់ និងជាអតីតសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ City University of Hong Kong។
«ប្រទេសសិង្ហបុរីប្រឹងប្រែងរក្សាអាស៊ានជាអង្គការតំបន់កណ្តាលមួយក្នុងការរក្សាតុល្យភាពក្នុងតំបន់មួយ ជាពិសេសតាមរយៈសហរដ្ឋអាមេរិក»។
ខណៈពេលដែលប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សិង្ហបុរី សហរដ្ឋអាមេរិកនៅតែជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្ត ជាមួយនឹងទំនាក់ទំនងដែលទំនងនឹងកាន់តែជិតស្និទ្ធក្នុងពេលប៉ុន្មានឆ្នាំខាងមុខ៕
ប្រែសម្រួលដោយ៖ ប៊ុន ប៉េងហ៊ុយ